នៅព្រឹកថ្ងៃទី១៧ ខែតុលានេះ នៅស្ថានីយទូរទស្សន៍ភីអិនអិនមានរៀបចំពិធីក្រុងពាលីដំណើរការថតរឿងភាគខ្មែរថ្មីមួយរឿងទៀតហើយគឺរឿង «តួគេ ខ្ញុំសម្តែង» ក្រោមការនិពន្ធ និងដឹកនាំដោយលោកស្រី ពាន់ ភួងបុប្ផា និងបានប្រគល់សិទ្ធទៅអោយផលិតកម្ម Power Film Production។ 

រឿង «តួគេ ខ្ញុំសម្តែង» មានការចូលរួមសម្តែងទាំងតារាជំនាន់ចាស់ និងជំនាន់ថ្មីជាច្រើនរូបដូចជា លោក អេតវីន កញ្ញា មុន្នី វិច្ឆរ៉ា លោក សុភ័ក្រ្ត រិទ្ធ កញ្ញា សូដា នីតា លោក សេង រតនៈ កញ្ញា ឃីម ឈុនសុធារ៉ា កញ្ញា វណ្ណៈបរមី រួមនិងតារាសិល្បៈជាច្រើនរូបទៀត។ 

ពិធីក្រុងពាលីរឿង «តួគេ ខ្ញុំសម្តែង»
ពិធីក្រុងពាលីរឿង «តួគេ ខ្ញុំសម្តែង»
ពិធីក្រុងពាលីរឿង «តួគេ ខ្ញុំសម្តែង»

សម្រាប់ការជ្រើសរើសយករឿង «តួគេ ខ្ញុំសម្តែង» មកចាក់ផ្សាយនៅប៉ុស្តិ៍ភីអិនអិននេះដែរ ត្រូវបាន កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីផ្សាយនៃស្ថានីយទូរទស្សន៍ភីអិនអិនពន្យល់ថា៖ 

«ចំពោះរឿង តួគេ ខ្ញុំសម្តែងនេះ គឺជារសជាតិថ្មីមួយបែបទៀត ដែលបានបង្ហាញពីមនោសញ្ចេតនា ស្នេហា វាយប្រហារ ច្រណែនឈ្នានីសរួមបញ្ចូលគ្នា ជាពិសេសគឺបានបង្កប់នូវសារអប់រំដល់សង្គមគ្រួសារ ដោយតួអង្គប្រុសគឺជាបងប្អូនភ្លោះ ម្នាក់មានវាសនាបានទៅរស់នៅក្នុងរាជវាំង និងម្នាក់ទៀតរស់នៅក្នុងគ្រួសារអ្នកក្រ។ តួអង្គប្រុសដែលរស់នៅក្នុងគ្រួសារអ្នកក្រ ព្រោះតែជីវិតខ្លួនកំព្រាគ្មានទីពឹង ត្រូវតស៊ូដើម្បីអនាគត ខុសពីគ្រួសារអ្នកមានទ្រព្យ មានអ្វីៗគ្រប់តែដោយសារភាពអាត្មានិយមរៀងៗខ្លួន ធ្វើអោយគេបាត់បង់នូវក្តីស្រលាញ់ ការអត់អោន និងយោគយល់គ្នាក្នុងគ្រួសារ ទីបញ្ចប់រូបគេជាអ្នកផ្សះផ្សាទំនាស់គ្រួសារនេះ ដោយប្រើនូវអំពើល្អ ចិត្តមេត្តា និងសេចក្តីព្យាយាមរបស់គេ។ មិនត្រឹមតែបង្កប់ន័យអប់រំក្នុងគ្រួសារនិងសង្គមប៉ុណ្ណោះទេ រឿងមួយនេះអ្នកនិពន្ធរបស់យើង សៀតបញ្ចូលនូវវប្បធម៍របស់ខ្មែរ ដោយតម្រូវអោយតួអង្គប្រុសដើរតួជាអ្នកលេងល្ខោន»។

កញ្ញាបន្តថា៖

«រឿង តួគេ ខ្ញុំសម្តែង ហាក់មានការលំបាកក្នុងការផលិតជាងរឿងមុនៗ ដោយសារតែមានឈុតធំៗច្រើន និងមានតួថ្មីៗច្រើនចូលរួមសម្តែង ដោយត្រូវចំណាយពេល ធ្វើការហាត់សមយូរ ប៉ុន្តែភីអិនអិនមានភាពជឿជាក់លើស្នាដៃនិពន្ធនិងដឹកនាំការសម្តែងរបស់អ្នកស្រីពាន់ ភួងបុប្ផា ដោយសារតែអ្នកស្រីគឺជាអ្នកនិពន្ធ និងដឹកនាំរឿងជើងចាស់ និងបានដាក់ក្តីរំពឹងថាអាចទទួលបានអ្នកគាំទ្រច្រើន»។

រឿង «តួគេ ខ្ញុំសម្តែង» ជឿជាក់ថានឹងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន មិនចាញ់រឿងភាគខ្មែរមុនៗ ព្រោះរឿងនេះប្រជុំទៅដោយឈុតឆាកប្លែកៗ រួមជាមួយសមត្ថភាពរបស់តួអង្គនីមួយៗដែលត្រូវបានឆ្លងកាត់ធ្វើតេសការសម្តែងយ៉ាងសម្រិតសម្រាំងបំផុត។

ភីអិនអិនមិនត្រឹមតែបានលើកស្ទួយខ្សែភាពយន្តក្នុងស្រុកឲ្យមានគុណភាព ថែមទាំងព្យាយាមបង្កើតនូវរឿងភាគខ្មែរដែលបង្ហាញនូវសារអប់រំ និងលើកស្ទួយវប្បធម៌ដល់ទស្សនិកជនថែមទៀតផង៕  

ពិធីក្រុងពាលីរឿង «តួគេ ខ្ញុំសម្តែង»
ពិធីក្រុងពាលីរឿង «តួគេ ខ្ញុំសម្តែង»
ពិធីក្រុងពាលីរឿង «តួគេ ខ្ញុំសម្តែង»
ពិធីក្រុងពាលីរឿង «តួគេ ខ្ញុំសម្តែង»
ពិធីក្រុងពាលីរឿង «តួគេ ខ្ញុំសម្តែង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]