ខេត្តបាត់ដំបង ៖ បុរសដែលមានគំនិតទុច្ចរិតម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនវ៉ៃខ្នោះភ្លាមៗ ក្រោយពីប៉ុនប៉ងសម្លាប់គូសត្រូវរបស់ខ្លួន ដែលនៅផ្ទះក្បែរខាងមិនបានសម្រេច កាលពីវេលាម៉ោង០១ និង៣០នាទីរសៀលថ្ងៃទី១៤តុលា នៅចំណុចភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។
លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្តបានឲ្យដឹងថា ជនសង្ស័យដែលប៉ងសម្លាប់មនុស្សមិនបានសម្រេចនោះ ឈ្មោះចំរើន ឆេងឡា ប្រុសអាយុ២៩ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ។ លោកបានប្រាប់ថា ជននេះត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនក្រោយពីបង្កហិង្សា និងព្យាយាមបំផ្ទុះកំប៉ុងហ្គាសនៅក្នុងផ្ទះស្ត្រីម្នាក់ ដែលនៅក្បែរគ្នាមិនបានសម្រេច។
លោកជេត វណ្ណនី បានប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះម៉ៅ វណ្ណី អាយុ៣៥ឆ្នាំ រស់នៅចំណុចកើតហេតុ និងមានផ្ទះនៅក្បែគ្នាជាមួយជនសង្ស័យ ។ លោកបានបញ្ជាក់ថា ជនសង្ស័យរូបនេះ បានយកកំប៉ុងហ្គាសរុំស្កុតខ្មៅភ្ជាប់ជាមួយគ្រាប់ផាវ រួចដុតបោះចូលក្នុងផ្ទះស្ត្រីរងគ្រោះ តែសំណាងល្អម្ចាស់ផ្ទះឃើញទាន់ ក៏ជះទឹកពន្លត់ ប៉ុន្តែជនដៃដល់នេះមិនស្ងប់ចិត្តទេ ភ្លាមៗនោះ ក៏រត់ទៅយកកូនកាំបិតស្ទុះទៅគំរាមចាក់សម្លាប់ស្ត្រីរងគ្រោះថែមទៀត តែមិនបណ្ដាលឲ្យរងរបួស។
បើតាមការបំភ្លឺពីស្ត្រីរងគ្រោះឈ្មោះម៉ៅ វណ្ណី បានប្រាប់សមត្ថកិច្ចថា រូបគាត់និងជនទុច្ចរិតឈ្មោះឆេងឡា (ជនសង្ស័យ) រូបនេះធ្លាប់មានជម្លោះជាមួយគ្នាញឹមញ៉ាប់ណាស់ ព្រោះផ្ទះនៅជាប់គ្នា។ គាត់និយាយទៀតថា នៅថ្ងៃកើតហេតុរូបគាត់កំពុងអង្គុយលាងចានម្នាក់ឯងនៅក្នុងផ្ទះ ស្រាប់តែសុខៗឃើញកំប៉ុងហ្គាសហោះមកធ្លាក់នៅក្បែខ្លួនគាត់ ដែលមានផ្សែងហុយទ្រលោមផង ហើយគាត់ក៏ស្ទុះយកទឹកសាប៊ូលាងចានទៅជះពន្លត់តែម្ដង។
អ្នកស្រីម៉ៅ វណ្ណី បានប្រាប់ថា កំប៉ុងហ្គាសដែលមានរុំស្កុតខ្មៅភ្ជាប់ជាមួយផាវគប់ចូលផ្ទះគាត់នោះ គឺជារបស់ជនទុច្ចរិតឈ្មោះឆេងឡា នេះតែម្ដងដែលប៉ុនប៉ងសម្លាប់គាត់។ ស្ត្រីរូបនេះបានបញ្ជាក់ថា ក្រោយពេលគាត់ជះទឹកពន្លត់កំប៉ុងហ្គាសនោះ ស្រាប់តែភ្លាមនោះឈ្មោះឆេងឡា បានកាន់កូនកាំបិតចុងស្រូចក្នុងដៃស្ទុះចេញពីក្នុងផ្ទះមកគំរាមចាក់សម្លាប់គាត់ទៀត តែមិនបានសម្រេច ហើយពេលនោះគាត់ក៏ស្រែកផ្អើលអ្នកភូមិ និងរាយការណ៏ប្ដឹងទៅសមត្ថកិច្ចតែម្ដងទៅ។
លោកជេត វណ្ណនី ស្នងការរងខេត្ត បានថ្លែងថា កំប៉ុងហ្គាសដែលជនសង្ស័យឈ្មោះចំរើន ឆេងឡា រុំស្កុតខ្មៅភ្ជាប់ជាមួយផាវដុតបោះចូលផ្ទះស្ត្រីរងគ្រោះនោះ ប្រសិនបើផ្ទុះអាចបង្កគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ ហើយថែមទាំងអាចឆេះផ្ទះគ្មានសល់ទៀតផង។ លោកបានបញ្ជាក់ថា នេះជាការប៉ុនប៉ងសម្លាប់មនុស្សដោយចេតនា តែមិនបានសម្រេចដោយសារតែម្ចាស់ផ្ទះទប់ស្កាត់ទាន់ពេលវេលា។ ពេលនេះមន្ត្រីការិយាល័យជំនាញកំពុងសួរនាំជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនដែលមានគំនិតទុច្ចរិតនេះទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់ហើយ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]