បើទោះបីជាស្ត្រីមិនសូវត្រូវគេឱ្យតម្លៃ និងត្រូវបានគេជិះជាន់អស់រយៈពេលជាច្រើនសត្សវត្សរ៍យ៉ាងណាក៏ដោយ តែការពិតទៅមានស្ត្រីពូកែៗជាច្រើនដែលបានជាប់ឈ្មោះនៅក្នុងទំព័រប្រវត្តិសាស្រ្ត ជាអ្នកដឹកនាំ និងជាក្សត្រីដ៏អង់អាចផងដែរ។ ភាគច្រើនស្ត្រីទាំងនោះ សុទ្ធសឹងតែជាមនុស្សស្រីដែលមានចំណេះដឹង មានភាពឆ្លាតវៃ រឹងមាំ និងជាអ្នកដឹកនាំដ៏អស្ចារ្យ រហូតដល់មនុស្សប្រុសមិនអាចធ្វើបានដូចនៅក្នុងការគ្រប់គ្រងប្រទេស និងការពារ ឬពង្រីកដែនដីជាដើម។

ដូច្នេះមកតាមដានប្រវត្តិស្ត្រីដ៏អស្ចារ្យ រួមទាំងការតស៊ូ និងការលះបង់របស់ពួកនាងទាំងអស់គ្នា៖

១៥. ក្សត្រី Zenobia (ឆ្នាំ ២៤០-២៧៥)

Zenobia គឺជាម្ចាស់ក្សត្រីក្នុងចក្រភព Palmyrene ប្រទេសស៊ីរី ដែលបានធ្វើការក្រោកឈរប្រឆាំងនឹងចក្រភពរ៉ូម៉ាំងក្នុងសត្សវត្សរ៍ទី៣។ ម្ចាស់ក្សត្រីថែមទាំងបានធ្វើការច្បាំងយកប្រទេស អេហ្ស៊ីប អាណាតូលី លីបង់ និងរ៉ូម៉ាំងយូដាបានសម្រេចផងដែរ តែទីបំផុតត្រូវបានចាញ់ក្រោមស្នាដៃអធិរាជ Aurelain នៃចក្រភពរ៉ូម៉ាំង។

ក្សត្រី Zenobia

១៤. ព្រះចៅផារ៉ាអុង Cleopatra ( ឆ្នាំ ៦៩-៣០ មុនគ្រិស្កសករាជ)

Cleopatra គឺជាព្រះចៅផារ៉ាអុងចុងក្រោយគេបង្អស់នៃរាជវង្ស Ptolemaic ប្រទេសអេហ្ស៊ីប ដែលមិនត្រឹមតែមានសម្រស់ស្រស់ស្អាតលើសគេទេ តែទ្រង់ជាស្ត្រីដែលមានចំណេះដឹងខ្ពង់ខ្ពស់ និងមានភាពឆ្លាតវៃបំផុតផងដែរ ដែលថែមទាំងជាអ្នកគ្រប់គ្រងប្រទេសឱ្យមានការរីកចម្រើនគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ចប្រទេសជាតិទៀតផង។ លើសពីនេះម្ចាស់ក្សត្រីថែមទាំងមានរឿងអាស្រូវទំនាក់ទំនងស្នេហាជាច្រើន ជាមួយនឹងមេទ័ពល្បីៗរបស់ចក្រភពរ៉ូម៉ាំង២រូបផងដែរ គឺ Julius Caesar និង Marc Anthony (តាមប្រវត្តិសាស្រ្តបាននិយាយថា ម្ចាស់ក្សត្រីប្រើសម្រស់ដើម្បីការពារទឹកដី)។  

ព្រះចៅផារ៉ាអុង Cleopatra

១៣. Lakshmibai (ឆ្នាំ ១៨២៨-១៨៥៨)

Lakshmibai គឺជាម្ចាស់ក្សត្រីមួយរូបដែលគ្រប់គ្រងរដ្ឋ Jhansi ប្រទេសឥណ្ឌា និងជាអ្នកដែលដឹកនាំការបះបោរមួយផងដែរនៅក្នុងឆ្នាំ ១៨៥៧ ដែលត្រូវបានគេដឹងថាជា សង្គ្រាមដំបូងគេបង្អស់ដើម្បីក្រោកឈរប្រឆាំងនឹងការឈ្លានពានពីប្រទេសអង់គ្លេស។ ក្រោយមកម្ចាស់ក្សត្រីត្រូវបានគេប្រទានងារថា the Indian Joan of Arc ជានិមិត្តរូបដែលបានធ្វើការដឹកនាំ ប្រឆាំង និងកាន់កាប់កងទ័ព ទប់ទល់នឹងការឈ្លានពានដោយផ្ទាល់ថែមទៀតផង។

ក្សត្រីLakshmibai

១២. Joan of Arc (ឆ្នាំ ១៤១២-១៤៣១)

Joan of Arc មានឈ្មោះហៅក្រៅថា the Maid of Orleans គឺជាវីរនារីជនជាតិបារាំងម្នាក់ និងជាសាវ័កដ៏បរិសុទ្ធរបស់សាសនារ៉ូម៉ាំងកាតូលិកផងដែរ ដោយមានស្នាដៃដឹកនាំកងទ័ពបារាំងប្រឆាំងតទល់ទៅនឹងអង់គ្លេសក្នុងការប្រយុទ្ធមួយនៅ Orleans តែទីបញ្ចប់នាងត្រូវបានកងទ័ពអង់គ្លេសចាប់ខ្លួន និងដុតសម្លាប់ទាំងរស់។ ការលះបង់ និងតួនាទីរបស់នាងក្នុងការរំដោះប្រទេសបារាំងពីអង់គ្លេស បានធ្វើឱ្យនាងជាស្ត្រីដែលមានកិត្តិយស និងទទួលបានការគោរពពីជនជាតិបារាំងទូទាំងប្រទេស ថែមទាំងបានផ្តល់នាមឱ្យនាងថា Joan of Arc ។

Joan of Arc

១១. ក្សត្រី Borte Ujin (ឆ្នាំ ១១៦១-១២៣០)

Borte Ujin គឺជាមហេសីរបស់អធិរាជ Genghis Khan នៃចក្រភពម៉ុងហ្គោល ដែលជាប្រទេសដែលមានទឹកដីធំជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត។ ម្ចាស់ក្សត្រី គឺជាអ្នកដែលប្រឹក្សា និងផ្តល់យោបល់ដ៏ល្អម្នាក់របស់អធិរាជ Genghis Khan ដែលយើងអាចហៅបានថាក្រោយខ្នងបុរសខ្លាំងម្នាក់ គឺមានមនុស្សស្រីដ៏ពូកែម្នាក់គាំទ្រ។ បន្ថែមពីនេះម្ចាស់ក្សត្រីថែមទាំងជាអ្នកគ្រប់គ្រងទឹកដីម៉ុងហ្គោលទាំងមូលអស់រយៈពេលជាច្រើនឆ្នាំផងដែរ នៅពេលដែលព្រះអធិរាជកំពុងតែធ្វើសង្គ្រាមនៅក្នុងសមរភូមិ។

Borte Ujin

១០. អ្នកស្រី Indira Ghandi (ឆ្នាំ ១៩១៧-១៩៨៤)

Indira Ghandi គឺជានាយករដ្ឋមន្ត្រីស្រីដំបូងគេ និងតែមួយគត់នៃប្រទេសឥណ្ឌា ដែលបានធ្វើការគ្រប់គ្រងប្រទេសបាន ៤ អាណត្តិ ក្នុងចន្លោះពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៨៤។ ទោះបីជាអ្នកស្រីគឺជានាយករដ្ឋមន្ត្រីដែលបានកាន់តំណែងដោយមានភាពចម្រូងចម្រាស់យ៉ាងណាក៏ដោយ តែអ្នកស្រីជាមនុស្សដែលមានឥទ្ធិពល និងមានអំណាចម្នាក់ ដែលបានកសាងស្នាដៃដឹកនាំសង្គ្រាមរហូតទទួលបានជ័យជំនះលើប្រទេសប៉ាគីស្ថាន និងបានបង្កើតប្រទេសបង់ក្លាដែសផងដែរ។ តែទីបំផុតអ្នកស្រីក៏ត្រូវបានអង្គរក្សផ្ទាល់ខ្លួនធ្វើឃាត រហូតដល់បាត់បង់ជីវិតនៅអំឡុងពេលផ្ទុះអំពើកុបកម្មមួយនៅក្នុងប្រទេស។

អ្នកស្រី Indira Ghandi

៩. អ្នកស្រី Margaret Thatcher (ឆ្នាំ ១៩២៥-២០១៣)

Margaret Thatcher គឺជានាយករដ្ឋមន្ត្រីស្រ្តីដំបូងបង្អស់នៃចក្រភពអង់គ្លេស នៅក្នុងចន្លោះឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩០។ អ្នកស្រីត្រូវបានគេដឹងថាជាអ្នកដែលកាន់អំណាច ក្នុងប្រទេសយូរជាងគេនៅក្នុងសត្សវត្សន៍ទី ២០ និងត្រូវបានសហភាពសូវៀតដាក់រហ័ស្សនាមថា «ស្ត្រីដែកថែប» ផងដែរដោយសារតែភាពរឹងរុះ មិនចុះញ៉មរបស់អ្នកស្រី។ អ្នកស្រីក៏មានស្នាដៃយ៉ាងធំធេង នៅក្នុងការដឹកនាំប្រទេសឱ្យយកឈ្នះប្រទេសអាហ្សង់ទីននៅក្នុងសង្គ្រាម Falklands ក្នុងឆ្នាំ ១៩៨២ ។

អ្នកស្រី Margaret Thatcher

៨.Theodora (ឆ្នាំ ៥០០-៥៤៨)

Theodora គឺជាម្ចាស់ក្សត្រីដ៏មានឥទ្ធិពលម្នាក់នៃចក្រភព Byzantine និងជាសាវ័កដ៏បរិសុទ្ធនៃព្រះវិហារ Eastern Orthodox Church ។ ក្រោយពីបានរៀបអភិសេកជាមួយនឹងព្រះចៅអធិរាជ Justinian ម្ចាស់ក្សត្រីមិនត្រឹមតែជាទីប្រឹក្សាដ៏ពូកែវាងវៃម្នាក់របស់ទ្រង់នោះទេ តែនាងបានប្រើប្រាស់ និងបញ្ចុះបញ្ចូលទ្រង់ដើម្បីសម្រេចបំណងដែលនាងចង់បានផងដែរ។ ទីបំផុតម្ចាស់ក្សត្រីបានចាប់ផ្តើមគ្រប់គ្រងកិច្ចការងារបរទេស និងតាក់តែងច្បាប់ទាក់ទងនឹងការលុបបំបាត់អំពើហិង្សា ទាមទារសិទ្ធឱ្យស្រ្តី រួមទាំងប្រឆាំងនឹងការជួញដូរស្ត្រី ជាពិសេសគឺបង្កើតនិតិវិធីក្នុងការលែងលះឱ្យកាន់តែប្រសើរឡើងជាដើម។

ក្សត្រី Theodora

៧. Queen Victoria (ឆ្នាំ ១៨១៩-១៩០១)

Queen Victoria គឺជាម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេស ដែលបានធ្វើការគ្រប់គ្រងប្រទេសអង់គ្លេសទាំងមូលលាតសន្ធឹងទឹកដីធំធេងដល់ទៅ ៦ទ្វីបឯណោះ ក្នុងរយៈពេល ៦៣ឆ្នាំ រហូតជាប់ឈ្មោះជាអ្នកដែលដឹកនាំប្រទេសយូរបំផុតក្នុងប្រវត្តិសាស្រ្តលំដាប់ទី២។ ក្រោមការគ្រប់គ្រងរបស់ទ្រង់ ទ្រង់បានលុបបំបាត់វណ្ណៈទាសករ ព្រមទាំងបានផ្តល់សិទ្ធឱ្យគ្រប់គ្នាអាចធ្វើការបោះឆ្នោត ដែលកាលពីមុនមានតែបុរសប៉ុណ្ណោះដែលបោះឆ្នោតបាន ។ បន្ថែមពីនោះទ្រង់បានកែប្រែទម្រង់ពលកម្មការងារ ដែមទាំងបានធ្វើការផ្លាស់ប្តូរវប្បធម៌ នយោបាយ និងការងារទ័ព យោធាសំខាន់ៗឱ្យកាន់តែល្អប្រសើរជាងមុននៅក្នុងរបបគ្រប់គ្រងរបស់ទ្រង់ផងដែរ។

Queen Victoria

៦. ម្ចាស់ក្សត្រយានី Cixi (ឆ្នាំ ១៨៣៥-១៩០៨)

ម្ចាស់ក្សត្រយានី CIxi គឺជាព្រះមាតារបស់ព្រះចៅអធិរាជ និងជាអ្នកដែលគ្រប់គ្រងប្រទេសចិនទាំងមូលដោយប្រយោលអស់រយៈពេល ៤៧ឆ្នាំ ពោលចាប់ពីឆ្នាំ ១៨៦១ ដល់ឆ្នាំ ១៩០៨។ ក្រោមការគ្រប់គ្រងរបស់ទ្រង់ ទ្រង់បានធ្វើកំណែទម្រង់បច្ចេកទេស និងទ័ព បំបាត់អំពើពុករលួយ រួមទាំងធ្វើការប្រឆាំងនឹងពួកបរទេសលោកខាងលិច ប្រឆាំងនឹងអាណានិយម និងប្រឆាំងនឹងសាសនាដទៃផ្សេងៗ ដែលមានឈ្មោះថា Boxer Rebellion នៅក្នុងឆ្នាំ ១៨៩៩-១៩០១ ទៀតផង។

ម្ចាស់ក្សត្រយានី Cixi

៥. Maria Theresa នៃអូទ្រីស(ឆ្នាំ ១៧១៧-១៧៨០)

ម្ចាស់ក្សត្រី Maria Theresa គឺជាអធិរាជនៃអាណាចក្រ Hapsburg ដែលបានគ្រងរាជសម្បត្តិ និងគ្រប់គ្រងទឹកដីមួយផ្នែកធំនៃទ្វីបអឺរ៉ុបអស់រយៈពេលដល់ទៅ ៤០ឆ្នាំ ដូចជាប្រទេសអូទ្រីស ហុងគ្រី ក្រូអាត បូហេម៉ា និងផ្នែកមួយចំនួននៃប្រទេសអ៊ីតាលី។ ក្នុងរបបគ្រប់គ្រងរបស់ទ្រង់ ទ្រង់បានកែប្រែទម្រង់អប់រំជាច្រើនដោយបានបង្កើតរាជបណ្ឌិតសភាវិទ្យាសាស្ត្រ និងអក្សរសិល្ប៍នៅក្នុងប្រទេសប្រ៊ុចសែល និងផ្តល់ការគាំទ្រក្នុងការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តផងដែរ។ បន្ថែមពីនោះ ទ្រង់បានដំឡើងពន្ធ និងធ្វើកំណែទម្រង់នៅក្នុងវិស័យពាណិជ្ជកម្ម ក៏ដូចជាពង្រឹងផ្នែកកងទ័ពអូទ្រីសទៀតផង។

Maria Theresa of Austria

៤. Hatshepsut (ឆ្នាំ ១៥០៨-១៤៥៨ មុនគ្រិស្តករាជ)

Hatshepsut គឺជាព្រះចៅផារ៉ាអុងអេហ្ស៊ីបបុរាណ ដែលមានស្នាដៃដ៏ឆ្នើមនៅក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស។ ម្ចាស់ក្សត្រីបានសាងសង់សំណង់សំខាន់ៗជាច្រើន បង្កើតជំរុំទ័ពទៅក្នុងតំបន់ នីប៊ូ ស៊ីរី និងឡេវ៉ាន ហើយថែមទាំងបានកែប្រែទម្រង់ពាណិជ្ជកម្មដែលបានខូចខាតផងដែរ។

Hatshepsut

៣. Catherine the Great (ឆ្នាំ ១៧២៩-១៧៩៦)

ម្ចាស់ក្សត្រី Catherine the Great ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ក្សត្រី Catherine ទី២ កើតនៅក្នុងប្រទេសប៉ូឡូញ និងជាម្ចាស់ក្សត្រីនៃប្រទេសអាឡឺម៉ង។ ក្រោយពីទ្រង់បានរៀបអភិសេកជាមួយនឹងស្តេចនៃប្រទេសរុស្ស៊ី ទ្រង់ក៏បានដណ្តើមរាជ្យពីស្វាមីរបស់ទ្រង់ និងគ្រប់គ្រងប្រទេសដោយខ្លួនឯងអស់រយៈពេល ៣៤ឆ្នាំ។ នៅក្នុងរបបគ្រប់គ្រងរបស់ទ្រង់ ទ្រង់បានធ្វើទំនើបកម្មនៃច្បាប់ Peter the Great’s work ក្នុងប្រទេសរុស្ស៊ី ថែមទាំងបានកម្ចាត់ចក្រភពអូតូម៉ុង និងពង្រីកទឹកដីចក្រភពរុស្ស៊ីឱ្យកាន់តែធំជាងមុនផងដែរ។ នៅក្នុងរបបគ្រប់គ្រងរបស់ទ្រង់ត្រូវបានគេដឹងថាជាយុគសម័យដ៏រីកចម្រើនបំផុត ឬហៅថាយុគមាស។

Catherine the Great

២.អធិរាជស្តេចស្រី អ៊ូ ចឺធៀន (ឆ្នាំ ៦២៤-៧០៥)

អ៊ូចឺធៀន គឺជាអធិរាជស្តេចស្រីដំបូងគេបង្អស់ និងតែមួយគត់នៅក្នុងប្រវត្តិសាស្រ្តប្រទេសចិន ព្រមទាំងបានកើត និងរស់នៅក្នុងរាជវង្សថាង។ ជាមនុស្សស្រីដែលមានភាពឆ្លាតវៃ និងមានចំនេះដឹងខ្ពង់ខ្ពស់ ទ្រង់បានគ្រប់គ្រង ពង្រីកទឹកដី ព្រមទាំងបានកែទម្រង់ សេដ្ឋកិច្ច និងវិស័យអប់រំក្នុងប្រទេសឱ្យកាន់តែរីកចម្រើនឡើងៗជាលំដាប់។ ទោះជាយ៉ាងនេះក្តី គ្រប់គ្នាបានចាត់ទុកថា ទ្រង់ជាមនុស្សស្រីដែលសម្បូរល្បិចកល មានស្វាមីជាអធិរាជដល់ទៅ២ជំនាន់ពីឪពុកដល់កូន ជាពិសេសគឺជាមនុស្សស្រីឃោរឃៅផ្តាច់ការ ថែមទាំងមានពាក្យចចាមអារ៉ាមថា ទ្រង់ថែមទាំងបានសម្លាប់កូនខ្លួនឯងដើម្បីអំណាចផងដែរ។

អធិរាជស្តេចស្រី អ៊ូ ចឺធៀន

១. Elizabeth ទី១ ( ឆ្នាំ ១៥៣៣-១៦០៣)

Elizabeth គឺជាម្ចាស់ក្សត្រីដែលមានអំណាច និងឥទ្ធិពលបំផុតនៅក្នុងប្រទេសអង់គ្លេស ថែមទាំងជាក្សត្រីដែលរក្សាភាពបរិសុទ្ធសុខចិត្តមិនរៀបការទៀតផង។ ទ្រង់បានធ្វើការបង្ក្រាបកងទ័ព Spanish Armada នៃប្រទេសអេស្ប៉ាញ ថែមទាំងបានគ្រប់គ្រងប្រទេសប្រកបដោយភាពសុខសាន្តអស់រយៈពេលជាច្រើនឆ្នាំផងដែរ ពោលគឺចាប់ពីឆ្នាំ ១៥៥៨ ដល់ឆ្នាំ ១៦០៣ ដែលសម័យនោះមានឈ្មោះថា Elizabethan Era។ ក្នុងនាមជាក្សត្រនៃរាជវង្ស Tudor ចុងក្រោយបង្អស់ ទ្រង់បានកែទម្រង់វប្បធម៌នៅក្នុងប្រទេសជាច្រើនដូចជា ផ្នែកអក្សរសាស្រ្ត វិទ្យាសាស្រ្ត និងសិល្បៈជំនាន់ថ្មី (Renaissance) ថែមទាំងកែប្រែប្រទេសអង់គ្លេសឱ្យក្លាយជាប្រទេសកាន់គ្រិស្តសាសនាយ៉ាងខ្ជាប់ខ្ជួនផងដែរ (Protestant country) ៕

Elizabeth ទី១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]