កាលពីពេលមុនៗ យើងប្រាកដជាបានដឹងហើយថា ស្លឹកត្របែក មិនត្រឹមតែអាចយកមកព្យាបាលសរសៃសក់ វាថែមទាំងព្យាបាលស្បែកផ្ទៃមុខ ហើយធ្វើឱ្យមុខស្អាតបាត់មុនទៀត។ តែពេលនេះ សូម្បីតែសម្បក និងសាច់ផ្លែត្របែកក៏មានប្រយោជន៍សម្រាប់សុខភាពស្បែកផ្ទៃមុខដែរ ដែលស្ត្រីគ្រប់រូបគួរតែសាកល្បងដើម្បីឱ្យផ្ទៃមុខកាន់តែស្អាតជាងមុន និងមានភាពជឿជាក់មួយកម្រិតទៀត ។

ដូច្នេះមកតាមដានវិធីទាំង៤ ក្នុងការប្រើប្រាស់សាច់ផ្លែត្របែកសម្រាប់ស្បែកមុខទាំងអស់គ្នា៖

ផ្លែត្របែក

១. មុខភ្លឺ ស និងម៉ដ្ឋរលោង

ផ្លែត្របែក សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចជួយធ្វើឱ្យស្បែកភ្លឺ ម៉ដ្ឋរលោង និងទន់ស្អាតដូចជាស្បែកកូនក្មេងផងដែរ ដោយគ្រាន់តែអនុវត្តវិធីងាយៗដូចខាងក្រោមនេះឱ្យបាន ១សប្តាហ៍ម្តងតែប៉ុណ្ណោះ។

ការអនុវត្ត៖

- ងាយៗគ្រាន់តែលាងផ្លែត្របែក១ផ្លែឱ្យស្អាត រួចចិតសម្បកចេញឱ្យនៅជាប់សាច់បន្តិច

- រួចយកសម្បកត្របែកទាំងអស់ទៅកិន ឬក្រឡុកឱ្យហ្មត់ក្នុងបរិមាណសមល្មមសម្រាប់លាបឱ្យសព្វផ្ទៃមុខ សឹមលាយជាមួយទឹកឃ្មុំ ១ស្លាបព្រា កូរចូលគ្នា

- ជាចុងក្រោយយកល្បាយនេះមកលាបលើមុខឱ្យសព្វ ទុកចោល ២០នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

រូបមន្តសាច់ត្របែកធ្វើឱ្យមុខភ្លឺ ស និងម៉ដ្ឋរលោង

២. ផ្តល់សំណើម និងព្យាបាលស្បែកមុខស្ងួត

ផ្លែត្របែក ថែមទាំងបានផ្ទុកសារធាតុទឹកជាច្រើន ដែលមិនត្រឹមតែអាចជួយធ្វើឱ្យមុខទន់រលោងភ្លឺស្អាតនោះទេ ថែមទាំងអាចផ្តល់សំណើមដល់ផ្ទៃមុខ ធ្វើឱ្យស្បែកមុខមានសុខភាពល្អ និងអាចការពារ ឬព្យាបាលអាការស្បែកស្ងួតផងដែរ ដោយគ្រាន់តែអនុវត្តវិធីធម្មជាតិខាងក្រោមនេះ ឱ្យបានជាប្រចាំ ក្នុង១សប្តាហ៍២ដង។

ការអនុវត្ត៖

- យកផ្លែត្របែកកន្លះផ្លែ លាងទឹកឱ្យស្អាតចិតសម្បកចេញ រួចឈូសសាច់ឱ្យល្អិតៗ ក្រឡុកឱ្យហ្មត់ សឹមលាយជាមួយម្សៅអូត ១ស្លាបព្រាបាយ (Oatmeal Powder រកទិញបាននៅផ្សារទំនើប) រួមទាំងទឹកឃ្មុំ១ស្លាបព្រាបាយ និងស៊ុតផ្នែកពណ៌ស ១គ្រាប់

- កូរល្បាយនេះចូលគ្នាសព្វ រួចយកមកលាបឱ្យពេញផ្ទៃមុខ ទុកចោល ២០នាទី ចាំលាងចេញជាមួយទឹកត្រជាក់។

រូបមន្តសាច់ត្របែកផ្តល់សំណើម និងព្យាបាលស្បែកមុខស្ងួត

៣. សម្រាប់ស្បែកមុខប្រតិកម្ម

ផ្លែត្របែក ផ្ទុកនូវសារធាតុវីតាមីនចម្រុះជាច្រើនប្រភេទ ដែលអាចជួយធ្វើឱ្យស្បែកមុខដែលខូច ឬប្រតិកម្មផ្សេងៗ ឱ្យត្រលប់មករកភាពស្រស់ស្អាតស្រស់ថ្លា ក្មេងខ្ចី និងតឹងណែនឡើងវិញបាន ដោយអនុវត្តវិធីងាយៗមួយនេះ។

ការអនុវត្ត៖

-យកផ្លែត្របែក១ផ្លែលាងទឹកឱ្យស្អាត រួចកាត់ជាដុំៗល្មមទាំងសម្បក រួចក្រឡុកឱ្យហ្មត់ដោយបន្ថែមទឹកបន្តិចឱ្យខាប់បន្តិច (ប្រហែលជា១ពែង)

-យកល្បាយនេះមកលាបលើផ្ទៃមុខ ២០នាទី ចាំលាងចេញនឹងទឹកត្រជាក់ជាការស្រេច។

រូបមន្តសាច់ត្របែកសម្រាប់ស្បែកមុខប្រតិកម្ម

៤. ព្យាបាលមុខមុន និងស្នាមមុនគ្រប់ប្រភេទ

ផ្លែត្របែក ក៏មានផ្ទុកនូវសារធាតុល្អៗ ពីធម្មជាតិជាច្រើន ដែលមានប្រសិទ្ធភាពក្នុងការព្យាបាលមុខមុនគ្រប់ប្រភេទ ថែមទាំងអាចបំបាត់ស្នាមមុន ឬស្នាមជាំខ្មៅៗផងដែរ ដោយគ្រាន់តែអនុវត្តវិធីងាយៗមួយនេះ ២ដងក្នុងមួយសប្តាហ៍។

ការអនុវត្ត៖

- យកផ្លែត្របែក១ផ្លែ មកលាងទឹកឱ្យស្អាត រួចឈូសឱ្យល្អិតៗហើយច្រោះយកតែទឹក

- បន្ទាប់មកលាយជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿង ១កូនស្លាបព្រា (Lemon ក្រូចឆ្មារសម្បកលឿងទិញបាននៅផ្សារទំនើប ឬប្រើក្រូចឆ្មារធម្មតាក៏បាន) និងទឹកឃ្មុំ ១កូនស្លាបព្រា កូរចូលគ្នាឱ្យសព្វ

- ជាចុងក្រោយយកល្បាយនេះ មកលាបលើផ្ទៃមុខទុកចោល ២០នាទី ចាំលាងនឹងទឹកត្រជាក់ចេញ៕

រូបមន្តសាច់ត្របែក ព្យាបាលមុខមុន និងស្នាមមុនគ្រប់ប្រភេទ

ងាយៗគ្រាន់តែអ្នកអនុវត្តតាមវិធីខាងលើនេះជាប្រចាំ អ្នកនឹងទទួលបានលទ្ធផលគួរជាទីគាប់ចិត្តជាមិនខាន។ កុំភ្លេចសាកល្បងទាំងអស់គ្នាណា!  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]