ពាក្យថាសង្គ្រាម មិនថាតូច ឬក៏ធំទេ វាតំណាងឱ្យការបាត់បង់ និងទុក្ខវេទនាផ្សេងៗ ដែលធ្វើឱ្យមនុស្សជាតិមានការខ្លាចរអារគ្រាប់គ្នា ជាពិសេសគឺការបាត់បង់ទឹកដី និងអាយុជីវិតមនុស្សតែម្តង។ នៅក្នុងនោះផងដែរ គេបានរកឃើញថា នៅលើពិភពលោកយើងនេះ មានសង្គ្រាមបង្ហូរឈាមធំៗចំនួន ១០ ដែលបានសម្លាប់ជីវិតមនុស្សអស់ច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្ត។

ចង់ដឹងថា សង្គ្រាមទាំងអស់មានអ្វីខ្លះ កើតឡើងពីឆ្នាំណាទៅឆ្នាំណា និងបណ្តាលពីមូលហេតុអ្វីមកតាមដានទាំងអស់គ្នា៖

១០.សង្គ្រាមស៊ីវិលអាមេរិក (ឆ្នាំ ១៨៦១-១៨៦៥)

សង្គ្រាមស៊ីវិលអាមេរិច ត្រូវបានចូលរួមដោយអាមរិចប៉ែកខាងជើង និងអាមេរិចប៉ែកខាងត្បូង ដើម្បីបំបែករដ្ឋទាសករដែលមាននៅក្នុងអាមេរិច។ សង្គ្រាមផ្ទៃក្នុង ឬសង្គ្រាមបំបែកស្រុក បានធ្វើឱ្យសហរដ្ឋអាមេរិករក្សាបាននូវឯកភាព និងលុបបំបាត់ចោលច្បាប់ទាសភាពនៅសហរដ្ឋអាមេរិកទាំងមូល តែបានសម្លាប់អាយុជីវិតមនុស្សដល់ទៅ ៨០០,០០០នាក់។  

រូបតំណាងសង្គ្រាមស៊ីវិលអាមេរិក

៩.សង្គ្រាមសហភាពសូវៀត ក្នុងប្រទេសអាហ្គានីស្ថាន (ឆ្នាំ ១៩៧៩-១៩៨៩)

សង្គ្រាមដែលអូសបន្លាសដល់ទៅ១ទស្សវត្សន៍ របស់ជនជាតិអាហ្គានីស្ថានដឹកនាំដោយសូវៀត ជាមួយនឹងក្រុមបះបោរជាតិចម្រុះមួយនេះ មានឈ្មោះថា Mujahedeen។ ការបង្ហូរឈមដ៏វែងអន្លាយរបស់សង្គ្រាមមួយនេះលើទឹកដីអាហ្គានីស្ថាន ត្រូវបានគេដឹងថាបានសម្លាប់អាយុជីវិតមនុស្សអស់ដល់ទៅ ១លាននាក់។ នៅក្នុងនោះផងដែរ ប្រាក់រាប់សិបពាន់លានសម្រាប់ផ្គត់ផ្គង់សង្គ្រាមមួយនេះ ត្រូវបានគេដឹងថាបានមកពី សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស ប្រទេសអារ៉ាប់រួម និងប្រទេសដទៃជាច្រើនមួយចំនួនទៀត។

រូបតំណាងសង្គ្រាមសហភាពសូវៀត

៨.សង្គ្រាមវៀតណាម (១៩៥៥-១៩៧៥)

សង្គ្រាមបងប្អូនរវាងវៀតណាមខាងត្បូង និងវៀតណាមខាងជើង ត្រូវបានគេស្គាល់ថាជាសង្គ្រាមឥណ្ឌូចិនលើកទីពីរ។ ដោយវៀតណាមខាងជើងត្រូវបានគាំទ្រពេញទំហឹងដោយប្រទេសចិន និងប្រទេសកុំម្មុយ និស្តមួយចំនួន និងវៀតណាមខាងត្បូងគាំទ្រដោយសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសប្រឆាំងនឹងរបបកុម្មុយនិស្តផ្សេងទៀត។ ជនស៊ីវិលជាង១លាននាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងសង្គមមួយនោះ។

រូបតំណាងសង្គ្រាមវៀតណាម

៧. សង្គ្រាម ៣០ឆ្នាំ (ឆ្នាំ ១៦១៨-១៦៤៨)

សង្គ្រាមបង្ហូរឈាមមួយនេះគឺជាសង្គ្រាមសាសនាដ៏ធំបំផុត ដែលអូសបន្លាយដល់ទៅ៣ទស្សវត្សរ៍ មានរយៈពេលយូរជាងគេបង្អស់ និងជាសង្គ្រាមវិនាសកម្មបំផុតក្នុងប្រវត្តិសាស្រ្តប៉ែកអឺរ៉ុបផងដែរ។ មូលហេតុដំបូងគឺបណ្តាលមកពីកត្តាសាសនា រួមទាំងមូលហេតុមិនច្បាស់លាស់មួយចំនួន ដែលជម្រុញឱ្យវាកាន់តែរីកធំឡើងៗ រហូតដល់ពាក់ព័ន្ធនឹងប្រទេសអំណាចអឺរ៉ុបជាច្រើនចូលរួម(Bourbon-Habsburg ) ទាក់ទងនឹងនយោបាយផងដែរ។ ក្នុងសង្គ្រាមនេះបានសម្លាប់អាយុជីវិតមនុស្សដល់ទៅ៥លាននាក់។

រូបតំណាងសង្គ្រាម ៣០ឆ្នាំ

៦.សង្គ្រាមណាប៉ូឡេអុង (ឆ្នាំ១៨០៣-១៨១៥)

សង្គ្រាមណាប៉ូឡេអុងគឺជាសង្គ្រាមដ៏ក្តៅគគុកមួយដើម្បីប្រឆាំងនឹងអធិរាជសង្គ្រាមណាប៉ូឡេអុង ដោយក្រុមបះបោរប្រឆាំងចម្រុះ។ សង្គ្រាមនេះផ្តើមដំបូងតាំងពីឆ្នាំ ១៧៨៩ ដោយពួកបដិវត្តបារាំង និងបណ្តាប្រទេសដែលត្រូវណាប៉ូឡេអុងវាតទីទឹកដីកន្លងមក ហើយក៏បន្តកាន់តែធំឡើងៗ។ ការពិតមហាអំនាចបារាំងមានកម្លាំងទ័ពក្លាំងក្លាណាស់ ដោយសារតែទ័ពរបស់ណាប៉ូឡេអុងបានវាយដណ្តើមទឹកដីជាច្រើននៅទ្វីបអឺរ៉ុប តែទីបញ្ចប់ចម្បាំងកាន់តែអន់ថយទៅៗក្រោយពីច្បាំងចាញ់ប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ ១៨១២។ ជាទីបញ្ចប់សង្គ្រាមនេះបានសម្លាប់អាយុជីវិតមនុស្សអស់ដល់ទៅជាង ៦លាននាក់កន្លះ។

រូបតំណាងសង្គ្រាមណាប៉ូឡេអុង

៥.សង្គ្រាមស៊ីវិលរុស្ស៊ី (ឆ្នាំ ១៩១៧-១៩២២)

សង្រ្គាមមួយនេះបានកើតទ្បើងរវាងកងទ័ពក្រហម Bolshevik និងកងទ័ពពណ៌សដែលជាកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹង Bolshevik ។ ដោយកាលពីមុន ចក្រភពរុស្ស៊ី ធ្លាប់បានប្រឈមមុខនឹង សង្រ្គាមពហុបក្សជាមួយនឹងកងទ័ពបរទេសជាច្រើន ដូចជាកងទ័ពសម្ព័ន្ធមិត្ត (Allied Forces) និងកងទ័ពអាល្លឺម៉ង់( pro-Germa) ដែលប្រឆាំងនឹងកងទ័ពក្រហម។ សង្រ្គាមនេះមានរយៈពេលត្រឹមតែ ៥ ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែបានបណ្តាលឱ្យមនុស្សជាច្រើន ជាង ៧ លាននាក់ស្លាប់បាត់បង់ជីវិត។

រូបតំណាងសង្គ្រាមស៊ីវិលរុស្ស៊ី

៤.សង្គ្រាមអធិរាជជប៉ុន (ឆ្នាំ ១៨៩៤-១៩៤៥)

អធិរាជជប៉ុន ជាចក្រភពដ៏មានអំណាចមួយក្នុងពិភពលោក ដែលបានកើតឡើងពីការបដិវត្ត Meiji Restoration នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ១៩៦៨ ។ តែក្រោយមកក៏រងការបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោយពីការមានទម្លាក់គ្រាប់បែកបរមាណូកម្ទេចទីក្រុង ហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីអស់គ្មានសល់ក្នុងសង្គ្រាមលោកលើកទី២ រហូតដល់ប្រកាសការចុះចាញ់ នៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ ។ ការរលំរលាយនៃចក្រភពជប៉ុនបានធ្វើឱ្យមានមនុស្សស្លាប់ដល់ទៅជាង២០ លាននាក់។

រូបតំណាងសង្គ្រាមអធិរាជជប៉ុន

៣.សង្គ្រាមលោកលើកទី១ (ឆ្នាំ ១៩១៤-១៩១៨)

សង្រ្គាមលោកលើកទី ១គឺជាសង្គ្រាមមួយដែលមានការបង្ហូរឈាមធំបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលមានមូលដ្ឋាននៅទ្វីបអឺរ៉ុប ចាប់ផ្ដើមនៅថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ១៩១៤ ។ សង្គ្រាមលោកនេះមានការពាក់ព័ន្ធនឹងមហាអំណាចធំៗទាំងអស់នៅក្នុងពិភពលោក ដែលបានប្រមូលផ្តុំដោយសម្ព័ន្ធមិត្តប្រឆាំង២ គឺពួកសម្ព័ន្ធមិត្ត (alliances the Allies) និងអំណាចកណ្តាល។ ចំនួនអ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី ១នេះ ត្រូវបានគេដឹងថាមានប្រមាណជាជាង ៥០ លាននាក់។

រូបតំណាងសង្គ្រាមលោកលើកទី១

២.សង្គ្រាមពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្គោល (ឆ្នាំ ១២០៦-១៣៦៨)

សង្រ្គាមនេះបានកើតមានឡើងនៅដើមសត្សវត្សន៍ទី ១៣ ដែលជាសង្គ្រាម ពង្រីកវិសាលភាពទឹកដីនៃចក្រភពម៉ុងហ្គោល គ្របដណ្តប់ជាច្រើនផ្នែកនៃតំបន់អាស៊ី និងអឺរ៉ុបខាងកើតរហូតដល់ត្រឹមពាក់កណ្ដាលឆ្នាំ ១៣០០ ។ ការវាយប្រហាររ និងការឈ្លានពានទឹកដីរបស់ម៉ុងហ្គោល គឺជាជម្លោះដែលមានមនុស្សស្លាប់តាមផ្លូវច្រើនបំផុត គឺរហូតដល់ទៅ ៦០ លាននាក់។

រូបតំណាងសង្គ្រាមពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្គោល

១.សង្គ្រាមលោកលើកទី២ (ឆ្នាំ ១៩៣៩-១៩៤៥)

សង្គ្រាមលោលលើកទី២ ជាសង្គ្រាមសាកលដែលបានចូលរួមដោយប្រទេសមហាអំណាចជាច្រើន និងបានបង្កើតជាសម្ព័ន្ធភាពយោធាប្រឆាំង២ ដូចជាសង្រ្គាមលោកលើកទី១ដែរ គឺរវាងក្រុមសម្ព័ន្ធមិត្ត (Allies) និងមហាអំណាចអ័ក្ស (Axis)។ សង្គ្រាមលោកលើកទី២ នេះ វាជាសង្គ្រាមធំបំផុតក្នុងប្រវត្តិសាស្ត្រចូលរួមដោយផ្ទាល់ពីជាង ៣០ប្រទេស ថែមទាំងបានប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្គ្រាម រហូតដល់បានសម្លាប់ជីវិតមនុស្សជាង ៧០ លាននាក់ផងដែរ។ សង្រ្គាមនេះ គឺជាសង្គ្រាមប្រល័យលោក ដែលមានអ្នកស្លាប់ច្រើនជាងគេបំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ៕

រូបតំណាងសង្គ្រាមលោកលើកទី២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]