(ភ្នំពេញ​)៖​ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត​ Highlander មួយគ្រឿង បើកបរដោយនារីម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នា​ ក៏ជ្រុលចង្កូតទៅបុកផ្ទប់ជាមួយម៉ូតូ PCX បណ្ដាលឲ្យអ្នកបើកម៉ូតូទៅបោកផ្ទប់​ នឹងបង្គោលភ្លើង ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង​ កាលពីវេលាម៉ោង​ ៩៖០០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨​ នៅតាមបណ្ដោយផ្លូវ១០៧ ត្រង់ចំណុចមុខផ្ទះសំណាក់ "ណាយ" ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះ​មានឈ្មោះ ថៃ​ ហួ​រ ភេទប្រុស​ អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧៣E3z ផ្លូវ២១៧ ភូមិ៣​ សង្កាត់អូរឫស្សី​៣ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ មានស្រុកកំណើត​នៅខេត្តព្រៃវែង។​ រីឯនារីដែលជាម្ចាស់រថយន្តបង្កនោះ​ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។

តាមសំដីរបស់សមត្ថកិច្ចបានប្រាប់ឲ្យភ្នាក់ងារ Fresh News ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត​ មួយគ្រឿង​ ម៉ាក​ Highlander​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-8356​ បានធ្វើដំណើរក្នុងទិសដៅ​ពីត្បូងទៅជើង​ បញ្ច្រាសទិសដៅចរាចរណ៍គ្នាជាមួយម៉ូតូ​ មួយគ្រឿង​ ម៉ាក​ PCX ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GM-6079 ដោយធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង​ លុះពេលមកដល់ចំណុចកើតហេតុជិតផ្ទះសំណាក់​ «ណាយ» ស្រាប់តែរថយន្កបង្កបានបើកគេចម៉ូតូកង់បី​ ក៏ជ្រុលចង្កូតទៅបុកជាមួយម៉ូតូរងគ្រោះយ៉ាងពេញទំហឹង រួចអូសទាំងអ្នកបើកបរម៉ូតូទៅជាមួយដោយបុកផ្ទប់បង្គោលភ្លើង​ បណ្តាលឲ្យមុតចំបំពង់កស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។​

ក្រោយកើតហេតុ​ នារីដែលបើកបររថយន្តបង្កខាងលើ​ បានរត់គេចខ្លួនបាត់ពីកន្លែង​ ដោយបន្សល់ទុកតែរថយន្តបង្ក​នៅនឹងកន្លែងកើតហេតុ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុរួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកកន្លែងកើតហេតុធ្វើការវាស់វែង​យករថយន្តបង្ក​ នឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕​

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]