ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរ​ឲ្យ​រន្ធត់​បណ្តាល​ឲ្យ​មនុស្ស​បួន​នាក់ មួយ​គ្រួ​សារបាន​ស្លាប់ ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​គ្រោះថ្នាក់​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង នៅ​ថ្ងៃអាទិត្យ ៦​រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-៣៥ ត្រង់​ចំណុច​ភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

លោក​ឧត្តមសេនីយ៍ វ៉ែន សា​វឹ​ន ស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ខាត់ ពៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទី​២-​ឈ្មោះ ហៀ​ង ភ័​ស្ត អាយុ​២៥​ឆ្នាំ​(​ត្រូវជា​ប្រពន្ធ​) ទី​៣-​ឈ្មោះ ហៀ​ង ធីតា ភេទ​ស្រី អាយុ​១៣​ឆ្នាំ ទី​៤-​ឈ្មោះ ហៀ​ង ផៃ​យ៉​ម ភេទ​ស្រី អាយុ​១២​ឆ្នាំ អ្នក​ទាំង​៤​មាន​ទីលំនៅ ភូមិ​ត្រពាំង​ចក ឃុំ​មហាឫស្សី ស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ​។ ម្ចាស់​រថយន្ត​ឈ្មោះ គឹ​ម ថង មាន​ទីលំនៅ​ផ្ទះ​លេខ​២០២ ផ្លូវ​វត្ត​អង្គ​តា​ម៉ិ​ញ ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ មួយ​គ្រឿង​ម៉ាក HONDA CLICK ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1T-4477 បើកបរ​សោយ​ឈ្មោះ ខាត់ ពៅ ជាមួយ​ក្រុម​គ្រួសារ លុះ​ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-2412 ប្រភេទ​បែន (​អ្នកបើកបរ​រត់គេច​) ជា​កម្មសិទ្ធិ​របស់​ឈ្មោះ គឹ​ម ថង បើកបរ​មាន​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឲ្យ​ស្លាប់​ទាំង​បួន​នាក់​មួយ​គ្រួសារ​។

លោក​បាន​បន្ថែម​ទៀត​ថា ជំហាន​ដំបូង​ករណី​នេះ បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ បើកបរ​ចូល​ចំណែក​ផ្លូវ​យាន​ម្ខាង​ទៀត ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា និង​អ្នកបើកបរ​រថយន្ត បើកបរ​មាន​ល្បឿន​លឿន​។ បច្ចុប្បន្ន​វត្ថុ​តាង​ទាំង​ពីរ​មាន​រថយន្ត និង​ម៉ូតូ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្រុក​កណ្តាលស្ទឹង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការ​ដើម្បី​បន្តរ​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]