បាក់តេរី (Clostridium difficile) ជាប្រភេទបាក់តេរីបង្កជំងឺដ៏ធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិត ជាពិសេសនៅតាមក្រពះពោះវៀន។ វាបង្កអាការដូចជា រាគរ៉ាំរ៉ៃ ក្តៅខ្លួន ក្អួត ចង្អោរ និងវិលមុខជាដើម។  បាក់តេរីនេះឆ្លងពីម្នាក់ទៅម្នាក់ភាគច្រើនក្នុងទម្រង់ជាពងដែលចេញមកក្រៅតាមលាមក។  ក្រោមទម្រង់ជាពងវាងាយនឹងឆ្លងរាលដាល តាមរយៈការលាងដៃមិនស្អាតក្រោយចេញពីបន្ទប់ទឹក ឬប៉ះពាល់ជាមួយផ្ទៃនៃវត្ថុឬរបស់ ដែលប្រលូកប្រលាក់ជាមួយនឹងលាមក។ ដោយសារភាពធន់របស់វាជាមួយនឹងសីតុណ្ហភាពក្តៅនិងត្រជាក់ខ្លាំង និងសារធាតុគីមីផ្សេងៗទៀតនោះ ទើបពងនៃបាក់តេរីប្រភេទនេះ អាចអត់ធន់នៅលើផ្ទៃទាំងឡាយណាដែលត្រូវបានធ្វើការសម្អាតក៏ដោយ។

ជាក់ស្តែងការសិក្សាថ្មីរបស់ក្រុមស្រាវជ្រាវនៃជំងឺឆ្លងពីសាកលវិទ្យាល័យ De Montfort បានបង្ហាញឲ្យដឹងថា ពងនៃបាក់តេរីនេះ (Clostridium) នៅតែអាចរស់លូតលាស់នៅតាមកម្រាលពូកអ្នកជំងឺនៅតាមមន្ទីរពេទ្យ បើទោះបីជាគេបានធ្វើការសម្អាតយ៉ាងខ្លាំងក្លាក្តីដោយប្រើនូវកម្តៅ និងសារធាតុគីមី ដើម្បីកំចាត់ពពួកអតិសុខុមប្រាណដែលកាចសាហាវ។

ក្រុមស្រាវជ្រាវខាងលើនេះបានសាកល្បងតេស្តទៅលើកម្រាលពូកដែលអ្នកជំងឺប្រើប្រាស់រួច ដោយយកមកសម្អាតតាមបែបស្តង់ដារ ដែលមន្ទីរទូទៅអនុវត្តដើម្បីសម្លាប់មេរោគ។

ប៉ុន្តែអ្វីដែលគេរកឃើញនោះជារឿងមួយគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គេបានយកកម្រាលពូកដែលអ្នកជំងឺដែលមានបាក់តេរី Clostridium នេះ យកមកស្រាវជ្រាវ ដោយជាដំបូងធ្វើការពិនិត្យឃើញថា លើផ្ទៃក្រឡា ២៥សង់ទីម៉ែត្រការ៉េ គឺមានបាក់តេរីនេះចំនួនប្រហែល ៥១យូនីត ហើយបន្ទាប់ពីធ្វើការបោកសម្អាតយ៉ាងម៉ត់ចត់ សម្ងួត និងប្រើប្រាស់កម្តៅរួច គេឃើញថាទំហំផ្ទៃដដែលនោះ បាក់តេរីនៅសល់ត្រឹមតែ៣៣យូនីតប៉ុណ្ណោះ។ ពោលគឺការសម្អាតដែលគេប្រើប្រាស់បែបស្តង់ដារនេះ អាចសម្លាប់បាក់តេរី Clostridium ដែលតោងនៅតាមកម្រាលពូក បានត្រឹមតែ ៤០% ប៉ុណ្ណោះ។

លទ្ធផលនៃការស្រាវជ្រាវនេះ ជាក្តីបារម្ភយ៉ាងខ្លាំងចំពោះមន្ទីរព្យាបាលដែលភាគច្រើនតែងតែប្រើប្រាស់ស្រោមពូក ខ្នើយ ឬ ផួយ បោកសម្អាតប្រើប្រាស់ឡើងវិញ ពីព្រោះវាអាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ និងអាចដល់អាយុជីវិតចំពោះអ្នកជំងឺ ដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ បើទោះបីវាពុំជាបញ្ហាចំពោះអ្នកជំងឺ ឬបុគ្គលផ្សេងៗដែលមានអង់ទីគ័ររាងកាយរឹងមាំក៏ដោយចុះ។

បើទោះបីជាយ៉ាងណា ការអន្តរាគមរកដំណោះស្រាយនៃបញ្ហានេះនឹងពុំទាន់មានច្បាស់នៅឡើយ ដរាបណាទាល់តែមានការសិក្សាថ្មីៗបញ្ជាក់ឲ្យកាន់តែច្បាស់អំពីបញ្ហាមួយនេះបន្ថែមទៀត៕

ដំណើរការនៃការបោកសម្អាត កម្រាលពុក ផួយ​ និង ខ្នោយ របស់មន្ទិរពេទ្យ
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]