អាមេរិក៖ ក្នុងវ័យ ៣២ ឆ្នាំ អ្នកស្រី Bo Smith ដែលកើតជំងឺមហារីកសុដន់ បានបង្ហោះរូបបំបៅកូនខ្ចីអាយុ១០ ថ្ងៃ លើបណ្តាញសង្គមហ្វេសប៊ុក ខណៈបង្ហាញស្លាកស្នាមក្រោយកាត់សុដន់ខាងឆ្វេងចោល ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail។

អ្នកស្រី Bo Smith ដែលវះកាត់សុដន់ម្ខាងចោល

គួរបញ្ជាក់ថា អ្នកស្រី Bo ត្រូវបានវិភាគរោគឃើញមានមហារីកដែលធ្វើឱ្យរលាកសុដន់ដ៏កម្រ និងជាប្រភេទកាចក្នុងឆ្នាំ ២០១៥ និងត្រូវបានក្រុមគ្រូពេទ្យប្រាប់ថាអាចមានសង្ឃឹមតែ ៤០% ប៉ុណ្ណោះក្នុងការរស់ផុត ៥ ឆ្នាំទៀត។  

ស្នាមវះកាត់របស់អ្នកស្រី Bo Smith

មុនរឿងហេតុនេះកើតឡើងមួយខែ គូដណ្តឹងរបស់គាត់ឈ្មោះ James Cofer អាយុ ៣៤ ឆ្នាំ បានសុំគាត់រៀបការ ហើយគូស្នេហ៍ទាំងពីរមមាញឹកនឹងការរៀបគម្រោងអាពាហ៍ពិពាហ៍មែនទែន។ ប៉ុន្តែអ្វីៗប្រែជារលាយអស់ ទោះចង់យំក៏យំមិនចេញ ខ្លួនប្រាណប្រែជាស្ពឹកស្រពន់ ទន់អស់ជើងដៃ ពេលគ្រូពេទ្យផ្នែកដុំពកប្រាប់ពីឱកាសរស់ដូចខាងលើ ហើយវាធ្វើឱ្យគាត់អាចនឹងគ្មានកូនទៀតផង។ 

អ្នកស្រី Bo Smith និងគូស្នេហ៍

ទោះយ៉ាងណា គាត់សម្រេចចិត្តកាត់សុដន់ចោលតែម្ខាង ក្រោយទទួលការព្យាបាលដោយគីមី ទាំងចិត្តដែលស្ទើរតែគ្មានសង្ឃឹមថា ទុកបំបៅកូននៅថ្ងៃអនាគត។ ពីរឆ្នាំក្រោយមក គាត់ខំយកកូនតាមវិធីវេជ្ជសាស្ត្រ និងវិធីធម្មជាតិតាមដែលអាចទៅរួច រហូតដល់ព្រឹកមួយ មុនថ្ងៃណូអែលឆ្នាំមុន ៣ ថ្ងៃ គាត់បានពិនិត្យទឹកនោមទាំងមិនរំពឹងថាមានកូន តែលទ្ធផលប្រែជាវិជ្ជមានដែលធ្វើឱ្យត្រេកអរស្ទើរហោះ។ ភ្លាមៗក៏គាត់មិនទាន់ជឿដែរ ទើបពិនិត្យប្រមាណ ៥០ ដងទៀត ខ្លាចក្រែងមិនមែនជាការពិត។

ការពិនិត្យទឹកនោមដើម្បីដឹងថាមានកូនឬអត់

ទីបំផុត កូនប្រុសដ៏គួរឱ្យខ្នាញ់ឈ្មោះ James បានចាប់កំណើតមក ដែលធ្វើឱ្យម្តាយដ៏អភ័ព្វមិននឹកស្មានថាមានថ្ងៃនេះឡើយ។ 

ទារក James ដ៏គួរឱ្យស្រលាញ់ដែលទើបនឹងកើត ១០ ថ្ងៃ

ក្រោយបង្ហោះរូបនេះរួច មនុស្សជាច្រើនបានស្ញើចសរសើរ និងផ្ញើសារលើកទឹកចិត្ត បន្ថែមពីលើការអាណិតអាសូរលើស្ត្រីដែលមកពីរដ្ឋតិចសាសនេះ ដែលនាងហ៊ានបង្ហាញដោយមិនខ្មាសអៀន ជាមួយនឹងពាក្យប៉ុន្មានឃ្លាថា “មិនថាអ្នកមានស្លាកស្នាមអ្វីទេ ត្រូវគិតវិជ្ជមានជានិច្ចចំពោះស្លាកស្នាមទាំងនោះ។ ខ្ញុំបាត់បង់សុដន់ម្ខាងមែន ប៉ុន្តែនៅសល់ម្ខាងទៀតដែរ ដើម្បីបំបៅកូនប្រុសដ៏ស្រស់ស្អាតមួយនេះ។ ស្លាកស្នាមគ្រាន់តែជារឿងរ៉ាវដែលអ្នកធ្លាប់ឆ្លងកាត់ក្នុងជីវិតប៉ុណ្ណោះ ដូច្នេះអ្នកគួរមានមោទនភាពចំពោះស្នាមទាំងនោះ និងចំពោះខ្លួនឯងដែលអាចពុះពាររាល់ឧបសគ្គបាន។” 

អ្នកស្រី Bo Smith

ប៉ុន្មានឃ្លានេះហើយដែលធ្វើឱ្យមនុស្សជាច្រើន ជាពិសេសស្ត្រីជាម្តាយដូចគ្នារំជួលចិត្ត រហូតដល់ស្រក់ទឹកភ្នែកដោយទប់អារម្មណ៍មិនជាប់៕

អ្នកស្រី Bo Smith
អ្នកស្រី Bo Smith និងលោក James Cofer
ទារក James ដ៏គួរឱ្យស្រលាញ់ដែលទើបនឹងកើត ១០ ថ្ងៃ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]