(កំពង់ធំ)៖ ម្ចាស់រថយន្តម៉ាកហ៊ីយ៉ិនដាយធន់ធំមួយគ្រឿង បើកបរក្នុងស្ថាភាពងងុយដេកក៏បានរេចង្កួត ជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង រួចបន្តទៅបុករទេះក្របី ក្នុងទិសដៅស្របពីជើងទៅត្បូង បណ្តាលឱ្យស្លាប់មនុស្ស២នាក់ និង២នាក់របួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ិនដាយ (ផ្លូវបី) ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A.7250 បើកបរដោយឈ្មោះ រឿន វណ្ណេត ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិចុងកៅស៊ូ ឃុំស្លក្រាម ក្រុងសៀមរាម ខេត្តសៀមរាប (នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង) ។

ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ពុធ ធីតា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរឈ្មោះ ហ៊ាន តន ភេទស្រី អាយុ៧៤ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព)។ ចំណែករទេះក្របី បរដោយឈ្មោះ កង ញន ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ របួសធ្ងន់ អ្នករួមដំណើរឈ្មោះ ហ៊ីង លី ភេទស្រី អាយុ ៦៤ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ (ស្លាប់នៅមណ្ឌលសុខភាពបង្អែកស្ទោង)។

សមត្ថកិច្ចដដែលបានឱ្យដឹងទៀតថា មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្ត បើកបរក្នុងស្ថានភាពងងុយដេក ហើយមានល្បឿនលឿន និងមិនប្រកាន់គន្លងរបស់ខ្លួន ចូលទៅបុកក្នុងគន្លងម៉ូតូ និងរទេះក្របី។ ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកវត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ឯអ្នកស្លាប់បានប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]