ក្នុងឪកាសឆ្នាំថ្មី ២០១៣ នេះ មនុស្សម្នាក់ៗ តែងប្រាថ្នា នូវអ្វីដែលថ្មី និង អ្វីដែលនាំមកនូវភាព ល្អប្រសើរ ព្រមទាំង ចង់បាននូវជីវិត ដែលរីករាយ និង មានសុភមង្គល ផងដែរ។ តែសំនួរ ដែលតែងចោទសួរឡើងនោះគឺថា តើយើងអាចទទួលបាន ជីវិតដ៏រីករាយនេះដោយ របៀបណា? យ៉ាងណាមិញ ថ្ងៃនេះ ខ្មែរឡូត សូមចូលរួម ចែករំលែក នូវគំនិតល្អៗ មួយចំនួន ជូនដល់ប្រិយមិត្ត ទាំងអស់គ្នា ដោយក្នុងនោះ មានវិន័យ ចំនួន ១០ ដែលត្រូវយកមកពិចារណា និង ចងចាំទុកក្នុងចិត្ត ដើម្បីអាចក្លាយខ្លួន ជាមនុស្សរីករាយម្នាក់។

វិន័យទី១៖ ត្រូវមានគំនិតវិជ្ជមាន ប្រកបដោយក្តីសង្ឃឹម សុទិដ្ឋិនិយម និង ជាមនុស្សចិត្តល្អ

ខ្លួនអ្នកផ្ទាល់ ជាអ្នកដែលធ្វើឲ្យខ្លួនឯង ជាមនុស្សរីករាយ ឬ មិនរីករាយបាន ព្រោះថា មនុស្សដែល មានគំនិតអវិជ្ជមាន និង គិតអ្វីដែលអាក្រក់ៗ ជាទូទៅ តែងតែជា មនុស្សដែលមិនសប្បាយចិត្ត។ ព្យាយាមធ្វើជាមនុស្ស ដែលមានចិត្តល្អ ព្រោះនៅពេលដែលអ្នក ធ្វើឲ្យជីវិតអ្នកដទៃ ភ្លឺថ្លាបាន អ្នកក៏អាចធ្វើឲ្យខ្លួនអ្នកភ្លឺថ្លាបានដូចគ្នា។

វិន័យទី២៖ មានគ្រួសារមួយដ៏រីករាយ

ធ្វើល្អជាមួយឪពុកម្តាយរបស់អ្នក និយាយលេង ពិសារអាហារជុំគ្នា ជាមួយគាត់។ ចំពោះប្តីប្រពន្ធវិញ មានចំនុចបី ដែលត្រូវពិចារណា គឺ ស្មោះត្រង់នឹងគ្នា គោរពគ្នាទៅវិញទៅមក និងជឿជាក់លើគ្នា (ឧទាហរណ៍៖ មិនមែនសង្ស័យ ខ្លាច ប្តីឬប្រពន្ធរបស់ខ្លួន ទុកលុយ ហើយមិនសន្សំទុក យកទៅចាយអស់នោះទេ)។

វិន័យទី៣៖  រកការងារណាដែលអ្នកពេញចិត្ត និងចូលចិត្ត

ហេតុផលមួយ ដែលនាំឲ្យមានភាពមិនរីករាយ ក៏អាចបណ្តាលមកពី អ្នកចំណាយពេល ធ្វើការងារ ដែលអ្នកមិនពេញចិត្ត ផងដែរ ដូច្នេះ សំខាន់ខ្លាំងណាស់ ក្នុងការរកការងារមួយ ដែលអាចរកបានចំនូលគួរសម និង ចូលចិត្តក្នុងការងារនោះ។

វិន័យទី៤៖ រាប់អានមិត្តភក្តិល្អៗ

ក្នុងដំណើរជីវិត អ្នកនឹងជួបមិត្តជាច្រើន ដូចជានៅវិទ្យាល័យ សកលវិទ្យាល័យ តាមរយៈកីឡា សកម្មភាពនានា និងនៅកន្លែងធ្វើការ ជាដើម។ ខ្ញុំសង្ឃឹមថាអ្នកនឹងចេះ រក្សាទុក ឬ សន្សំទុក មិត្តភក្តិល្អៗ របស់អ្នក សំដៅទៅលើ មិត្តដែលអាចនៅជាមួយអ្នក ប្រឈមមុខជាមួយគ្នា នៅក្បែរអ្នកជានិច្ច ទោះពេលជួបនឹងរឿង ល្អ ឬ អាក្រក់ រីករាយ កម្សត់ ឬ លំបាកក៏ដោយ។

វិន័យទី៥៖ ហាត់ប្រាណជាប្រចាំ

ការធ្វើលំហាត់ប្រាណ ជួយអោយយើងទទួលបាន សុខភាពល្អ អារម្មណ៍ស្រស់ថ្លា ហើយអ្នកក៏អាច យកការហាត់ប្រាណជា ផ្នែកមួយនៃស្តាយជីវិតរបស់អ្នកបានដែរ (Lifestyle) ព្រោះថា គ្មានមនុស្សណា រីករាយ នៅពេលដែលមានសុខភាពមិនល្អនោះទេ។

វិន័យទី៦៖ ទទួលទានអាហារដោយសប្បាយ

ញ៉ាំអាហារណាដែលជួយដល់សុខភាព និងសមរម្យ ល្មមចិញ្ចឹមរាងកាយគ្រប់គ្រាន់ ហើយចៀសវាង ការបរិភោគហួសប្រមាណ ដោយត្រូវមានវិន័យក្នុងការញ៉ាំឲ្យបានត្រឹមត្រូវ មិនមែនចេះតែញ៉ាំខ្ជះខ្ជាយ និង អោយតែតឹងពោះនោះទេ។

វិន័យទី៧៖ ធ្វើការងារស្មគ័ចិត្ត និង គាំទ្រការស្រលាញ់មនុស្សជាតិ

ទោះបីជាយើងមាន ឬ ក្រ យើងគួរចូលរួមចំណែកក្នុងសង្គម ជួយដល់អ្នកដែល មិនមានជោគវាសនាល្អដូចយើង ព្រោះថា គ្មាននរណាម្នាក់អាចរស់នៅមានភាពរីករាយបាន ដោយរស់ដើម្បីតែខ្លួនឯងនោះទេ។

វិន័យទី៨៖ អានសៀវភៅ និងស្តាប់ ភ្លេង ឬ ចំរៀង

ការអាន ជាទំលាប់មួយដ៏ល្អបំផុត ហើយវាជាប្រភពនាំមកនូវ ភាពរីករាយ និងសុភមង្គល។ វាផ្តល់ចំណេះដឹង ដល់យើងគ្មានដែនកំណត់ ព្រោះវាអាចប្រែក្លាយយើងជាមនុស្សមួយផ្សេងទៀត ដូចជាប្រិយមិត្តកំពុងតែអាន អត្ថបទនេះអញ្ចឹង។ ចំណែក ការស្តាប់ភ្លេង ឬ ចំរៀង ក៏ដូចគ្នាដូច្នេះដែរ គឺផ្តល់នូវភាព សប្បាយរីករាយ។

វិន័យទី៩៖ ចាប់យកភាពរីករាយ តាមរយៈរឿងសាមញ្ញប្រចាំថ្ងៃ

ឧទាហរណ៍ ដូចជា ដាំផ្កា មើលថ្ងៃលិច ជួបមិត្តភក្តិចាស់ៗពីមុនៗ ចូលរួមទស្សនា ខនសឺត Shopping និង New Year Countdown ជាដើម ល។

វិន័យទី១០៖ កុំច្រណែនអ្នកដទៃ

នេះជាដើមហេតុធំមួយ ដែលធ្វើអោយយើងមិនមានភាពរីករាយក្នុងជីវិត ដូចជាខ្ញុំផ្ទាល់ មិនដែលច្រណែនមិត្តភក្តិ ដែលរៀនបានខ្ពង់ខ្ពស់ ដែលគេជាអ្នកមានធូរធារ មានប្រាក់ច្រើន រស់នៅផ្ទះធំស្កឹមស្កៃ ឬ វីឡា ឬ មានឡានថ្លៃៗជិះ ឡើយ។ ដូច្នេះយើងត្រូវចេះរស់នៅ ដោយរីករាយ ដោយធូរស្រាលក្នុងចិត្ត នោះយើងនឹងមានជីវិតដ៏មានន័យ។



តើប្រិយមិត្តយល់ថា ខ្លួនអ្នកជាមនុស្ស ដែលមានភាពរីករាយក្នុងជីវិត ដែររឺទេ? តើធ្លាប់បានសាកល្បង វីន័យណាខ្លះ ក្នុងចំណោមវិន័យទាំង ១០នេះហើយរឺនៅ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]