ផ្លែសាវម៉ាវ ជាផ្លែឈើដ៏ពេញនិយមហូប មិនថាក្នុងប្រទេសយើងនោះទេ  បណ្តាប្រទេសអាស៊ីផ្សេងៗទៀតក៏មានភាពពេញនិយមខ្លាំងណាស់ដែរ។ គេនិយមហូបជាបង្អែមសម្រន់សម្រាប់លាងមាត់បន្តិចបន្តួចក្រោយបរិភោគអាហាររួច ឬក៏បរិភោគលេង។

អ្នកដឹងទេថា ផ្លែសាវម៉ាវជាប្រភពនៃសារធាតុចិញ្ចឹមយ៉ាងច្រើនសម្បូរបែប រាប់តាំងពី វីតាមីនជាច្រើនប្រភេទ សារធាតុរ៉ែ សារធាតុសរសៃ និងជាពិសេសវាគ្មាននូវសារធាតុកូលេស្តេរ៉ុល និងផ្តល់នូវកាឡូរីតិចតួចមែនទែន ដែលជាហេតុធ្វើឲ្យវាជាអាហារសម្រាប់ការសម្រកទម្ងន់បានយ៉ាងប្រសើរ។

ខាងក្រោមជាហេតុផលមួយចំនួន ដែលធ្វើឲ្យផ្លែសាវម៉ាវ ជាផ្លែឈើសម្រាប់អ្នកចង់សម្រកទម្ងន់៖

១. បង្កើនមេតាបូលីស (ប្រតិកម្មគីមី) របស់កោសិកា

នេះជាមេកានិចមួយដ៏សំខាន់ខ្លាំងរបស់កោសិកាដែលមិនអាចខ្វះបានឡើយ។ ខ្លួនប្រាណយើងបានបង្កឡើងពីកោសិការាប់មិនអស់ ដែលបានធ្វើនូវមេតាបូលីសមិនចេះឈប់ឈរឡើយដោយប្រើប្រាស់នូវសារធាតុស្ករ ខ្លាញ់ និងប្រូតេអ៊ីន ដើម្បីផលិតនូវថាមពលសម្រាប់ដំណើរការទាំងឡាយរបស់រាងកាយ។

ដូច្នេះការហូបផ្លែសាវម៉ាវជាប្រចាំនឹងជួយពង្រឹងបន្ថែមនូវមេតាបូលីសនៃកោសិកាទាំងឡាយរបស់រាងកាយ ដែលជាកត្តាដ៏សំខាន់ក្នុងការកាត់បន្ថយសារធាតុស្ករលើសក្នុងឈាម និងខ្លាញ់លើសមានក្នុងជាលិកាជាដើម។ នេះក៏ដោយសារកោសិកាធ្វើការស្រូប និងប្រើប្រាស់សារធាតុចិញ្ចឹមនៃថាមពលបានប្រសើរខ្លាំងជាងមុន។ វាល្អយ៉ាងខ្លាំងសម្រាប់អ្នកចង់ធ្វើការសម្រកទម្ងន់។

ផ្លែសាវម៉ាវ

២. មានកាឡូរីតិចតួច

អាហារដែលសម្បូរដោយកាឡូរីភាគច្រើនសុទ្ធតែជាអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ផ្តល់ថាមពលឲ្យកោសិកា។ ប៉ុន្តែនៅពេលដែលការប្រើប្រាស់នៃថាមពលទាំងនោះរបស់កោសិកាយើងមិនសមមាត្រ និងតិចជាងថាមពលដែលទទួលបាន  ជាហេតុធ្វើឲ្យថាមពលលើសត្រូវស្តុកទុកជាទម្រង់ផ្សេងៗដូចជា គ្លីកូសែន និងជាពិសេសកោសិកាខ្លាញ់នេះឯង។

ប៉ុន្តែផ្លែសាវម៉ាវជាប្រភេទផ្លែឈើផ្ទុកនូវកាឡូរីតិចខ្លាំងបំផុត ដែលធ្វើឲ្យវាជាអាហារសម្រាប់អ្នកសម្រកទម្ងន់យ៉ាងប្រសើរ។

ផ្លែសាវម៉ាវ

៣. ពុំមានសារធាតុកូលេស្តេរ៉ុលឡើយ

សារធាតុកូលេស្តេរ៉ុល មិនត្រឹមនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងចំពោះសរសៃឈាម ដូចជាបណ្តាលឲ្យស្ទះ ប៉ះពាល់ដល់បេះដូង និងប្រព័ន្ធប្រសាទជាដើម វាក៏ជាប្រភពនៃសារធាតុខ្លាញ់មួយប្រភេទដែលអាចរកបាននៅក្នុងរាងកាយយើងផងដែរ។

ផ្ទុយមកវិញ ផ្លែសាវម៉ាវជាផ្លែឈើគ្មានសារធាតុកូលេស្តេរ៉ុលសោះ ដែលជាជម្រើសដ៏ល្អខ្លាំងសម្រាប់អ្នកចង់សម្រកទម្ងន់។ ពីព្រោះវាមិនត្រឹមផ្តល់ថាមពលតាមរយៈជាតិផ្អែមប៉ុណ្ណោះទេ ថែមទាំងមិនបង្កើនកម្រិតជាតិកូលេស្តេរ៉ុល និងកាឡូរីទៀតផង៕

ផ្លែសាវម៉ាវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]