ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​មួយ​បាន​កើតឡើង ខណៈ​ជនសង្ស័យ​រំលោភ​អារ​.​ក​សម្លាប់​ក្មេង​ស្រី​រង​គ្រោះ​នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ផ្ទះ កាលពី​រសៀល​ថ្ងៃ​ទី​១៣ តុលា នៅ​ចំណុច​ភូមិ​អូរ​តា​មែ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ តែ​ជន​ជា​ឃាតករ​ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ​ផង​ដែរ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ឈ្មោះ​ជិន ជឿន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ស្រុក​បា​រ៉ា​យ​ណ៍ ខេត្តកំពង់ធំ មក​ស្នាក់​នៅ​រកស៊ី​នៅ​ភូមិ​អូរ​តា​មែ​ង ឃុំ​អន្លង់​វែង ស្រុក​អន្ល​ង់​វែង ខេត្តឧត្តរមានជ័យ មុខរបរ​ធ្វើ​សិប្បកម្ម​ឈើ រួម​ទាំង​វត្ថុ​តាង​ដូច​ជា​កាំបិត​ចិតបន្លែ​ចុង​ស្រួច​ដង​ជ័រ ពណ៌​ខ្មៅ​១ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ហ៊ុន ស្រី​រ៉ា ហៅ​រ៉ា ឬ​ហៅ​ញ៉ា​ញ់ អាយុ​៥​ឆ្នាំ រស់នៅ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ហើយដើមចម​នៃ​អំពើ​ឃាតកម្ម​នោះ គឺ​ត្រូវ​ប​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ប្រាប់​ថា រាល់ថ្ងៃ​គាត់​ជា​ម្តាយ​ទៅ​រកស៊ី​លក់ដូរ​បាត់​ៗ​ពី​ផ្ទះ​ធម្មតា​នៅ​ម៉ោង​ខាងលើ ហើយ​ត្រឡប់​មក​ពី​លក់​វិញ ស្រាប់តែ​បាត់​កូន​មិនឃើញ​នៅផ្ទះ​សោះ ។ ពេល​ដឹង​ថា បាត់​​កូន​ហើយ គាត់​ជា​ម្តាយ​បាន​នាំ​មេ​ភូមិ និង​ប្រជា​ការពារ​ជួយ​ដើរ​រក​រហូត​ដល់​ម៉ោង​៩​និង​៣០​នាទី​យប់ ទើប​ប្រទះ​ឃើញ​សព​កូនស្រី​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​ដែល​ត្រូវ​ឃាតករ​មិន​ស្គាល់​មុខ​សម្លាប់​ដោយ​អារផ្តាច់​បំពង់​.​ក និង​ចាក់​បំបែក​គ្រាប់ភ្នែក​ទាំង​សង​យ៉ាង​ព្រៃផ្សៃ​បំផុត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ និង​ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ស្រុក​អន្លង់​វែង ទៅ​កាន់​កន្លែង​កើតហេតុ​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ជា​បន្ទាន់​រហូត​កំណត់​មុខសញ្ញា​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​កាលពី​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ដដែល​នោះ ។

សមត្ថកិច្ច​បន្ត​ថា ឆ្លង​តាម​ការ​សួរ​ចម្លើយ​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម​ភាព​សម្លាប់​ជន​រង​គ្រោះ​ប្រាកដ​មែន គឺ​នៅ​ម៉ោង​ខាងលើ​ដោយ​ខ្លួន​ដើរទៅ​ចាប់​បី​ជន​រង​គ្រោះ​ដែល​កំពុង​តែ​ដេក​លង់លក់​នៅ​លើ​អង្រឹង​ក្រោមផ្ទះ​ម្នាក់ឯង​នាំ​ចូល​ទៅ​ក្នុង​ព្រៃ​ចម្ងាយ​ប្រហែលជា​៨០​ម៉ែត្រ ។ ពេល​ទៅ​ដល់​ព្រៃ​ជន​រង​គ្រោះ​ក៏​ភ្ញាក់​ដឹងខ្លួន ភ្លាម​នោះ​ខ្លួន​បាន​ចាប់​ច្របាច់​.​ក​ជន​រង​គ្រោះ​រហូត​ដល់​សន្លប់ លុះ​សន្លប់​ហើយ ខ្លួន​បាន​រំលោភ​នាង​រហូត​បាន​សម្រេច​ទៀត ។

ជនសង្ស័យ​សារភាព​ទៀត​ថា ក្រោយ​ពេល​រំលោភ​រួច​ហើយ ខ្លួន​បាន​ច្របាច់​.​ក​បន្ថែម ហើយ​ដើរទៅ​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​នៅផ្ទះ​របស់​ខ្លួន​ដើរ​ត្រឡប់​មក​កន្លែង​កើតហេតុ​វិញ រួច​អារផ្តាច់​បំពង់​.​ក​ជន​រង​គ្រោះ ព្រោះ​ខ្លាច​មិន​ទាន់​ស្លាប់ និង​បាន​យក​កូនកាំបិត​នោះ​ចាក់​គ្រាប់ភ្នែក​ទាំង​២​ទៀត ព្រោះ​ធ្លាប់​ឮ​គេ​និយាយ​ថា បើ​សម្លាប់​មនុស្ស​ចាក់ ឬ​ខ្វេះ​គ្រាប់ភ្នែក​ចេញ​នោះ​សមត្ថកិច្ច​មិន​អាច​រក​ឃាតករ​ឃើញ​ទេ ។ ចំពោះ​មូលហេតុ​សម្លាប់​ជន​រង​គ្រោះ គឺ​កន្លង​មក​គេ​ធ្លាប់​មាន​ទំនាស់​ជាមួយ​ម្តាយ​ជន​រង​គ្រោះ ហើយ​ម្តាយ​ជន​រង​គ្រោះ​តែងតែ​ដៀល​ខ្លួន​ថា មក​នៅ​សំ​យ៉ាប​ផ្ទះ​គេ​ហើយ​ខ្លាំង​ទៀត ។

ក្រោយ​ពេល​កើតហេតុ សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ត​កិច្ច​ពិនិត្យ​ឃើញ​ថា ពិតជា​មាន​ស្នាម​អារផ្តាច់​បំពង់​.​ក​ពី​ខាង​មុខ​ក្រោម​ចង្កា និង​ស្នាម​ចាក់​បំបែក​គ្រាប់ភ្នែក​ទាំង​ពីរ ។ សមត្ថកិច្ច​បញ្ជាក់​ថា ចំណែក​ត្រង់​ទ្វារមាស​ជន​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ខុស​ប្លែក​នោះ​ឡើយ ។ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]