អាមេរិក៖ អាមេរិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតដែលមានភ្ញៀវទេសចរទៅទស្សនាដ៏ច្រើនកុះករ។ ដូចជាយើងដឹងស្រាប់រួចហើយថា សហរដ្ឋអាមេរិកមានរដ្ឋចំនួន ៥០ ហើយរដ្ឋនីមួយៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន។  ដូច្នេះថ្ងៃនេះយើងសូមបង្ហាញអ្នករាល់គ្នាឲ្យមកស្គាល់រដ្ឋ ដែលមានអ្នកទស្សនាដ៏ច្រើនបំផុតនៅសហរដ្ឋអាមេរិក៖

១. កាលីហ្វញ៉ា

ស្ពាន Golden Gate

កាលីហ្វញ៉ាគឺជារដ្ឋដែលមានអ្នកទស្សនាដ៏ច្រើនបំផុតនៅសហរដ្ឋអាមេរិក។ វាគឺជារដ្ឋដ៏រស់រវើក ដែលមានកន្លែងកម្សាន្តជាច្រើនដូចជា សួនឧទ្យានជាតិ Yosemite ស្ពាន Golden Gate សួនកម្សាន្ត Disney land ហូលីវូដ ឆ្នេរសមុទ្រ និងទេសភាពធម្មជាតិដ៏ស្រស់ប្រិមប្រិយដែលកត្តាទាំងនេះពិតជាទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅរដ្ឋនេះ។

២. ផ្លរីដា

ផ្លរីដា
កោះ Amelia

រដ្ឋផ្លរីដាក៏មានឈ្មោះហៅក្រៅថា “Sunshine State” ហើយកន្លែងពិសេសដែលទាក់ទាញភ្ញៀវទេសចរនោះគឺ ឆ្នេរសមុទ្រ និងឧទ្យានកម្សាន្តជាច្រើនដូចជា កោះ Amelia ប្រាសាទ Castillo de San Marcos សួនកម្សាន្ត Walt Disney World និងឆ្នេរសមុទ្រខាងត្បូងជាដើម។

៣. រដ្ឋណេវ៉ាដា

ណេវ៉ាដា
ទីក្រុងឡាសវេហ្គាស

រដ្ឋនេះល្បីតាំងពីឆ្នាំ ១៨៥៩ ដោយសាររដ្ឋនេះគឺជាតបន់ផលិតមាសដ៏ច្រើនបំផុតនៅសហរដ្ឋអាមេរិក។  ទីក្រុងឡាសវេហ្គាសគឺជាទីក្រុងកម្សាន្តដ៏ពេញនិយមបំផុតមួយនៅក្នុងរដ្ឋនេះ ហើយគោលដៅទេសចរណ៍ដ៏ពេញនិយមផ្សេងទៀតរួមមានបឹង Tahoe ទំនប់ Hoover និងជ្រលង Fire State Park ។

៤. រដ្ឋតិចសាស

មជ្ឈមណ្ឌលអវកាសហ៊ូស្តុន

តិចសាស់គឺជារដ្ឋធំទីពីរនៅសហរដ្ឋអាមេរិក ដោយនៅតំបន់ខ្លះគេហៅវាថា រដ្ឋឡូនស្តារ។ កន្លែងទាក់ទាញរបស់រដ្ឋនេះគឺសារមន្ទីរ Alamo នៅ San Antonio ដែលជាតំបន់ប្រវត្តិសាស្ត្រដ៏សំខាន់។  តំបន់ពិសេសផ្សេងទៀតមានដូចជា មជ្ឈមណ្ឌលអវកាសហ៊ូស្តុន សារមន្ទីរជាន់ទី ៦ នៅ Dealey Plaza ក្នុងទីក្រុង Dallas និងឧទ្យានជាតិ Big Bend។

៥. ញូវយ៉ក

រូបសំណាក់សន្តិភាពរបស់អាមេរិក (Statue of Liberty)
តំបន់ពាណិជ្ជកម្ម Times Square

រដ្ឋញូវយ៉កមានកន្លែងពិសេសល្បីៗជាច្រើនរួមមាន តំបន់ពាណិជ្ជកម្ម Times Square ស្ពាន Brooklyn ឧទ្យាន Central Park និងជាពិសេសនោះគឺ រូបសំណាក់សន្តិភាពរបស់អាមេរិក (Statue of Liberty) ដែលតំបន់ទាំងនេះពិតជាមានប្រជាប្រិយភាពខ្លាំងណាស់ក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត។

សរុបមកអាមេរិកគឺជាប្រទេសដ៏ធំដែលមានកន្លែងកម្សាន្តជាច្រើន ដោយហេតុនេះហើយបានជាមានភ្ញៀវទេសចរទូទាំងពិភពលោកមកកម្សាន្តក្នុងប្រទេសនេះ។ យ៉ាងណាមិញក៏មានរដ្ឋផ្សេងៗទៀតដែលមានប្រជាប្រិយភាពខ្លាំងណាស់ដែរ មានដូចជា រដ្ឋហាវ៉ៃ រដ្ឋ Georgia រដ្ឋ Carolina ខាងត្បូង និងរដ្ឋវីជីនី៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]