(ភ្នំពេញ)៖ កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (វគ្គ៤នាក់) នៃការប្រកួតកីឡាប៊ីយ៉ាជ្រើសរើស ជើងឯកពិភពលោក 3-Cushion – World Championship Ladies លើកទី៨ នៅប្រទេសទួកគីហើយ បន្ទាប់ពីទម្លាក់កីឡាការិនីកូឡុំប៊ី ក្នុងវគ្គ ៨នាក់ចុងក្រោយ ដោយលទ្ធផល ៣០-១៦ពិន្ទុ កាលពីយប់មិញ (ម៉ោងនៅកម្ពុជា ដើរលឿនជាងទួកគី ៤ម៉ោង)។

មុនឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ ស្រួង ភាវី បានធ្វើការប្រកួត២ដង ដោយប្រកួតដំបូង គឺជាប្រកួតបង្ហើយកិច្ចពូល A ដោយបានលត់កីឡាការិនីដាណឺម៉ាក Jeanette Jensen ជាមួយពិន្ទុ ២៥-៧ ដែលធ្វើឲ្យ ភាវី រក្សាកំណត់ត្រាឈ្នះ ៣ប្រកួតជាប់គ្នាក្នុងពូល។ បន្ទាប់មកទើបធ្វើការប្រកួតវគ្គ ៨នាក់ចុងក្រោយ ដោយនាងធ្វើបានកាន់តែល្អ ក្រោយបំបាក់កីឡាការិនីកូឡុំប៊ី Claudia LALINDE ដោយលទ្ធផល ៣០-១៦ពិន្ទុ ដើម្បីបន្ដដំណើរទៅវគ្គ ៤នាក់ចុងក្រោយតែម្ដង។

ចំពោះគូប្រជែងកៅអីវគ្គ ៤នាក់របស់កីឡាការិនីជម្រើសជាតិកម្ពុជាខាងលើ គឺកីឡាការិនីជប៉ុន Orie HIDA ដែលអ្នកទាំងពីរ បានជួបគ្នាម្ដងរួចមកហើយ កាលពីវគ្គជម្រុះក្នុងពូល ដោយលទ្ធផលពេលនោះ ស្រួង ភាវី បានយកឈ្នះយ៉ាងប្រផិតប្រផើយបំផុត ជាមួយពិន្ទុ ២៥-២៤។ ប៉ុន្ដែប្រសិនបើ ភាវី អាចបន្ដទម្លាក់កីឡាការិនីជើងខ្លាំងជប៉ុនរូបនេះ នាងនឹងត្រូវជួបកីឡាការិនីម្ចាស់ផ្ទះទួកគី ឬ ហូឡង់ ដែលត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាល្ងាចថ្ងៃទី២០ ខែកញ្ញានេះដូចគ្នា។

សូមបញ្ជាក់ថា នេះគឺជាលើកទី១ ហើយ ដែលកីឡាការិនី ស្រួង ភាវី បានចូលរួមប្រកួតកីឡាប៊ីយ៉ា ជ្រើសរើសជើងឯកពិភពលោក ក្នុងនាមកីឡាការិនីជម្រើសជាតិកម្ពុជា បន្ទាប់ពីកម្ពុជា បានបង្កើតឲ្យមានសហព័ន្ធកីឡាឃ្នូកឃ័រ និងប៊ីយ៉ាផ្លូវការកាលពីពេលថ្មីៗ។ ប៉ុន្ដែនេះមិនមែនជាលើកទី១ ដែលនាងបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះឡើយ ពោលគឺ ភាវី ធ្លាប់ដណ្ដើមបានជើងឯករងម្ដងរួចមកហើយ កាលពីឆ្នាំ២០១៥ ក្នុងការប្រកួតជើងឯកពិភពលោក នៅអាមេរិក ក៏ដូចជាការដណ្ដើមជើងឯកពានរង្វាន់ អន្ដរជាតិផ្សេងៗជាច្រើនទៀត៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]