បញ្ហានៃជំងឺលើសឈាមអាចនិយាយបានថា ជាទុក្ខកង្វល់ដ៏ធំមួយនៃសុខភាពរបស់ប្រជាជនកម្ពុជាភាគច្រើនចាប់ពីវ័យ ៤០ឆ្នាំឡើងទៅ។ ជំងឺលើសឈាមជាការកើនឡើងនូវសម្ពាធឈាមក្នុងប្រព័ន្ធសរសៃឈាមខុសពីធម្មតា។ វាបណ្តាលមកពីចង្វាក់បេះដូងមានការកើនឡើង និងការផ្លាស់ប្តូរវិមាត្រនៃសរសៃឈាម ឬបរិមាណនៃសារធាតុរាវក្នុងសរសៃឈាមកើនឡើង ដែលបណ្តាលឲ្យសម្ពាធឈាមប្រែប្រួល។

ក្នុងចំណោមមនុស្សវ័យកណ្តាល១០នាក់ អាចថាប្រហែល ៧នាក់ទៅហើយសុទ្ធតែមាននូវបញ្ហាលើសឈាម។ ភាពអសកម្ម ការពុំសូវហាត់ប្រាណ របៀបក្នុងការរស់នៅ និងរបបអាហារបរិភោគប្រចាំថ្ងៃ សុទ្ធតែជាកត្តាវិវឌ្ឍនៃជំងឺលើសឈាម។

ការធ្វេសប្រហែស ពុំយកចិត្តទុកដាក់នឹងរោគសញ្ញានៃជំងឺលើសឈាម អាចបណ្តាល ឲ្យមាននូវបញ្ហាសុខភាពធ្ងន់ធ្ងរដទៃផ្សេងទៀត។ ការឡើងសម្ពាធឈាមភ្លាមៗនេះ អាចធ្វើឲ្យយើងវិលមុខឈឺក្បាលខ្លាំង ពុំអាចងើបឈរដើរដោយងាយបាន។ ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ ការបុកសម្ពាធឈាមអាចធ្វើឲ្យដាច់សរសៃល្អិតឆ្មារៗ នៅខួរក្បាលដាច់ ដែលភាគច្រើនជាមូលហេតុនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។

ដូច្នេះ ខាងក្រោមនេះ ជាទម្លាប់ទាំង៣យ៉ាង ដែលលោកអ្នកគួរព្យាយាមអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម៖ 

១. កាត់បន្ថយអាហារសំបូរជាតិប្រៃ

ទម្លាប់មួយនេះជាកត្តាដ៏សំខាន់មួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម។ កាលណាកំហាប់អំបិល (សូលុយស្យុងសូដ្យូម) កើនឡើង  សរីរាង្គពិសេសម៉្យាងនៅខួរក្បាលនឹងភ្ញោចឲ្យតម្រងនោមធ្វើការស្រូបទឹកចូលក្នុងខ្លួនវិញ។ ជាលទ្ធផលវាធ្វើឲ្យបរិមាណជាតិទឹកកើនឡើងក្នុងសរសៃឈាម ដែលបង្កឲ្យសម្ពាធឈាមកើនឡើង។ យូរៗទៅវាអាចមានផលប៉ះពាល់អវិជ្ជមានចំពោះប្រព័ន្ធរបត់ឈាម ដែលបង្កជាជំងឺក្រិនរឹងសរសៃឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

បើយោងទៅតាមស្ថិតិនៃបញ្ហានេះ ច្រើនកើតជាញឹកញាប់ទៅលើវ័យកណ្តាលនិងវ័យចំណាស់ ដែលអាចបង្កហានិភ័យដល់អាយុជីវិតបាន។

ដូច្នេះការព្យាយាមកាត់បន្ថយរបបអាហារសំបូរជាតិប្រៃ (កាត់បន្ថយអាហារកំប៉ុង អាហារវិចខ្ចប់ពីរោងចក្រជាដើម) ជាកត្តាដ៏សំខាន់ក្នុងការប្រឆាំងទប់ទល់នឹងបញ្ហាលើសឈាម។

រូបតំណាងខ្លះៗនៃអាហារសំបូរជាតិប្រៃ

២. ហាត់ប្រាណឲ្យបានទៀងទាត់

លំហាត់ប្រាណជាការអនុវត្តមួយដ៏សំខាន់ប្រចាំថ្ងៃ ព្រោះវាមិនត្រឹមពង្រឹងអង់ទីគ័ររាងកាយ (ប្រព័ន្ធការពាររាងកាយ) ជំរុញសុខភាពទូទៅប៉ុណ្ណោះទេ វាថែមទាំងចូលរួមចំណែករក្សាសម្ពាធឈាមឲ្យនៅក្នុងកម្រិតមួយធម្មតា។

ការបង្កើនភាពសកម្មនៃរាងកាយតាមរយៈការហាត់ប្រាណសាមញ្ញៗដូចជា ការដើរ ការរត់ ការជិះកង់ជាដើម និងការលេងកីឡា យ៉ាងតិចណាស់៣ដងក្នុងមួយសប្តាហ៍ ជាកត្តាមួយដ៏ចំបងក្នុងការកាត់បន្ថយហានិភ័យ និងបង្ការលោកអ្នកពីជំងឺលើសឈាម។

ការរត់ ជាទម្លាប់មួយដ៏សំខាន់ ក្នុងការបង្ការជំងឺលើសឈាម

៣. កាត់បន្ថយស្ត្រេស

នេះជាកត្តាមួយដ៏សំខាន់ពីព្រោះពេលយើងស្ត្រេសញឹកញាប់ វាមិនត្រឹមធ្វើឲ្យចង្វាក់បេះដូងដើរញាប់ សម្ពាធឈាមកើនឡើងនោះទេ វាថែមទាំងប៉ះពាល់យ៉ាងខ្លាំងទៅដល់សរីរាង្គដទៃទៀតនៃរាងកាយយើង រាប់តាំងពីខួរក្បាល ក្រពះ និងតម្រងនោម ជាដើម។

ដូច្នេះបើអាចលោកអ្នកគប្បីព្យាយាមរកពេលវេលាសម្រាកលំហែកាយ និងសម្រាកខួរក្បាលពីកិច្ចការបន្ទុកប្រចាំថ្ងៃខ្លះផង។ ការតាំងសមាធិដោយប្រើប្រាស់ដង្ហើមត្រឹមតែ៥នាទីជារៀងរាល់ព្រឹក ក៏អាចជួយលោកអ្នកគ្រប់គ្រងនូវសតិអារម្មណ៍ និងបន្ធូរភាពតានតឹងបានផងដែរ៕

ការតាំងសមាធិ សម្រួលចិត្តគំនិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]