បុរសដែលធ្លាប់ជា មនុស្សធាត់បំផុតក្នុងលោក បានស្រកទំងន់អស់ប្រហែលពីរភាគបីនៃទំងន់របស់គេ ហើយឥលូវនេះកំពុងតែរងចាំការវះកាត់ យកចេញនូវស្បែកដែលមិនបានការ។

លោក ម៉ាស៊ុន (Paul Mason) អាយុ៥១ឆ្នាំ មានទំងន់ដែលមិនគួរឲ្យជឿគឺ ៤៤៤.៥ គីឡូក្រាម ជិតស្មើនឹងកន្លះតោនទៅហើយ។ គាត់បរិភោគអាហារ ២០,០០០កាឡូរី ក្នុងមួយថ្ងៃ ប៉ុន្ដែដើម្បីចង់សម្រកទំងន់លោកម៉ាស៊ុន បានខំប្រឹងបន្ថយនូវអាហាររបស់គាត់ ផ្ទុយទៅវិញលោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា គាត់មិនអាចធ្វើការវះកាត់បានទេ លុះត្រាតែទំងន់របស់គាត់មានភាពនឹងនរ យ៉ាងហោចណាស់ក៏រយៈពេលពីរឆ្នាំដែរ។

យ៉ាងណាមិញ កាលពីពីរឆ្នាំមុន នៅពេលដែលចង់បញ្ជូនគាត់ទៅមន្ទីរពេទ្យ ធ្វើការត្រួតពិនិត្យ និងវះកាត់ គេត្រូវហៅអ្នកពន្លត់អគ្គីភ័យ និងរថយន្ដចូកដី មកដឹកគាត់ ទើបអាចទៅដល់មន្ទីរពេទ្យ ប៉ុន្ដែឥលូវនេះលោក ម៉ាស៊ុនមានទំងន់តែ ១៥៨.៨គីឡូក្រាមតែប៉ុណ្ណោះ។ លោកម៉ាស៊ុន នៅមិនទាន់បានធ្វើការវះកាត់សំរេចនោះទេ គាត់ត្រូវរងចាំប្រហែល ៤ ទៅ ៥ឆ្នាំទៀតដើម្បីឲ្យទំងន់របស់គាត់មានលំនឹង។ ស្បែកដែលយារធ្លាក់ ក្រោយពីលោក ម៉ាស៊ុនស្រកទំងន់ បានផ្ដល់ផលលំបាកដល់ការធ្វើចលនាបំលាស់ទី ជាពិសេសគឺស្បែកនៅខាងក្រោយជង្គង់របស់គាត់តែម្ដង។ ពេលដែលគាត់ចង់ធ្វើដំណើរទៅណាម្ដងៗ លោក ម៉ាស៊ុនត្រូវការកៅអីរុញ និងឈើច្រត់ដើម្បីទប់លំនឹងរបស់គាត់។ លោកម៉ាស៊ុនសង្ឃឹមថា គាត់នឹងអាច វិលទៅរកសភាពដើមរបស់គាត់វិញក្នុងពេលឆាប់ៗនេះ ហើយគាត់នឹងអាចធ្វើអ្វីគ្រប់យ៉ាងដែលគាត់ចង់ធ្វើ ដោយមិនចាំបាច់មានអ្នកជួយ។

មូលហេតុដែលធ្វើឲ្យលោក ម៉ាស៊ុនបរិភោគអាហារច្រើនបែបនេះ គឺកាលពីគាត់អាយុ២០ឆ្នាំ ឪពុករបស់គាត់បានស្លាប់ និងពិបាកចិត្តជាមួយនឹងជំងឺរបស់ម្ដាយគាត់។ 

តើប្រិយមិត្តយល់យ៉ាងណាចំពោះ លោកម៉ាស៊ុន? 







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]