វត្ត​ឧណ្ណាលោម ជា​វត្ត​មួយ​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សុធារស ហើយ​ក៏​ជា​វត្ត​មួយ​ដ៏​ចំណាស់​ផង​ដែរ​។ បើ​តាម​ពាក្យ​«​ឧណ្ណា​» (​មាន​ន័យ​ថា​«​ប្រជុំ​ចិញ្ចើម​») + «​លោម​» (​មាន​ន័យ​ថា «​រោម​»)​បញ្ចូល​គ្នា​មាន​ន័យ «​រោម​ប្រជុំ​ចិញ្ចើម​» ។

នៅ​ក្នុង​វត្ត​ឧណ្ណាលោម មាន​ចេតិយ​ដាក់​តម្កល់​«​ព្រះ​ឧណ្ណាលោម​»​របស់​ព្រះ​ថេរ​មួយ​ព្រះ​អង្គ វា​បាន​ពាក់ព័ន្ធ​ក្នុង​ប្រវត្តិសាស្ត្រ​កាលពី​ជំនាន់​ចម្បាំង​ស្ដេច​កន និង​ចៅពញា​ចន្ទ​រាជា ។

យោង​តាម​គេហទំព័រ​«៥០០០​ឆ្នាំ​»​បរិយាយ​ថា តើ​វត្ត​ណា​ដែល​កើត​មាន​ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ ? ប្រហែលជា​វត្ត​«​ភ្នំ​ដូនពេញ​»​ហើយ​មើលទៅ ប៉ុន្តែ​តាម​ពិត​គឺ​មិនមែន​ទេ ព្រោះ​ចេតិយ​បុរាណ​មួយ​ក្រោយ​វិហារ​វត្ត​«​ឧណ្ណាលោម​» ប្រហែលជា​មាន​អាយុកាល​មុន​វត្ត​«​ភ្នំ​ដូនពេញ​»​ទៅ​ទៀត ហើយ​មនុស្ស​ម្នា​ហៅ​ចេតិយ​នេះ​ថា «​ចេតិយ​ឧណ្ណាលោម​»​។ ព្រះ​វិន័យ​ធម៌​សំ ចាន់ ព្រះ​ជន្ម​៥០​ព្រះ​វស្សា បាន​ឲ្យ​ដឹង​ថា ចេតិយ​នេះ​មាននៅ​ក្នុង​វត្ត​ឧណ្ណាលោម​ជា​យូរយារ​ណាស់​មក​ហើយ ។

នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​ព្រះ​អង្គ តាម​រយៈ​ឯកសារ ចាស់​ៗ​ជា​ច្រើន​ដែល​បន្សល់​ទុក​ពី​ព្រះសង្ឃ មុន​ៗ ជា​ពិសេស​សម្តេចព្រះសង្ឃរាជ​ជួន ណាត ដែល​ជា​ស្ថាបនិក​វចនានុក្រម​ខ្មែរ ។ ព្រះ​អង្គ​សំ ចាន់ មាន​សង្ឃដីកា​ថា ៖ «​ចេតិយ​ឧណ្ណាលោម​មាននៅ​ទី​នេះ​មុន​វត្ត​នេះ​បាន​កសាង​ឡើង​មក​ម្ល៉េះ ។ សម្តេចព្រះសង្ឃរាជ​ជួន ណាត មិន​បាន​បញ្ជាក់​ពិស្តា​រថា តើ​វា​មាន​តាំង​សតវត្សរ៍​ណា​នោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​គ្រាន់តែ​សន្និដ្ឋាន​ថា វា​អាច​មាន​តាំងពី​ព្រះពុទ្ធ​សាសនា​មក​ដល់​ប្រទេស​កម្ពុជា​លើក​ដំបូង​ម្ល៉េះ​»​។

សៀវភៅ​ដែល​ជា​ស្នា​ព្រះ​ហស្ដ​របស់​សម្តេចព្រះសង្ឃរាជ​ជួន ណាត ដែល​ត្រូវ​បាន​ចែក​ជូន​ដល់​ពុទ្ធសាសនិកជន​ពេល​វិហារ​ថ្មី​មួយ​ត្រូវ​បាន​សម្ពោធ​ក្នុង​វត្ត​ឧណ្ណាលោម ក្នុង​ឆ្នាំ​១៩៣៦ បាន​ពិពណ៌នា​ថា ស្តេច​ព្រះ​បរម​រាជា​ពញាយ៉ាត បាន​ប្តូរ​ទីតាំង​ព្រះរាជវាំង​ពី​ទួល​បា​សាណ ក្នុង​ខេត្តកំពង់ចាម មក​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​១៤៣៤ ហើយ​ព្រះ​អង្គ​បាន​សាងសង់​វិហារ​ព្រះពុទ្ធ​សាសនា​ចំនួន​៧ ដែល​ក្នុង​នោះ​រួម​មាន វត្ត​ឧណ្ណាលោម ដែល​អារាម​ទាំងអស់​ត្រូវ​បាន​បញ្ចុះសីមា​ទាំងអស់​ក្នុង​ឆ្នាំ​១៤៤២ ក្រោម​ស្នា​ព្រះ​ហស្ត​ព្រះបាទ​សម្តេច​ពញាយ៉ាត មួយ​ផង​ក្នុង​ទីក្រុង​ថ្មី​នេះ ។

ព្រះ​អង្គ​សំ ចាន់ មាន​សង្ឃដីកា​ថា​៖ «​ឈ្មោះ​វត្ត​ឧណ្ណាលោម​នេះ គឺ​យក​តាម​ឈ្មោះ​ចេតិយ​ឧណ្ណាលោម ដែល​មាន​មុន​នឹង​ចាប់​កកើត​វត្ត​នេះ​មក​ម្ល៉េះ ។ ចេតិយ​នេះ​ខុស​គ្នា​ពី​ចេតិយ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​វា​មាន​កំពូល​ប្រាំ​។ ក្រោយមក​ទៀត​ព្រះសង្ឃ​បាន​កសាង​ជញ្ជាំង​ដោយ​លាប​ពណ៌​មាស តែ​ក៏​បាន​បន្សល់​ទុក​ចន្លោះ​ក្បែរ​ជ្រុង នីមួយ​ៗ ដែល​យើង​រាល់គ្នា​អាច​នៅ​មើល​ថ្ម​បុរាណ​នេះ​ឃើញ​»​។ ផ្នែក​ខាងក្នុង​ចេតិយ​ឧណ្ណាលោម​នេះ​វិញ មាន​ព្រះ​ពុទ្ធរូប​៤​អង្គ​ដាក់​តម្កល់​តាម​ជ្រុង នីមួយ​ៗ និង​មាន​ព្រះពុទ្ធ​រូបអង្គ​ធំ​មួយ​អង្គ​ទៀត​តម្កល់​នៅ​ចំ​កណ្តាល ដែល​ទម្រង់​ព្រះ​ភ័ក្ត្រ នីមួយ​ៗ គឺ​ស្រ​ដៀង​គ្នា​នឹង​ព្រះ​ពុទ្ធរូប​នៅ​ប្រាសាទអង្គរវត្ត​ដែរ ។ ពាក្យ​ថា​ឧណ្ណាលោម​គឺជា​ពាក្យ​បាលី មាន​ន័យ​ថា «​រោម​ប្រជុំ​ចិញ្ចើម​» គឺ​រោម​ដែល​ដុះ​ពី​គល់​ចិញ្ចើម​ទាំង​ពីរ​ស្ថិត​ត្រង់​លើ​ក្តោងច្រមុះ ។មនុស្ស​គ្រប់​គ្នា ហៅ​ចេតិយ​នេះ​ថា ចេតិយ​ឧណ្ណាលោម ពីព្រោះ​ក្នុង​ចេតិយ​នេះ មាន​បញ្ចុះ​ឧណ្ណាលោម ឬ​រោម​ប្រជុំ​ចិញ្ចើម ។

ព្រះ​អង្គ សំ ចាន់ មាន​សង្ឃដីកា​ថា​៖ «​នៅ​ខាងក្នុង​ចេតិយ​មាន​តម្កល់​រោម​ប្រជុំ​ចិញ្ចើម​របស់​ព្រះសង្ឃ​មួយ​អង្គ ប៉ុន្តែ​មិន​មាន​ឯកសារ​ណា​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ព្រះសង្ឃ​អង្គ​នោះ​បាន​ច្បាស់លាស់​ទេ ។ រោម​ប្រជុំ​ចិញ្ចើម​ទាំងនោះ​លាក់​នៅ​ខាងក្នុង​នោះ តែ​មិន​ងាយ​រក​ឃើញ​នោះ​ទេ ។ ពុទ្ធបរិស័ទ​គោរព​បូជា​ដល់​ចេតិយ ដែល​បច្ចុប្បន្ន​នេះ​បាន​រុំ​ព័ទ្ធ​ទៅ​ដោយ​កុដិ​ជា​ច្រើន​នេះ​ណាស់ ។ ពេល​ដែល​ពួក​គេ​ចង់​ប្រារព្ធ​ពិធីបុណ្យ​ណាមួយ​នៅ​ក្នុង​វត្ត ពួក​គេ​ប្រាកដជា​នឹង​ត្រូវ​រៀបចំ​លេងភ្លេង​ពិណពាទ្យ​ដើម្បី​ថ្វាយ ដល់​ចេតិយ​នេះ​មិន​ខាន ។ ជួន​ពេល​ខ្លះ​ក៏​មាន​ពុទ្ធបរិស័ទ​មួយ​ចំនួន​បាន​មក​បន់ស្រន់​នៅ​ទី​នេះ​ផង ។ គេ​ជឿ​ថា​នៅ​ច្រកចូល​ចេតិយ​នេះ​មាន​បារមី​ដែល​អាច​នាំ​ព្រះសង្ឃ​ទៅ​កាន់​ភ្នំ​នានា​បាន ។ ពេល​ដែល​ព្រះសង្ឃ​ចង់​ធ្វើ​សមាធិ ព្រះ​តេជគុណ​ទាំងនោះ​គ្រាន់តែ​និមន្ត​ចូល​ក្នុង​ចេតិយ​នេះ​នឹង​ផុស​ចេញ​នៅ​ព្រៃ​ស្ងាត់ ឬ​ក៏​ភ្នំ​នានា​»​។វត្ត​ឧណ្ណាលោម គឺជា​វត្ត​ដែល​គណៈសង្ឃ​ព្រឹទ្ធាចារ្យ ក្នុង​ប្រទេស​កម្ពុជា​និយម​គង់ អាស្រ័យ​នៅ តាំងពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្ន ។

ព្រះ​អង្គ​សំ ចាន់ ដែល​និមន្ត​ទៅ​គង់នៅ​ក្នុង​វត្ត​ឧណ្ណាលោម​ក្នុង​ឆ្នាំ​១៩៩៣ បានឮ​ថា មាន​កុដិ​មួយ​ចំនួន​ត្រូវ​បាន​ប្រើ​សម្រាប់​ទុកដាក់​អំបិល​អំឡុង​របប​ខ្មែរក្រហម ។ ចំណែក​សៀវភៅ​វិញ​ត្រូវ​រាយ​ប៉ាយ​គ្រប់​ទីកន្លែង​លើ​ដី ប៉ុន្តែ​ចេតិយ​ឧណ្ណាលោម​នេះ មិន​ត្រូវ​បាន​នរណា​ប៉ះពាល់ ដូច​កុដិ​ដទៃ​នោះ​ទេ ។

បន្ទាប់​ពី​វត្ត​អារាម​មួយ​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​រស់រាន​មានជីវិត​មក​វិញ ក្រោយ​សង្គ្រាម វត្ត​នេះ​នៅ​តែ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ព្រះពុទ្ធ​សាសនា​ដដែល ជា​ទីស្នាក់ការ​របស់​ព្រឹទ្ធាចារ្យ​របស់​ពុទ្ធសាសនិកជន​កម្ពុជា​ផង និង​ជា​ទីស្នាក់អាស្រ័យ​របស់​ព្រះសង្ឃ​ប្រមាណ​ជា​ជាង​៣០០​អង្គ និង​និស្សិត​ជាង​៦០០​នាក់​ផង ដែល​កំពុង​តែ​ស្នាក់ និង​គង់នៅ​ដើម្បី​ស្វែងរក​ការ​រៀនសូត្រ​ក្នុង​រាជធានី​ភ្នំពេញ ៕

ទិដ្ឋភាពខាងមុខវត្ត
ទិដ្ឋភាពខាងក្នុងវត្ត
ទិដ្ឋភាពខាងក្នុងវត្ត

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]