នៅក្នុងបណ្តាប្រទេសនីមួយៗតែងតែមានថ្ងៃឈប់សម្រាកប្រចាំឆ្នាំដូចៗគ្នាក្រៅពីថ្ងៃសម្រាកប្រចាំសប្តាហ៍ គ្រាន់តែប្រទេសខ្លះមានចំនួនថ្ងៃសម្រាកតិច ឬច្រើនតែប៉ុណ្ណោះ។ ដោយភាគច្រើនថ្ងៃសម្រាកទាំងអស់នោះទាក់ទងនឹងបុណ្យជាតិ ពិធីបុណ្យសាសនា ថ្ងៃសម្រាកដ៏រីករាយ និងការរំលឹកខួប ឬអនុស្សាវរីយ៍សំខាន់ៗប្រចាំប្រវត្តិសាស្រ្តប្រទេសជាដើម។

នៅក្នុងនោះផងដែរ គេបានរកឃើញថាមានប្រទេសធំៗមួយចំនួន មានថ្ងៃសម្រាកប្រចាំឆ្នាំច្រើនជាងបង្អស់លើលោក ដើម្បីបានលំហែកាយពីការងារដ៏មមាញឹក។

ដូច្នេះចង់ដឹងថា ប្រទេសណាខ្លះមានចំនួនថ្ងៃសម្រាកប្រចាំច្រើនជាងគេ និងមានប៉ុន្មានថ្ងៃ តោះ! តាមដានទាំងអស់គ្នា៖

ថ្ងៃសម្រាកប្រចាំប្រទេសកម្ពុជា

# ប្រទេសកម្ពុជា

ប្រទេសកម្ពុជាមានច្បាប់ឈប់សម្រាកប្រចាំឆ្នាំ ដល់ទៅ ២៨ថ្ងៃ គឺជាចំនួនថ្ងៃសម្រាកច្រើនជាងគេបង្អស់លើពិភពលោក ដោយភាគច្រើនជាថ្ងៃសម្រាកទាក់ទងនឹងបុណ្យព្រះពុទ្ធសាសនា ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ប្រតិទិនរបស់ប្រទេសកម្ពុជាគិតតាមចន្ទគតិ ដូច្នេះថ្ងៃឈប់សម្រាក តែងតែប្រែប្រួលខ្លះៗជារៀងរាល់ឆ្នាំផងដែរ។

បុណ្យឯករាជ្យជាតិនៃប្រទេសកម្ពុជា

# ប្រទេសស្រីលង្កា

ប្រទេសស្រីលង្ការមានថ្ងៃឈប់សម្រាក ២៥ថ្ងៃក្នុងមួយឆ្នាំ ដែលជាបុណ្យដែលពេញនិយមភាគច្រើនប្រចាំប្រទេសទាក់ទងនឹងសាសនាព្រះពុទ្ធ និងថ្ងៃសម្រាកខ្លះទៀតទាក់ទងនឹងសាសនាហិណ្ឌូ ម៉ូស្លីម កាតូលិក និងសាសនាគ្រិស្ត។ គួរឱ្យដឹងផងដែរថា សម្រាប់អ្នកដែលធ្វើការនៅក្នុងថ្ងៃសម្រាក ច្បាប់ការងារមានការបន្ថែមប្រាក់ទ្វេរដងទៀតផង។

Poya Day របស់ប្រទេសស្រីលង្កា

# ប្រទេសឥណ្ឌា

ប្រទេសឥណ្ឌាមានថ្ងៃសម្រាកប្រចាំឆ្នាំចំនួន ២១ថ្ងៃ តែមានថ្ងៃសម្រាកធំៗចំនួន៣ នោះគឺ បុណ្យឯករាជ្យជាតិថ្ងៃទី ១២ខែសីហា បុណ្យសាធារណរដ្ឋថ្ងៃទី ២៦ខែមករា និងពិធីបុណ្យរំលឹកខួបលោក Mahatma Gandhi ថ្ងៃទី២ ខែតុលា។ ក្រៅពីនោះមានថ្ងៃសម្រាកទាក់ទងនឹងពិធីបុណ្យសាសនាជាច្រើនចម្រុះគ្នាដូចជា៖ Diwali , Maha Shivratri, Guru Nanak Jayanti, Vaisakhi, Eid ul-Fitr, Muharram និងថ្ងៃបុណ្យគ្រិស្តម៉ាស (បុណ្យណូអែល)។ ទោះជាយ៉ាងនេះក្តី ប្រទែសឥណ្ឌាមានចំនួនថ្ងៃសម្រាកខុសៗគ្នាតាមប្រភេទរដ្ឋ និងតំបន់ផងដែរ។

ពិធីបុណ្យ Diwali របស់ប្រទេសឥណ្ឌា

# ប្រទេសកូឡុំប៊ី

ប្រទេសកូឡុំប៊ី មានថ្ងៃឈប់សម្រាក ១៨ថ្ងៃក្នុងមួយឆ្នាំ ដោយ ១២ថ្ងៃទាក់ទងនឹងពិធីបុណ្យសាសនាកាតូលិក និង ៦ថ្ងៃទៀតទាក់ទងនឹងថ្ងៃ Civic Holidays។ សម្រាប់ថ្ងៃឈប់សម្រាកសំខាន់ៗនៅក្នុងសាសនាកាតូលិកមានដូចជា៖ Palm និង Easter Sunday។ ចំណែកថ្ងៃឈប់សម្រាករីករាយប្រចាំប្រទេសមានដូចជា ពិធីបុណ្យឆ្លងឆ្នាំថ្មី ពិធីបុណ្យពលកម្មអន្តរជាតិ ពិធីបុណ្យប្រកាសឯករាជ្យជាតិ និងកូឡុំប៊ី Day។

ពិធីបុណ្យរបស់ប្រទេសកូឡុំប៊ី

# ថ្ងៃសម្រាកប្រចាំឆ្នាំរបស់ប្រទេសដទៃទៀត

ក្រៅពីប្រទេសដែលមានថ្ងៃឈប់សម្រាកច្រើនជាងគេបង្អស់ក្នុងលោកខាងលើ មានប្រទេសមួយចំនួនផ្សេងទៀតដែលសុទ្ធសឹងតែមានថ្ងៃសម្រាកប្រចាំប្រទេសច្រើនផងដែរដូចជា៖

- ប្រទេសទ្រីនីដាដ និងតូបាហ្គោ មានថ្ងៃសម្រាកប្រចាំឆ្នាំចំនួន ១៨ថ្ងៃ។

- ប្រទេសចិន និងហុងកុងមានថ្ងៃសម្រាកប្រចាំថ្ងៃចំនួន ១៧ថ្ងៃ ដែលបូកបញ្ចូលទាំងថ្ងៃឆ្លងឆ្នាំសាកល ថ្ងៃចូលឆ្នាំចិន ថ្ងៃឆេងម៉េង Easter Monday និងពិធីបុណ្យបុណ្យពិសាខបូជា (ថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូត) ។

- ប្រទេសថៃក៏មានថ្ងៃឈប់សម្រាកប្រចាំឆ្នាំចំនួន ១៦ថ្ងៃផងដែរ ដែលបូកបញ្ចូលទាំងថ្ងៃឆ្លងឆ្នាំថ្មីបុណ្យសាកល ពិធីបុណ្យសង្ក្រាន Magha Ouja វិសាខបូជា និងទិវាពលកម្មអន្តរជាតិ។ ក្នុងនោះប្រទេសដែលមានថ្ងៃឈប់សម្រាកចំនួន ១៦ថ្ងៃនៅមាន ប្រទេសទួគី និងប្រទេសប៉ាគីស្ថាន។

- ប្រទេសជប៉ុន ម៉ាឡេស៊ី អាហ្សង់ទីន លីទុយអាន វៀតណាម និងស្វីសមានថ្ងៃឈប់សម្រាក ១៥ថ្ងៃដូចគ្នា។

- ប្រទេសឥណ្ឌូនេស៊ី ឈីលី និងស្លូវ៉ាគិ មានថ្ងៃសម្រាកប្រចាំឆ្នាំ ១៤ថ្ងៃ។

- ប្រទេសកូរ៉េខាងត្បូង អូទ្រីស ប៊ែកហ្សិក ន័រវ៉េស តៃវ៉ាន់ និងនេប៉ាល់មានថ្ងៃសម្រាកប្រចាំឆ្នាំចំនួន ១៣ថ្ងៃ។

- ប្រទេសហ្វាំងឡង់ និងប្រទេសរុស្ស៊ី មានថ្ងៃសម្រាកប្រចាំឆ្នាំ ១២ថ្ងៃ។

- ប្រទេសសាំងហ្គាពួ អ៊ីតាលី ដាណឺម៉ាក បារាំង អារ៉ាប់ ម៉ូរុកូ សាធារណរដ្ឋឆែក និងលុច្សស៊ាំបួរ មានថ្ងៃសម្រាកប្រចាំឆ្នាំចំនួន ១១ថ្ងៃ។

ពិធីបុណ្យ និងថ្ងៃឈប់សម្រាករបស់ប្រទេសដទៃទៀត

សម្គាល់៖  

ដូចដែលលោកអ្នកបានដឹងរួចមកហើយថា អ្នកណាៗក៏ចង់មានពេលវេលាសម្រាកពីការងារឱ្យបានច្រើនដែរ ដោយវាពិតជាមានប្រយោជន៍ខ្លាំងណាស់ សម្រាប់លំហែខួរក្បាលមានពេលវេលាសម្រាប់ខ្លួន បង្កើនទំនាក់ទំនងជាមួយក្រុមគ្រួសារ សង្គម និងមិត្តភក្តិផងដែរ។ ប៉ុន្តែការដែលមានថ្ងៃសម្រាកច្រើនជ្រុលខ្លាំងពេក អាចមានផលប៉ះពាល់មួយចំនួនចំពោះសេដ្ឋកិច្ចក្នុងប្រទេសដូចជា ទាក់ទងនឹងវិស័យធនាគារ និងប្រតិបត្តិការវិស័យហិរញ្ញាវត្ថុជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]