ភ្នំពេញៈ មេការខារ៉ាអូខេកូលាប ពោធិ៍ចិនតុង ត្រូវបាននគរបាលប៉ុស្តិ៍ កាកាបឃាត់ខ្លួន បន្ទាប់ពីទទួល ពាក្យបណ្តឹង ពីនារីរងគ្រោះដែលជា ស្រីស្នេហ៍របស់ជនដៃដល់។ ហេតុការឃាត់ ខ្លួននេះកើតឡើង កាលពីវេលា ម៉ោង១និង១០នាទី យប់ ឈានចូលថ្ងៃទី៤ខែមករា ឆ្នាំ២០១៣ស្ថិតនៅក្នុងហាងខារ៉ាអូខេ តាមបណ្តោយ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តក់ ហឿន ភេទស្រី អាយុ២៣ឆ្នាំ មានមុខរបរជាបុគ្គលិក ខារ៉ាអូខេ កូលាបពោធិ៍ចិនតុង ស្នាក់នៅផ្ទះជួលក្នុងភូមិ សង្កាត់កើតហេតុខាងលើ ត្រូវជាសង្សានិងជនដៃដល់ ហើយត្រូវជនដៃ ដល់វាយជាច្រើនដៃឡើងខៀវភ្នែកទាំងសង្ខាង ។ ចំណែកឯជនដៃដល់វិញមានឈ្មោះ ម៉ៅ ណន ភេទប្រុសអាយុ ៣៣ឆ្នាំមានមុខរបរជាមេកាខារ៉ាអូខេខាងលើ ស្នាក់នៅក្នុងហាងខារ៉ាអូខេតែម្តង។

ប្រភពបានបន្តទៀតថា មុនពេលកើតហេតុខណៈ ភ្ញៀវកំពុងតែចូលទៅច្រៀងនៅក្នុងហាងខាងលើស្រាប់តែ នារីរងគ្រោះបានមករករឿងគូស្នេហ៍របស់គេ ដោយជេប្រមាថ ប៉ាតណាប៉ាតណី ដៀលថ្មេះដោយចោទប្រកាន់គូរ ស្នេហ៍របស់គេ លួចលាក់មានស្រីផ្សេងទៀត ដឹកយកទៅដេកផ្ទះសំណាក់ កាលពីយប់កន្លងទៅ ក្បត់ចិត្តនាង ដោយសារតែហាមប្រាមមិនស្តាប់ ទោះបីជាឃាត់យ៉ាងណាក៏នាងមិនស្តាប់នោះ ហើយណាមួយខ្លាច ខ្មាសគេផង នោះ ជនដៃដល់ក៏ដាច់ចិត្តវាយនាងជាស្រីស្នេហ៍ ជាច្រើនដៃបណ្តាល ឲ្យខៀវភ្នែក ទាំង សង្ខាងតែម្តងទៅ ។ ចំណែកនារីរងគ្រោះជាស្រីស្នេហ៍វិញ បន្ទាប់ពីត្រូវខៀវភ្នែកហើយនោះ ក៏រត់មកដាក់ពាក្យ បណ្តឹងឲ្យនគរបាលឃាត់ ជនដៃដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

នគរបាលឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនដៃដល់មកសាកសួរហើយនោះ ជនដៃដល់បាននិយាយថា ខ្លួនគឺជា សង្សារស់នៅជាមួយគ្នាអស់រយៈជាង១ឆ្នាំមកហើយ ពុំបានក្បត់ចិត្តនាងម្តងណាឡើយ ប៉ុន្តែដោយសារតែមាន ពាក្យរចេចរចូចនោះ ទើបនាងច្រឡោតខឹង ហើយពេលគេបានព្យាយាមនិយាយប្រាប់នាងដែរ ប៉ុន្តែនាងមិន ស្តាប់ទាល់តែសោះ ទើបដាច់ចិត្តវាយនាងទៅ ដោយសារតែខ្លាចខ្មាសគេនៅក្នុងហាងនោះផង។

ប្រជាពលរដ្ឋរស់នៅម្តុំផ្លូវ២០០៤នោះបាននិយាយថា នៅតាមបណ្តោយផ្លូវ២០០៤នេះសំបូរទៅដោយហាងផឹក ស៊ី ក្លិបកំសាន្តនិងខារ៉ាអូខេ ដែលរំខានដល់ដំណេកពួកគាត់ ហើយជាពិសេសនោះពេលផឹកស៊ីស្រវឹងឡូឡា ឬ ឈ្លោះទាស់គ្នា ស្ទើរតែរៀងរាល់យប់។

បច្ចុប្បន្នជនដៃដល់ត្រូវឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាង សំណុំរឿងបញ្ចូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕

www.dap-news.com

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]