ជប៉ុន៖ រថយន្តទំនើបបែបអនាគតនិយមមួយគ្រឿងឈ្មោះ Aspark Owl ដែលផលិតដោយក្រុមហ៊ុនជប៉ុនមួយ នឹងត្រូវដាក់តាំងបង្ហាញនៅពិព័រណ៍រថយន្តក្រុងប៉ារីស ក្នុងសប្តាហ៍នេះ។

រថយន្តទំនើប Aspark Owl

អ្វីដែលគួរឱ្យញាក់សាច់នោះគឺ ម៉ូដែលដំបូងៗត្រូវបានចាប់ផ្តើមដាក់ឱ្យបញ្ជាទិញក្នុងតម្លៃដល់ទៅ ៣.១ លានផោន ឬជាង ៤ លានដុល្លារ ដែលប្រហែលនឹងតម្លៃរថយន្ត Rolls Royce ធម្មតាៗកំពុងដាក់លក់នៅស្រុកខ្មែរជិត ១០ គ្រឿងទៅហើយ។

ថ្វីបើតម្លៃនេះអាចឱ្យកូនអ្នកមានលំដាប់សេដ្ឋីមួយចំនួន ដែលកំពុងលេងស្ទីលថតរូបជំពប់ជើងដួលផ្កាប់មុខពេលចុះពីលើឡាន ញញើតនឹងទិញសម្ញែងគេឯងទៀតមែន ប៉ុន្តែបើមើលតាមសមត្ថភាពដ៏អស្ចារ្យរបស់រថយន្តស្ព័រដើរដោយថាមពលអគ្គិសនីនេះ អ្នកមានលំដាប់មហាសេដ្ឋីច្បាស់ជាមិនគ្រវីក្បាលមិនបានឡើយ។  

រថយន្តទំនើប Aspark Owl

បើតាមអ្នកផលិតរថយន្តផ្ទាល់ វាមានកម្លាំង ៤៣០ សេះ និងទម្ងន់ប្រមាណ ៨៦១ គីឡូក្រាម (ប្រើម៉ូទ័រតូចៗពីរជាមួយកម្លាំង ៤០ គីឡូវ៉ាត់ម៉ោង) ដែលប្រហាក់ប្រហែលនឹងគោចិញ្ចឹមយកទឹកដោះល្មមៗមួយក្បាល ឬស្រាលជាងពាក់កណ្តាលនៃរមាស-សពេញវ័យ ហើយអាចបង្កើនល្បឿនដល់ទៅ ៩៦.៥ គីឡូម៉ែត្រក្នុងពេលត្រឹម ២ វិនាទីប៉ុណ្ណោះ ជាមួយល្បឿនអតិបរមា ២៨០ គីឡូម៉ែត្រ/ម៉ោង ហើយពេលបញ្ចូលថាមពលពេញ គេអាចបើកក្នុងចម្ងាយ ៣០០ គីឡូម៉ែត្រដោយមិនបាច់ឈប់បញ្ចូលភ្លើងម្តងទៀត។ 

រថយន្តទំនើប Aspark Owl

អតិថិជនអាចកក់ទុកមុនដោយចំណាយជាង ១ លានដុល្លារនៅពិព័រណ៍ក្រុងប៉ារីស លើរថយន្តកៅអីពីរ ដែលគេគ្រោងផលិតតែ ៥០ គ្រឿង និងអាចបំបែកកំណត់ត្រាពិន្ទុនៃសន្ទុះល្បឿនក្រោម ២វិនាទី ពោលគឺ ១.៩២១ វិនាទី ដែលលឿនជាងរថយន្តប្រណាំង Formula 1 (F1) ណាៗទាំងអស់ ហើយនឹងត្រូវដឹកទៅឱ្យអតិថិជននៅពាក់កណ្តាលឆ្នាំ ២០២០៕ 

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]