កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ នាង HyunA ហាក់ដូចជា មានបញ្ហាកើតឡើង ជាបន្តបន្ទាប់ សម្រាប់ជីវិតស្នេហា ជាមួយនិងការងាររបស់នាង។

ជាក់ស្ដែងបន្ទាប់ពី នាងបានប្រកាសបង្ហាញពី ទំនាក់ទំនងស្នេហា រវាងនាង និងកម្លោះសង្ហា E'Dawn មានអ្នកគាំទ្រមួយចំនួន បានក្រោកឡើងប្រឆាំងនឹង គូស្នេហ៍មួយគូនេះ រហូតដល់បែបធ្លាយព័ត៌មាន ពួកគេទាំងពីរ ត្រូវបានដកចេញ ពីផលិតកម្ម Cube Entertainment ថែមទៀតផង។

ទោះបីជាយ៉ាងនេះក្ដី នាងនឹងគូស្នេហ៍ នៅមិនទាន់បានចាកចេញ ផលិតកម្ម Cube Entertainment ជាផ្លូវការនៅឡើយទេ ប៉ុន្តែបើតាម ការសង្កេតមើលពី អ្នកគាំទ្រជិតស្និទ្ធរបស់នាង អាចសន្និដ្ឋានបានថា នាងអាចនឹងរកឃើញជម្រកថ្មីរួចហើយ។

ដោយសារតែ អ្នករៀបចំម៉ូតសម្លៀកបំពាក់ ដែលជាបុគ្គលិកជំនិត ធ្វើការជាមួយនាង បានបង្ហោះសារ បង្ហាញដោយប្រយោលមួយ នៅលើ Instagram ជាមួយនឹងរូបភាព កាតរបស់ផលិតកម្ម AOMG ដែលជាផលិតកម្មឯករាជ្យមួយ គ្រប់គ្រងដោយ តារាចម្រៀងកូរ៉េល្បីឈ្មោះ គឺលោក Jay Park។

គួរបញ្ជាក់ផងដែរថា ការបង្ហោះរបស់ អ្នកច្នៃម៉ូតសម្លៀកបំពាក់រូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់ HyunA កាន់តែសង្ស័យ និងកាន់តែចង់ដឹង ថាតើ AOMG គឺជាភ្នាក់ងារថ្មីរបស់នាង HyunA ឬមួយគ្រាន់តែជា កន្លែងធ្វើការថ្មីរបស់លោក ព្រោះតែអ្នកច្នៃម៉ូតរូបនេះ ក៏ជាអ្នកច្នៃម៉ូតសម្រាប់តារាផ្សេងៗទៀត ដូចជា PENTAGON និង E'Dawn ផងដែរ។ ដូច្នេះមិនអាចសន្និដ្ឋានបានទាំងស្រុងនោះទេ ថាកាតផលិតកម្ម AOMG មានន័យសម្រាប់ HyunA។

ប៉ុន្តែ យ៉ាងណាមិញ អ្នកគាំទ្រជាច្រើន បានចាប់អារម្មណ៍ឃើញទៀតថា ក្នុងបណ្ដាញសង្គមរបស់ អ្នកគ្រប់គ្រងនាង HyunA គឺ នាង Song Jung Eun បានលុបឈ្មោះ ផលិតកម្ម Cube Entertainment ចេញពីបញ្ជីព័ត៌មាន របស់នាងបាត់ទៅហើយ ដោយនាងបានប្រាប់ថា នាងប្រហែលជាចាកចេញពី Cube Entertainment ជាមួយ HyunA ហើយចូលផលិតកម្មថ្មី ជាមួយគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រទាំងអស់ បានត្រឹមតែសន្និដ្ឋាន ប៉ុន្តែព័ត៌មានពិតប្រាកដ នៅមិនទាន់បានបង្ហាញច្បាស់នៅឡើយទេ ត្រូវរង់ចាំ ការចេញផ្សាយ សេចក្តីថ្លែងការណ៍ របស់ផលិតកម្មទាំង២ជាមុនសិន៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព HyunA
រូបភាព HyunA
រូបភាព HyunA
រូបភាព HyunA
រូបភាព HyunA និងអ្នកច្នៃម៉ូត
រូបភាព ដែលអ្នកច្នៃម៉ូតបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]