ស្មាតហ្វូននាពេលអនាគតអាចនឹងក្លាយទៅជារបស់ដែលយើងប្រើប្រាស់តិច ដោយសារតែ ប្រាជ្ញាសិប្បនិម្មិត (AI) នឹងធ្វើការផ្ញើសារ និងអ៊ីម៉ែលជំនួសអ្នកដោយស្វ័យប្រវត្តិ។

រូបតំណាង

បច្ចេកវិទ្យានៅលើស្មាតហ្វូនពិតជាមានការផ្លាស់ប្តូរច្រើនមែន។ ជាទូទៅ យើងប្រើប្រាស់ទូរស័ព្ទ សម្រាប់ ការតេទាក់ទងគ្នា ផ្ញើសារ អ៊ីម៉ែល ការណាត់ជួបគ្នា មើលវីដេអូជាដើម។ និយាយរួមទៅ គឺវាជាចំណែកមួយដ៏សំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ ក្រុមហ៊ុនយក្សដូចជា Apple និង Google ក៏បាន នឹងកំពុងព្យាយាមស្វែករកយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍ទូរស័ព្ទរបស់ខ្លួនឲ្យកាន់តែល្អប្រសើរទ្បើង។

យ៉ាងណាមិញ ក៏មានមនុស្សមួយចំនួនបារម្ភអំពី ថាតើយើងចំណាយពេលវេលាប៉ុន្មានសម្រាប់ប្រើប្រាស់ទូរស័ព្ទទាំងនេះ។ ជាក់ស្តែង ដូចជាអ្នករាល់គ្នាភាគច្រើនកំពុងតែអានអត្ថបទនេះអីចឹង ក៏កំពុងតែប្រើប្រាស់ទូរស័ព្ទដែរ។ យើងដឹងថា ទូរស័ព្ទវាពិតជាធ្វើឲ្យយើងញៀនក្នុងការប្រើប្រាស់វាខ្លាំងណាស់ មិនថាយើងកំពុងតែប្រើប្រាស់វាលេងបណ្តាញសង្គម លេងហ្គេម ឬមើលវីដេអូនោះទេ។ 

រូបតំណាង

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ក្រុមហ៊ុនដែលធ្វើឲ្យយើងញៀនក្នុងការប្រើប្រាស់ទូរស័ព្ទនោះ បែរជាកំពុងគ្រោងបង្កើតបច្ចេកវិទ្យាមួយដែលធ្វើឲ្យយើងប្រើប្រាស់ទូរស័ព្ទតិចទៅវិញ។

ជាក់ស្តែង គឺលោក Andy Rubin ដែលជាអ្នកបង្កើតប្រព័ន្ធប្រតិបត្តិការ Android និងជាអតីតអនុប្រធានជាន់ខ្ពស់ Google។ បច្ចុប្បន្ននេះ លោកគឺជាស្ថាបនិករបស់ក្រុមហ៊ុន Essential Phone ហើយលោកគ្រោងបង្កើតទូរស័ព្ទកំពូលមួយ ដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យា AI ដែលអាចផ្ញើសារ និងអ៊ីម៉ែលជំនួសយើងដោយស្វ័យប្រវត្តិ។

Andy Rubin

មុខងារទូរស័ព្ទថ្មីនេះ នឹងដើរតួជំនួសអ្នក ហើយធ្វើរឿងជំនួសអ្នកទៀត។ វានឹងតាមដាន របៀបដែលអ្នកវាយអក្សរ និងឆ្លើយតបសារជំនួសអ្នក ខណៈពេលដែលអ្នកចេញទៅញ៉ាំអាហារ ឬគេងលក់។

គួររម្លឹកផងដែរថា កាលពីថ្មីៗនេះក្រុមហ៊ុន Essential មិនសូវលក់ទូរស័ព្ទដាច់នោះទេ ដោយសារតែ ទូរស័ព្ទរបស់ក្រុមហ៊ុននេះមានតម្លៃខ្ពស់ និងមានបញ្ហា Software មួយចំនួនទៀត។ ដូច្នេះទូរស័ព្ទដែលបំពាក់បច្ចេកវិទ្យា AI នាពេលខាងមុខនេះអាចជាអាវុធចុងក្រោយសម្រាប់ក្រុមហ៊ុននេះ ក្នុងការវាយលុកទីផ្សារសារជាថ្មី៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]