ខេត្តបាត់ដំបង ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចបញ្ជូន ទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២ មករា ក្រោយពីបានឃាត់ខ្លួនដែល ពាក់ព័ន្ធក្នុងករណីយកកូនកាំបិតភ្ជង់ ស្ដ្រីម្នាក់ប្លន់យក លុយទៅច្រៀងខារ៉ាអូខេ កាលពីយប់ថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១២ កន្លងទៅ នៅក្នុងភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ។

លោកសន លុច នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តនិយាយថា ជនសង្ស័យឈ្មោះឆាយ សុខុន អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល តែបានធ្វើចំណាកស្រុកទៅធ្វើកម្មករដកដំឡូងមីនៅតំបន់កើតហេតុ ។ រីឯស្ត្រីរងគ្រោះឈ្មោះតែម ផល្លា អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិខាងលើ។ លោកសន លុច ប្រាប់ថា ជនសង្ស័យមិនបានសារភាពអំពីកំហុសដែលខ្លួនប្រព្រិត្តទេ ពេលត្រូវមន្រ្តីមូលដ្ឋានឃាត់ខ្លួនបានភ្លាមៗយកមកសួនាំ ប៉ុន្តែបានសារភាពនូវកំហុសរបស់ខ្លួនទាំងអស់នៅពេលបញ្ជូនមកដល់ស្នង ការដ្ឋាននគរបាលខេត្ត ។

នៅក្នុងការិយាល័យជំនាញ ជនសង្ស័យឈ្មោះឆាយ សុខុន សារភាពថា នៅយប់ថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១២ នោះ ខ្លួនបានហែកជញ្ជាំងកៅស៊ូចូលទៅក្នុងផ្ទះស្ដ្រីខាងលើ ក្នុងគ្រាដែលប្ដីគាត់មិននៅ ។ គ្រានោះស្រ្តីរងគ្រោះបានបើកទ្វារចេញទៅបត់ជើង ខ្លួនក៏ដកកូនកាំបិតភ្ជង់គំរាមយកលុយតែម្ដង ។ ដោយខ្លាចប៉ះពាល់កូនតូចរបស់គាត់ដែលដេកក្បែរនោះ ខ្លួនក៏បោះកាំបិតចោល រួចប្រើក្រញាំដៃច្របាច់.កស្រ្តីនោះវិញម្ដង ទើបភ្លាមនោះគាត់បានយកលុយពីក្នុងកាបូបឲ្យខ្លួនចំនួន៤០ម៉ឺនរៀល ។ ជនឈ្មោះឆាយ សុខុន ឆ្លើយទៀតថា ក្រោយពីបានលុយហើយខ្លួនក៏ប្រញាប់ចាកចេញទៅកាន់ក្លិបខារ៉ាអូខេ មួយកន្លែង ចូលច្រៀងសប្បាយជាមួយពួកនាងៗហ្មត់គ្មានសល់មួយសេនទេ លុះព្រឹកឡើងសមត្ថកិច្ចមកចាប់ខ្លួនល្មម ។

បើទោះជាបុរសនេះសារភាពថា ខ្លួនប្លន់បានលុយតែចំនួន៤០ម៉ឺនរៀលក្ដី ប៉ុន្តែនៅក្នុងបណ្ដឹងរបស់ស្រ្តីរងគ្រោះឈ្មោះតែម ផល្លា រៀបរាប់ថា បុរសនោះបានប្លន់យកលុយគាត់អស់ចំនួន២លានរៀលឯណោះ។ យ៉ាងនេះក្ដីលោកសន លុច បានបញ្ជាក់ដែរថា ប្រាក់ដែលបាត់ចំនួន២លានរៀលនោះ គឺជាការអះអាងរបស់ភាគីរងគ្រោះតែភាគីជនសង្ស័យបានអះអាងដដែលៗថា ខ្លួនប្លន់បានប្រាក់តែចំនួន៤០ម៉ឺនរៀលពិតប្រាកដមែន ហើយក៏មិនបានទុកយូរដែរ គឺកម្ទេចចោលភ្លាមៗជាមួយនាងៗក្នុងខារ៉ាអូខេទាំងយប់តែ
ម្ដង ។ លោកបន្ថែមថា ក្រោយពីសាកសួនិងកសាងសំណុំរឿងរួច ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២មករា ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]