ថៃ៖ ដើម្បីកែច្នៃកុងតឺន័រមួយចំនួន ក្នុងចំណោមកុងតឺន័រដែលប្រើប្រាស់រួចប្រមាណ ៣៣លានធុងជុំវិញពិភពលោកជារៀងរាល់ឆ្នាំ វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍន៍ដោយចីរភាពអន្តរជាតិ កាលពីពេលថ្មីៗនេះ បានបង្កើតបរិវេណសាកលវិទ្យាល័យថ្មីមួយ ពីវត្ថុដែលយកមកកែច្នៃឡើងវិញស្ទើរតែទាំងស្រុង បន្ទាប់ពីខ្លួនត្រូវការពង្រីកទីតាំងសម្រាប់និស្សិតសិក្សា ក្នុងរាជធានីបាងកក ប្រទេសថៃ។

បរិវេណធ្វើពីកុងតឺន័រ

ថ្នាក់រៀនថ្មីៗក្នុងបរិវេណគ្រឹះស្ថានឧត្តមសិក្សាខាងលើ ត្រូវបានបង្កើតឡើងពីធុងកុងតឺន័រចំនួន ១៧ និងមានកម្ពស់ ៣ ជាន់ជុំវិញដើមឈើធំៗដែលមានស្រាប់។ ជញ្ជាំងដែកត្រូវបានកាត់ទម្លុះធ្វើជាបង្អួច រួចផ្គុំធុងពីរចូលគ្នាដើម្បីឱ្យទីធ្លាធំល្អ។ ចំណែកបញ្ហាដែកស្រូបកម្តៅជ្រុលក្នុងបរិយាកាសក្តៅខ្លាំង សូមកុំបារម្ភអី ព្រោះវាត្រូវបានស្រោបដោយស្រទាប់អ៊ីសូឡង់ (ទ្រនាប់មិនចម្លងកម្តៅ) ដែលកែច្នៃពីកាកសំណល់ប្លាស្ទិក។

កង់ទីនធ្វើពីកុងតឺន័រ

គួរឱ្យដឹងថា អគារភាគច្រើនក្នុងប្រទេសអាស៊ានមួយនេះ ត្រូវបានសាងសង់ដោយចាក់បេតុង ខណៈដែលការផលិតស៊ីម៉ង់ត៍សម្រាប់ធ្វើបេតុង បង្កឱ្យមានការបញ្ចេញឧស្ម័នកាបូនិក ៥% ទូទាំងពិភពលោក។ ដូច្នេះបរិវេណបណ្តុះបណ្តាលបញ្ញវន្តដ៏ប្លែកគេនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងពីរ៖ ១. កាត់បន្ថយការពឹងផ្អែកលើបេតុងដើម្បីសាងសង់ ២. ច្នៃប្រើដែកកុងតឺន័រឡើងវិញជំនួសឱ្យការដុតរំលាយចោល ដែលជាការជួយសន្សំសំចៃថាមពល។

បន្ថែមពីនេះទីតាំងផ្តោតជាពិសេសលើមុខវិជ្ជាទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលអាចជាគំរូសម្រាប់សំណង់ក្រោយៗទៀតនេះ ក៏ចង់បង្ហាញថាវាអាចទៅរួចក្នុងការសាងសង់អ្វីមួយបានគង់វង្សយូរអង្វែង៕

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]