ចិន៖ បុរសជាឪពុក រួមនឹងស្រ្តីជាម្តាយ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ ក្រោយបង្ហោះចែកចាយវីដេអូឃ្លីប ដែលបង្ហាញពីកូនស្រីវ័យទើបតែ ៦ឆ្នាំសោះ ហ៊ានបណ្តោយឲ្យបើកឡាន ទាំងប្រថុយគ្រោះថ្នាក់ និងថែមទាំងអួតសរសើរពីភាពប៉ិនប្រសប់របស់កូនខ្លួន ធ្វើឲ្យអ្នកទស្សនាឃើញហើយ រន្ធត់ចិត្តជំនួសជាខ្លាំង។

វីដេអូឃ្លីបនេះ ត្រូវបានថតឡើងដោយឪពុកក្មេងស្រីផ្ទាល់ ដែលត្រូវបានគេកំណត់អត្តសញ្ញាណមានត្រកូលថា Yu នៅពេលដែលគ្រួសាររបស់គាត់ បានធ្វើដំណើរកាត់តាមដងផ្លូវតូចចង្អៀតមួយ ស្ថិតក្នុងតំបន់ Chongyang ភាគកណ្តាល ខេត្ត Hubei ប្រទេសចិន។

ក្មេងស្រីអាយុ៦ឆ្នាំ ឪពុកម្តាយឲ្យបើកឡាន

ជាក់ស្ដែង បើតាមរយៈវីដេអូឃ្លីប បានបង្ហាញយ៉ាងច្បាស់ពីសកម្មភាព របស់ក្មេងស្រីវ័យទើបតែ ៦ឆ្នាំខាងលើ ខំប្រឹងទាញដៃបង្វែរ ឬកាច់ចង្កូតឡានយ៉ាងស្វាហាប់ ខណៈដែលភ្នែករំពៃមើលទៅមុខជាប់ជានិច្ច។

ចំណែកឯ បុរសជាឪពុកដែលអង្គុយនៅកាប៊ីនជាប់នាងតូច និងកំពុងតែថតវីដេអូសកម្មភាពនាងផងនោះ គេក៏អាចឮសូរសម្លេងគាត់ប្រាប់កូនស្រីខ្លួនឯងថា ឲ្យខំប្រឹងបើកបន្តទៅមុខទៀត។

«ឥឡូវកូនអាចបើកបរនៅលើផ្លូវតូចចង្អៀតបានហើយ ដូច្នេះកូននឹងអាចបើកនៅលើផ្លូវ តាមដងមហាវិថីធំៗបានជាមិនខាន។ កូនពិតជាពូកែមែន!» លោក Yu និយាយ។

និយាយមិនទាន់ចប់ពីមាត់ផង ស្រាប់តែក្មេងស្រីខាងលើនេះ ហាក់ស្ទាក់ស្ទើរជាខ្លាំង នៅពេលដែលនាងបើកជិតដល់ ស្ពានទ្រុឌទ្រោមមួយកន្លែង ហើយនាងក៏បានសុំឲ្យឪពុករបស់នាងបើកជំនួសវិញម្តង ដើម្បីឆ្លងផុតពីស្ពាននោះ។

ផ្ទុយទៅវិញ បុរសជាឪពុកឆ្លើយតបវិញថា «កូនអាចធ្វើវាបាន! កូនគ្រាន់តែបើកវាយឺតៗទៅ!» ។ ស្របពេលដែលស្រ្តីជាម្តាយ ដែលត្រូវបានគេស្គាល់ឈ្មោះថា Ge អង្គុយនៅកាប៊ីនខាងក្រោយ ក៏បានឆ្លើយឆ្លងដែរថា «កូនពិតជាអាចបើកឆ្លងផុតបាន មិនថាតែស្ពានចាស់ទ្រុឌទ្រោមនោះទេ!»

ប៉ូលិសឃាត់ខ្លួនឪពុកម្តាយ ដើម្បីធ្វើការសាកសួរ

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្រោយមកលោក Yu ក៏បានផ្ញើវីដេអូកូនស្រីបើកឡានរបស់គាត់នេះ ទៅឲ្យបងប្អូនសាច់ញាតិគាត់មើល តាមរយៈបណ្តាញសង្គម WeChat របស់ចិន។

ប៉ុន្តែនៅទីបំផុត វីដេអូឃ្លីបនេះ ក៏ត្រូវបានចែកចាយបន្តគ្នា ពីម្នាក់ទៅម្នាក់ទៀត ដោយរងនូវការរិះគន់ជាខ្លាំង រហូតត្រូវបានប៉ូលិសក្នុងតំបន់ តាមស៊ើបអង្កេតនិងកំណត់មុខសញ្ញា ដើម្បីចាប់ឃាត់ខ្លួនអាណាព្យាបាលក្មេងស្រីតែម្តង។

នៅចំពោះមុខសមត្ថកិច្ច បុរសជាឪពុកបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនហ៊ានបណ្តោយកូនស្រីឲ្យធ្វើរឿងបែបនេះ ក៏ព្រោះតែនៅគ្រានោះ តាមដងផ្លូវមានសភាពស្ងាត់ជ្រងំ គ្មានរថយន្តដទៃបើកធ្វើដំណើរឡើយ។

លោក Yu បន្តថា លោកគ្រាន់តែផ្ញើវីដេអូឃ្លីប កូនស្រីរបស់លោកបើកឡាននេះ ទៅឲ្យបងប្អូនសាច់ញាតិមើល ដើម្បីចង់អួតពួកគេលេងតែប៉ុណ្ណោះ គ្មានអ្វីលើសនេះនោះទេ។

«ឥឡូវនេះខ្ញុំដឹងហើយថា សកម្មភាពរបស់ខ្ញុំធ្វើនេះ វាពិតជាផ្តល់ផលប៉ះពាល់បែបអវិជ្ជមានយ៉ាងខ្លាំងដល់សង្គម។ ពួកយើងគួរតែយកចិត្តទុកដាក់ ផ្តោតសំខាន់ទៅលើសុវត្ថិភាពកូនៗរបស់ពួកយើង និងអ្នកធ្វើដំណើរដទៃទៀត ក្នុងអំឡុងពេលបើកបរ» លោក Yu និយាយ។

ប៉ូលិសឃាត់ខ្លួនឪពុកម្តាយ ដើម្បីធ្វើការសាកសួរ

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ច្បាប់បានកំណត់ដាក់ទោសស្រ្តីជាម្តាយ ដែលអង្គុយនៅកាប៊ីនខាងក្រោយ ក៏ព្រោះតែនាងបានបោះបង់កៅអីអ្នកបើកបរ ដើម្បីឲ្យកូនស្រីរបស់ខ្លួនជាអ្នកឡើងអង្គុយ និងកាន់ចង្កូតបើកបរជំនួសវិញ ដោយធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន ២,០០០យ័ន (ឬប្រហែល ២៩០ដុល្លារអាមេរិក) និងថែមទាំងត្រូវបានធ្វើការដកហូតអាជ្ញាប័ណ្ណបើកបររបស់នាង ពីបទអនុញ្ញាតឲ្យក្មេងមិនទាន់គ្រប់អាយុបើកបរផងដែរ។

សូមបញ្ជាក់ថា យោងទៅតាមច្បាប់ និងបទបញ្ញត្តិនៃការដឹកជញ្ជូនក្នុងប្រទេសចិន មានតែមនុស្សពេញវ័យ ដែលមានអាយុលើសពី ១៨ឆ្នាំតែប៉ុណ្ណោះ ដែលមានសិទ្ធដាក់ពាក្យសុំ និងកាន់ប័ណ្ណបើកបរបាន ៕  

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]