ការសិក្សាអំពីឥទ្ធិពលរបស់កាហ្វេអ៊ីនទទួលបានពីការផឹកកាហ្វេ ត្រូវបានគេធ្វើការសន្និដ្ឋានថា វាបានជួយដល់ការកាត់បន្ថយហានិភ័យនៃជំងឺសើរស្បែកមួយប្រភេទ (Rosacea)  ជាប្រភេទជំងឺស្បែករ៉ាំរ៉ៃពិបាកព្យាបាលដែលមានរោគសញ្ញាឡើងក្រហមជាំនៅលើមុខ (ដូចជារាងមេអំបៅ) មានឡើងមុន ឃើញមានសរសៃឈាមល្អិតតូចៗលេចចេញលើស្បែក និងលក្ខណៈរបស់ស្បែកមានការប្រែប្រួលខ្លាំង។

អាការជំងឺសើរស្បែក Rosacea

នេះបើយោងទៅតាមការស្រាវជ្រាវលើសំណាកជាង ៨២ ៧៣៧នាក់អស់រយៈពេល១៤ឆ្នាំ ដឹកនាំដោយសាស្ត្រាចារ្យ Wen-Qing Li នៅឯសាកលវិទ្យាល័យប្រោន បានបង្ហាញឲ្យឃើញថា ក្រុមសំណាកដែលធ្វើការទទួលទានកាហ្វេជាមធ្យម ២ ទៅ ៣កែវក្នុងមួយថ្ងៃអំឡុងពេលសិក្សា គឺបង្ហាញហានិភ័យនៃការបង្កជំងឺសើរស្បែករុំារ៉ៃធ្លាក់ចុះ ២៣% បើប្រៀបធៀបជាមួយក្រុមសំណាកដែលពុំសូវនិយមពិសាកាហ្វេ (១ដងក្នុងមួយសប្តាហ៍)។

ការសិក្សាអស់រយៈពេលជាង ១ទសវត្សរ៍កន្លះនេះ ផ្តោតយ៉ាងសំខាន់លើរបបអាហារ ដែលក្រុមសំណាកហូបជាប្រចាំ។  ជាក់ស្តែងគេបានធ្វើការសួរសំណួរជាច្រើនទាក់ទងជាមួយនឹងភេសជ្ជៈដែលពួកគេទទួលទានប្រចាំថ្ងៃ ដូចជា តែ កាហ្វេ គ្រឿងស្រវឹង ភេសជ្ជៈកាហ្វេអ៊ីនផ្សេងៗទៀតជាដើម។

ជាលទ្ធផល គេឃើញថាមានតែសារធាតុកាហ្វេអ៊ីនទទួលបានពីកាហ្វេមួយគត់ ដែលមានឥទ្ធិពលវិជ្ជមានបង្ការពីជំងឺសើរស្បែករុំារ៉ៃមួយនេះ(Rosacea)។ គេពុំទាន់ដឹងច្បាស់នៅឡើយអំពីមូលហេតុនៃឥទ្ធិពលរបស់កាហ្វេ។ ប៉ុន្តែគេធ្វើការប្រមាណថា ទំនងជាមកពីសារធាតុកាហ្វេអ៊ីន និងសារធាតុពិសេសៗផ្សេងទៀតនៅក្នុងកាហ្វេ ដែលជួយដល់ការបំបាត់ និងបង្ការអាការនៃជំងឺសើរស្បែកមួយនេះ តាមរយៈមេកានិចជីវសាស្ត្រមួយចំនួនដូចជា មេកានិចប្រឆាំងនឹងការរលាក និងការបង្រួមសរសៃឈាមដែលសុទ្ធតែជាកត្តាជួយកាត់បន្ថយនូវអាការបញ្ហាស្បែកមុខ៕

អាការជំងឺសើរស្បែក Rosacea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]