ជាការពិត បើទោះបីសូកូឡាខ្មៅ (Dark Chocolate) មួយចំនួន មានតម្លៃថ្លៃគួរសម្យ ប៉ុន្តែសម្រាប់អ្នកចូលចិត្តហូបសូកូឡានេះ ពុំមែនជាបញ្ហាឡើយ។ វាមានរសជាតិល្វីងតិចៗ ដូចកាហ្វេ និង ញ៉ាំហើយជក់មាត់ចង់ញុំាទៀត។

ពុំដូចនឹងសូកូឡាធម្មតាដែលមានលាយនូវសារធាតុផ្អែម ឬ ទឹកគោនោះទេ ប៉ុន្តែសូកូឡាខ្មៅ មានលក្ខណៈសុទ្ធធម្មជាតិសំបូរទៅដោយសារធាតុចិញ្ចឹម ជាច្រើនដែលផ្តល់ផលវិជ្ជមានយ៉ាងច្រើនសម្រាប់សុខភាពរាងកាយរបស់យើង។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង ៤ យ៉ាង នៃសូកូឡាខ្មៅ៖ 

១. ល្អសម្រាប់ចរន្តឈាម

សារធាតុប្រឆាំងនឹងជាតិពុលទទួលបានពីសូកូឡា បានដើរតួនាទីយ៉ាងសកម្មក្នុងការជួយសម្រួលដល់សរសៃឈាម  ដែលជាហេតុធ្វើឲ្យការដឹកនាំនៃសារធាតុចិញ្ចឹមជាច្រើនតាមចរន្តឈាមពុំមានការរំខាន និងដឹកជញ្ចូនបានច្រើន សម្រាប់ផ្តល់ឲ្យកោសិកាទាំងឡាយក្នុងរាងកាយយើងពីក្បាលដល់ចុងជើង។

ជាក់ស្តែងនៅពេលលំហូរនៃចរន្តឈាមមានភាពប្រសើរ  ធ្វើឲ្យរាល់សារធាតុចិញ្ចឹម និងអុកស៊ីសែន អាចនាំទៅឲ្យកោសិកា ដែលត្រូវការសារធាតុសំខាន់ទាំងនេះ រាល់វិនាទី។

សូកូឡាខ្មៅ

២. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

យោងតាមការសិក្សាអំពីឥទ្ធិពលនៃសារធាតុប្រឆាំងនឹងជាតិពុល ទទួលបានពីសូកូឡា ជាមួយនឹងការវិវឌ្ឍន៍នៃជំងឺបេះដូងបានបង្ហាញឲ្យឃើញថា សារធាតុពិសេសមួយប្រភេទនេះមិនត្រឹមតែជួយសម្រួលដល់លំហូរនៃចរន្តឈាមនោះទេ វាថែមទាំងជួយយ៉ាងសកម្មក្នុងការកាត់បន្ថយនៃសារធាតុកូលេស្តេរ៉ុលមិនល្អ ដែលមានតោងនៅតាមបណ្តោយសរសៃឈាមផងដែរ។

វាជួយបង្ការការវិវឌ្ឍន៍នៃជំងឺបេះដូង តាមរយៈការបំបាត់ចោលនូវកត្តាចំបងដែលតែងតែជាមូលហេតុនៃជំងឺបេះដូង គឺការប្រមូលផ្តុំនៃសារធាតុកូលេស្តេរ៉ុល ឬ កករនៃសារធាតុដទៃទៀត។

ការហូបសូកូឡាខ្មៅយ៉ាងតិច ២ដងក្នុង១សប្តាហ៍ ត្រូវបានគេរកឃើញថា ជួយកាត់បន្ថយនូវហានិភ័យនៃជំងឺបេះដូងគួរឲ្យកត់សម្គាល់។

សូកូឡាខ្មៅ

៣. ប្រឆាំងនឹងជំងឺទឹកនោមផ្អែម

ការហូបសូកូឡាខ្មៅត្រូវបានស្រាវជ្រាវឃើញថា វាបានកាត់បន្ថយនូវបញ្ហា ភាពរេស៊ីស្តង់នៃអាំងស៊ុយលីន ដែលជាបញ្ហាមេកានិចមួយ ធ្វើឱ្យកោសិកាមិនទទួលស្គាល់ និងមិនអាចភ្ញោចពីអរម៉ូននេះ  សម្រាប់ធ្វើការស្រូបយកនូវសារធាតុស្ករពីក្នុងឈាម។ បញ្ហានៃការលើសជាតិស្ករក្នុងចរន្តឈាមញឹកញាប់ បណ្តាលឲ្យរលាកដល់កោសិកាទាំងឡាយ និងជាដើមហេតុនៃជំងឺទឹកនោមផ្អែមនេះឯង។

បើទោះបីជាយ៉ាងណាក៏ដោយ ការហូបសូកូឡា អាចជួយបន្ធូរនូវបញ្ហាមួយនេះផងដែរតាមរយៈសារធាតុប្រឆាំងនឹងជាតិពុលពិសេសម៉្យាង ដែលវាបានចូលរួមចំណែកក្នុងការផលិតនូវឧស្ម័ននីទ្រិចអុកស៊ីត ដែលជាភ្នាក់ងារជួយធ្វើឲ្យ អរម៉ូនអាំងស៊ុយលីនមានដំណើរការធម្មតាវីញ។

សូកូឡាខ្មៅ

៤. ល្អសម្រាប់ខួរក្បាល

អ្នកដឹងទេថាសារធាតុកាកាវ ទទួលបានពីសូកូឡាខ្មៅ អាចជួយបង្កើននូវ ដំណើរការនៃប្រព័ន្ធប្រសាទគួរឲ្យកត់សម្គាល់ ជាពិសេស សម្រាប់ដំណើរការខួរក្បាលរបស់មនុស្សចាស់ ដែលសមត្ថភាពការគិតមានការធ្លាក់ចុះ។

ជាមួយនឹងសារធាតុកាកាវ របស់សូកូឡាខ្មៅ បានជួយឲ្យសមត្ថភាពក្នុងការនិយាយ ស្តាប់ និងការគិតពិចារណាមានសន្ទុះកើនឡើង ហើយនេះបើយោងទៅតាមការសិក្សាស្រាវជ្រាវមួយ។ ជាពិសេស សូកូឡាខ្មៅ ក៏មានលក្ខណៈដូចជាកាហ្វេអ៊ីន ដែលអាចផ្តល់នូវស្មារតី និងកម្លាំងភ្លាមៗដល់ខួរក្បាលទៀតផង៕

សូកូឡាខ្មៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]