ថៃ៖ យោងតាមសារព័ត៌ថៃ បានចុះផ្សាយកាលពីថ្មីៗនេះឲ្យដឹងថា អ្នកទេសចរបរទេស ២នាក់ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ នៅក្នុងប្រទេសថៃ បន្ទាប់ពីពួកគេបានបំផ្លិចបំផ្លាញជញ្ជាំង ដែលមានអាយុកាលជាង ៨០០ ឆ្នាំមក។

លោក Lee Furlong និង Brittney Schneider

តាមប្រភពបានឲ្យដឹងថា បុរសសញ្ជាតិអង់គ្លេសម្នាក់មានឈ្មោះថា Lee Furlong និងបុរសសញ្ជាតិកាណាដាម្នាក់ទៀតឈ្មោះ Brittney Schneider វ័យ ២៣ ឆ្នាំដូចគ្នា ត្រូវបានចាប់ខ្លួននៅឯសណ្ឋាគារមួយកន្លែង ក្នុងទីក្រុងឈៀងម៉ៃ ប្រទេសថៃ កាលពីថ្ងៃសុក្រកន្លងទៅនេះ។

តាមរយៈវីដេអូឃ្លីប ថតជាប់ដោយកាម៉េរាសុវត្ថិភាព បានបង្ហាញឲ្យឃើញ មនុស្ស ៤ នាក់ ក្នុងនោះមានពួកគេ ២ នាក់កំពុងតែធ្វើសកម្មភាពបាញ់ថ្នាំពណ៌លើជញ្ជាំង Tha Phae Gate ដែលជាកន្លែងប្រវត្តិសាស្រ្តរបស់ប្រទេសថៃកាលពីវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

សកម្មភាពពួកគេកំពុងតែបាញ់ពណ៌លើជញ្ជាំង

គួរបញ្ជាក់ផងដែរថា លោក Furlong បានសរសេរអក្សរ “Scouser” ដែលសំដៅទៅឈ្មោះមនុស្សដែលរស់នៅក្នុងទីក្រុង Liverpool នៅលើជញ្ជាំងនេះ។ ចំណែកឯលោក Schneider វិញ បានសរសេរអក្សរ “B” នៅខាងក្រោមពាក្យ “Scouser” នេះផងដែរ។

អក្សរដែលពួកគេបានបាញ់

យ៉ាងណាមិញ ប៉ូលិសក៏បានចាប់ខ្លូនពួកគេទាំងពីរ ហើយថាពួកគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ និងត្រូវពិន័យប្រាក់រហូតដល់ ១ លានបាត (ប្រហែល ៣០,៦៧០ ដុល្លារអាមេរិក) ផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]