ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ជាមុខ សញ្ញាចាស់ពូកែ ខាងលួច កាច់សោកម៉ូតូ និងដើរលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋត្រូវបានកម្លំាង នគរបាល ប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ ឃាត់ខ្លួនបានកាលពី វេលាម៉ោង ៨,៣០នាទីព្រឹកថ្ងៃទី ៤ ខែមករា ឆ្នំា២០១៣ ខណៈដែលជនសង្ស័យ នោះបានធ្វើសកម្មភាព ចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាជាង អ៊ុតសក់ មួយកន្លែង ស្ថិតនៅចំណុច ច្រមុះជ្រូក ភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិត ស្រាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ត្រី ម៉ូ លីដា បានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនបាននោះមានឈ្មោះ គង់ សុធា ភេទប្រុសអាយុ ២៣ឆ្នំា ជនជាតិខ្មែរ រស់នៅក្នុងភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ចំណែកឯជនរងគ្រោះមានឈ្មោះ កែវ រស្មី ភេទស្រី អាយុ២១ឆ្នំា ជនជាតិខ្មែរ រស់នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង ខេត្តពោធិ៍សាត់។ នាយការិយាល័យដដែលក៏ បានបន្តថា តាមការសួរចម្លើយរបស់សមត្ថកិច្ច ជនសង្ស័យនោះគឺជា មុខសញ្ញាចាស់សកម្មខាងដើរលួច កាច់សោកម៉ូតូ និងលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ស្ទើរគ្រប់ទីកន្លែង។ បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានរកឃើញវត្ថុតាង មួយចំនួនរួមមាន លុយខ្មែរ ៣ម៉ឺនរៀល លុយដុល្លារ ២០ដុល្លារ និងទូរស័ព្ទដៃប្រភេទចិន ១គ្រឿងផងដែរ ដែលជនសង្ស័យ នោះបានលួចពីប្រជាពលរដ្ឋ នៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ៣ ខែមករា ឆ្នំា ២០១៣ កន្លងមកនេះ។លោក ម៉ូ លីដា បន្ត ថាយោងតាមចម្លើយសារភាព យោងតាមពាក្យបណ្តឹងពីជន រងគ្រោះ និងវត្ថុតាងជាក់ស្តែង ជនសង្ស័យនេះ នឹងត្រូវ បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្ត៕

Photo by DAP-News

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]