អវកាស៖ ដូចដែលបានលាតត្រដាងដោយបេសកកម្មជាច្រើន ក្នុងអំឡុងពីរបីទសវត្សរ៍ចុងក្រោយនេះរួចមកហើយថា ភពសុក្រ ជាកន្លែងប្រៀបដូចពិភពនរកដែលមានភ្លើងឆេះកាល បរិយាកាសមានជាតិពុល-ជាតិកាត់ និងសម្ពាធខ្លាំងលើផ្ទៃដី។ ថ្វីបើបែបនេះក្តី អង្គការណាសា កំពុងរៀបចំបេសកកម្ម គោលគំនិតនៃប្រតិបត្តិការលើភពសុក្រក្នុងរយៈកម្ពស់ខ្ពស់ (HAVOC) ដើម្បីបញ្ជូនមនុស្សទៅភពនេះ។ 

ភពសុក្រ និងផែនដី

តើបេសកកម្ម HAVOC អាចទៅរួចទេ? គួរឱ្យដឹងថា ផ្ទៃដីនៃភពនេះមានសីតុណ្ហភាព ៤៦០ ដឺក្រេ ដែលក្តៅជាងភពពុធទៅទៀត ទោះជាស្ថិតនៅឆ្ងាយជាងព្រះអាទិត្យប្រមាណពីរដងក៏ដោយ។ កម្តៅកម្រិតនេះអាចរំលាយប៊ីស្មុត (ធាតុគីមីម្យ៉ាង) និងសំណ ឱ្យរលាយហើយស្រក់ចុះមកដូចដំណក់ព្រិលលើមេឃបាន។ ម្យ៉ាងទៀត ផ្ទៃដីពោរពេញទៅដោយភ្នំធំៗប៉ុនទ្វីប ថ្មបាសាល់ ភ្នំភ្លើង និងថ្មដុំៗ សូម្បីសណ្ឋានដីក៏មានលក្ខណៈថ្មី ព្រោះវារងមហន្តរាយជាញឹកញាប់ដោយសារកម្តៅពីស្រទាប់ក្រោម ដែលរំលាយផ្ទៃដីនៅស្រទាប់លើ។ ដូច្នេះច្បាស់ណាស់ វាជាកន្លែងដ៏គួរឱ្យខ្លាចចំពោះគ្រប់គ្នា!

សណ្ឋានដីភពសុក្រ

សំណាងល្អ គំនិតសំខាន់នៃបេសកកម្មដ៏អស្ចារ្យនេះ គឺមិនមែនបញ្ជូនមនុស្សទៅផ្ទៃដីដែលមិនអាចរស់នៅបាននោះឡើយ ប៉ុន្តែពួកគេនឹងប្រើបរិយាកាសដែលមានកំហាប់ក្រាស់ ធ្វើជាមូលដ្ឋានក្នុងការរុករកទៅវិញទេ ហើយបេសកកម្មមួយនេះពិតជាអាចទៅរួចជាមួយបច្ចេកវិទ្យាបច្ចុប្បន្ន។ បើតាមផែនការគេត្រូវប្រើយានពោងខ្យល់ ដែលអាចអណ្តែតនៅបរិយាកាសស្រទាប់លើក្នុងរយៈពេលយូរ។

រូបតំណាងយានពោងខ្យល់លើភពសុក្រ

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺស្រទាប់នេះជាទីតាំងដែលមានបរិយាកាស ដូចទៅនឹងបរិយាកាសផែនដីបំផុត ក្នុងចំណោមទីតាំងទាំងអស់ក្នុងប្រព័ន្ធព្រះអាទិត្យ។ ក្នុងរយៈកម្ពស់ចន្លោះពី ៥០ ទៅ ៦០ គីឡូម៉ែត្រ សម្ពាធនិងសីតុណ្ហភាពមានលក្ខណៈស្រដៀងទៅនឹងបរិយាកាសស្រទាប់ក្រោមរបស់ផែនដី ហើយសម្ពាធខ្យល់ក្នុងកម្ពស់នេះគឺប្រហែលស្មើនឹងពាក់កណ្តាលនៃសម្ពាធខ្យល់នៅកម្ពស់ទឹកសមុទ្រលើផែនដីដែរ។ និយាយឱ្យចំគឺគេមិនចាំបាច់ពាក់ឈុតអវកាសការពារសម្ពាធឡើយ ហើយក៏មិនត្រូវការឈុតការពារកម្តៅអ្វីដែរ ព្រោះសីតុណ្ហភាពនៅទីតាំងនេះមានចន្លោះពី ២០ ទៅ ៣០ អង្សាប៉ុណ្ណោះ។ បន្ថែមពីនេះក្នុងរយៈកម្ពស់ដូចបញ្ជាក់ខាងលើ បរិយាកាសមានកំហាប់ក្រាស់ល្មម ដែលអាចការពារអវកាសយានិកពីប្រតិកម្មនៃវិទ្យុសកម្មអ៊ីយ៉ុងក្នុងលំហអាកាសបាន។ 

បរិយាកាស និងពពកលើភពសុក្រ

ខាងក្រោមនេះជាដំណាក់កាលទាំង៥ នៃបេសកកម្ម៖

ទី១៖ ការរុករកដោយប្រើមនុស្សយន្ត/គ្រឿងយន្ត

ទី២៖ ហោះក្រឡឹងជុំវិញគន្លងគោចរ ៣០ ថ្ងៃ ដោយមានមនុស្ស

ទី៣៖ ហោះចូលទៅក្នុងបរិយាកាស ៣០ ថ្ងៃ ដោយមានមនុស្ស

ទី៤៖ ហោះចូលទៅក្នុងបរិយាកាស ១ ឆ្នាំ ដោយមានមនុស្ស

ទី៥៖ បញ្ជូនមនុស្សទៅ ឱ្យមានវត្តមានជាអចិន្ត្រៃយ៍

ដំណាក់កាលនៃបេសកកម្ម

គួរឱ្យដឹងថា បេសកកម្មបង្កើតក្រុងនៃយានពោងខ្យល់ ដែលបញ្ចូលអុកស៊ីសែន និងនីត្រូសែនដើម្បីឱ្យវាអណ្តែតលើបរិយាកាសភពសុក្រនេះ នឹងជាមធ្យោបាយក្នុងការពិសោធន៍អំពីលំនាំបរិយាកាសអាក្រក់ខ្លាំង ដែលយូរឆ្នាំទៅមុខទៀតផែនដីយើងអាចនឹងវិវត្តដល់ដំណាក់កាលនោះ ហើយប្រសិនបើវាអាចកើតឡើងមែន អ្នកវិទ្យាសាស្ត្រក៏អាចរកវិធីដោះស្រាយបានមុនហេតុការណ៍អាក្រក់កើតឡើងផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]