បរទេស៖ គេថា “ភ្នំមួយខ្ពស់គង់ទាបជាងស្មៅ” តែពាក្យមួយឃ្លានេះមិនអាចប្រើនៅរមណីយដ្ឋានភ្នំអេវើរ៉េស ដ៏ល្បីល្បាញបំផុតមួយក្នុងពិភពលោកឡើយ ហើយគួរជំនួសដោយពាក្យ “ភ្នំមួយខ្ពស់ តែនៅទាបជាងសម្រាម” ក្រោយពីឃើញសភាពទាំងនេះ។

គំនរសម្រាមនៅលើភ្នំអេវើរ៉េស

លោក Alton Byers ដែលជាភូគព្ភវិទូសិក្សាលើតំបន់ភ្នំបាននិយាយថា កាកសំណល់មួយភាគធំលើភ្នំនេះត្រូវបានបោសសម្អាតដោយក្រុមធ្វើដំណើរផ្សងព្រេងជារៀងរាល់ឆ្នាំ។ ប៉ុន្តែសំណល់ជាច្រើនត្រូវបានដុតចោល ឬកប់ក្រោមដីបន្តបន្ទាប់ពីកន្លែងមួយទៅកន្លែងមួយទៀត ទើបធ្វើឱ្យអ្នកស្រុកអស់ទីតាំងដីទំនាបដើម្បីចាក់សម្រាម។ 

លោក Alton Byers

គាត់បានបន្តថា “ច្រើនទសវត្សរ៍មកនេះ សាធារណជនតែងផ្តោតលើសម្រាម ក្នុងព្រឹត្តការណ៍បោះជំរុំលើភ្នំអេវើរ៉េស និងការសម្អាតដោយក្រុមផ្សងព្រេងរាល់ឆ្នាំតែម្តង។ សម្រាមជាច្រើនប៉ះពាល់តែផ្នែកខាងក្រៅប៉ុណ្ណោះ ព្រោះវាងាយប្រមូលនិងសម្អាត។ 

បញ្ហាធំគឺសំណល់រាប់សិបតោននៃប្លាស្ទិក កំប៉ុងស្រាបៀរ ដបស្រាវីស្គី កំប៉ុងម្ហូបដែក និងសំណល់រឹងផ្សេងទៀតដែលម្ចាស់បន្ទប់ស្នាក់នៅនាំចូលដើម្បីបំពេញតម្រូវការអ្នកទេសចរប្រមាណ ៥ ម៉ឺននាក់ក្នុងមួយឆ្នាំៗ ឬក៏កើនមួយទ្វេជាពីរបើបូកបញ្ចូលទាំងកម្មករដែលជាភ្ញៀវមិនមែនជនជាតិ Sherpa។”

គំនរសម្រាមនៅលើភ្នំអេវើរ៉េស

“ចំណុចនេះសំដៅលើសំណល់អាចដុតឆេះ ដោយម្ចាស់បន្ទប់ស្នាក់នៅតូចៗ ហើយដុតនៅពេលវាពេញ រួចកប់ទីតាំងគំនរសម្រាមដែលដុតនោះរួច។ បញ្ហាគឺត្រង់ថា ការដុតសម្រាមនឹងបញ្ចេញឧស្មន័ពុលទៅក្នុងបរិយាកាស ខណៈសម្រាមដែលដុតរួចកប់ចោល ក៏ប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកក្រោមដីដូចគ្នា។”

ម្ចាស់បន្ទប់ស្នាក់នៅម្នាក់ក្នុងភូមិ Dingboche បាននិយាយថា ពួកគេជិតអស់ដីទំនាបដើម្បីចាក់សម្រាមហើយ។ ស្តាប់ទៅដូចជានិយាយពន្លើសអីចឹង ប៉ុន្តែបើអ្នកដើរមើលក្នុងចម្ងាយជិតៗបន្ទប់ស្នាក់នៅទៅរកទន្លេ នោះអ្នកនឹងឃើញសណ្ឋានដីទន្លេ មានលក្ខណៈដូចគ្នាទៅនឹងសណ្ឋានដីភពព្រះចន្ទដូច្នោះដែរ ប៉ុន្តែពោរពេញដោយស្លាកស្នាមកន្លែងចាក់សម្រាមថ្មី-ចាស់ទាំងអស់។ 

គួរបញ្ជាក់ថា រណ្តៅចាក់សម្រាមមានទំហំចាប់ពី ៨២ ទៅ ៦៥៥ ម៉ែត្រការ៉េ និងអាចមានរហូតដល់ទៅរាប់រយរណ្តៅឯណោះ។ 

គំនរដបស្រាបៀររបស់ម្ចាស់បន្ទប់ស្នាក់នៅ

លោកបណ្ឌិត Byers ដែលមកពីសាកលវិទ្យាល័យ Colorado Boulder បានឱ្យដឹងទៀតថា អ្នកទេសចរជាច្រើនបានធ្លាក់ខ្លួនឈឺព្រោះតែសំណល់របស់មនុស្សដែលចោលក្នុងទន្លេ។ បន្ទប់ស្នាក់នៅជាច្រើនមានប្រព័ន្ធទុយោទឹកស្អុយដែលបែកធ្លាយ ឬបង្គន់ក្រៅផ្ទះដែលមានទីតាំងក្បែរ ឬលើស្ទឹងទន្លេតែម្តង។

គណៈកម្មាធិការគ្រប់គ្រងការបំពុល ដែលទទួលបន្ទុកដោះស្រាយបញ្ហាកាកសំណល់នៅចំហៀងភ្នំក្នុងទឹកដីនៃប្រទេសនេប៉ាល់ បានដឹងពីបញ្ហាបរិស្ថាន សុខភាព និងសោភ័ណភាពដែលបង្កដោយទីចាក់សម្រាមទាំងនេះ ប៉ុន្តែមិនអាចធ្វើអ្វីកើតព្រោះសមាគមម្ចាស់បន្ទប់ស្នាក់នៅមានអំណាចខ្លាំងពេក។

គំនរសម្រាមនៅលើភ្នំអេវើរ៉េស

ជាចុងក្រោយ លោកបានពន្យល់ថា ការប៉ុនប៉ងដោះស្រាយបញ្ហាគួរតែផ្តោតលើការកាត់បន្ថយសំណល់រឹងដែលយកមកឧទ្យានជាតិ Sagarmatha (ភ្នំអេវើរ៉េសជាផ្នែកមួយនៃឧទ្យាននេះ) ខណៈជំរុញឱ្យការកែច្នៃប្រើប្រាស់ឡើងវិញមានការប្រសើរឡើង។

លោកបានបញ្ជាក់ថា កិច្ចការទីមួយដែលគាត់នឹងធ្វើគឺ វិភាគតាមបែបវិទ្យាសាស្រ្តអំពីបញ្ហា និងដំណោះស្រាយដ៏ត្រឹមត្រូវ ដែលអាចឈានដល់ការហាមឃាត់រាល់ដបទឹកប្លាស្ទិកទាំងអស់មិនឱ្យយកចូលឧទ្យាន ដូចហាមឃាត់ដបស្រាបៀរធ្វើពីកែវកាលពីច្រើនឆ្នាំមុន ក៏ដូចជាឈានដល់ការផ្តល់ប្រាក់លើកទឹកចិត្តដល់ម្ចាស់បន្ទប់ស្នាក់នៅ ដើម្បីកែច្នៃសម្រាមអាលុយមីញ៉ូម ដែក និងកែវផងដែរ។

គំនរសម្រាមនៅលើភ្នំអេវើរ៉េស

យល់ដឹងបន្ថែម៖

-កំពូលភ្នំអេវើរ៉េសមានកម្ពស់ ៨,៨៤៨ ម៉ែត្រ។

-Edmund Hillary និង Tenzing Norgay ឡើងដល់កំពូលភ្នំដំបូងគេនៅឆ្នាំ ១៩៥៣។

-ចាប់ពីខែមីនា ២០១២ មានគេឡើងចំនួន ៥,៦៥៦ ដង និងស្លាប់ចំនួន ២២៣ នាក់៕

គំនរសម្រាមនៅលើភ្នំអេវើរ៉េស

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]