ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំងអះអាងថា ការបំលាស់ទីផ្ទះបណ្តែតទឹកនៅក្នុងខេត្តកំពង់ឆ្នាំងចំនួន៤គោលដៅសម្រេច១០០ភាគរយហើយ និង២គោលដៅទៀត គឺក្រុងកំពង់ឆ្នាំង និងស្រុកបរិបូណ៌សម្រេចបាន៥០ភាគរយ ។
លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការបំលាស់ទីផ្ទះទឹក ក្រុងកំពង់ឆ្នាំងបានអោយដឹងថា ការបម្លាស់ទីផ្ទះបណ្តែតទឹករបស់ប្រជាពលរដ្ឋទៅនៅលើគោក គិតត្រឹមថ្ងៃទី៤ តុលា ក្នុងចំណោម៦គោលដៅមានចំនួន៦ស្រុក ក្រុង ដែលមានប្រជាពលរដ្ឋសរុបចំនួន២៣៩៦គ្រួសារ ស្មើរនឹង១០០៨៧នាក់ មាន៤គោលដៅគឺ ស្រុកជលគីរី , ស្រុកកំពង់លែង, ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ សម្រេចបាន១០០ភាគរយ ។ ចំណែកនៅក្នុងក្រុងកំពង់ឆ្នាំង និងស្រុកបរិបូណ៌វិញសម្រេចបាន៥០ភាគរយ ។
លោកបន្តថា ក្នុងការអនុវត្តផែនការបំលាស់ទីនេះទោះជួបបញ្ហាប្រឈមខ្លះក៏ក្រុមការងារបានសុំយោបល់លោកអភិបាលខេត្តព្យាយាមសំរបសំរួលធ្វើអោយប្រជាពលរដ្ឋជនជាតិវៀតណាមចូលរួមជាមួយផែនការរបស់រដ្ឋបាលខេត្ត សម្រេចបានលទ្ធផលល្អតាមផែនការ ដោយអនុញ្ញាតអោយអូសផ្ទះទឹកបោះទីតាំងបណ្តោះអាសន្ន ចម្ងាយពីច្រាំងទន្លេប្រវែង១០០ម៉ែត្រ នៅពេលទឹកស្រក ។
លោក ស៊ុន សុវណ្ណារិទ្ធបញ្ជាក់ថា ក្រោយពីបំលាស់ទីឡើងគោកលើទីតាំងបណ្តោះអាសន្នរួចហើយ ក្រុមការងារនឹងចាប់ផ្តើមតទឹក ភ្លើងជូនពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗដោយ អាជ្ញាធរខេត្តបានដាក់ស្នាក់ការមួយសម្រាប់ទទួលការដោះស្រាយផ្សេងៗ របស់ប្រជាពលរដ្ឋ ។ ឯការចំណាយលើការបំលាស់ទីជាបន្ទុករបស់ប្រជាពលរដ្ឋដែលរស់នៅលើទឹកដោយខ្លួនឯង ។
ចំណែកអាជ្ញាធរខេត្ត និងរៀបចំនូវគោលដៅមួយនៅពេលទឹកស្រកវិញដោយមានការរៀបចំផ្លូវថ្នល់ ទឹកស្អាត និងភ្លើងអគ្គីសនីអោយរួចរាល់ផងដែរទើបអោយពួកគាត់ចូលទៅរស់នៅទីនោះ ។ ចំពោះអ្នកមានបែត្រី ក្រុមការងារចម្រុះ និងពិនិត្យបន្ថែមទៀតជាបន្តបន្ទាប់លើករណីនេះ ចំណែកផ្ទះដែលមិនមែនជាបែត្រីត្រូវអោយឡើងគោគអោយអស់ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]