មនុស្សគ្រប់រូប មិនថាតែសម័យបច្ចុប្បន្ន និងសម័យបុរាណទេសុទ្ធតែចង់មានរូបសម្រស់ស្រស់ស្អាត ជាពិសេសគឺមនុស្សស្រីតែម្តង រហូតបានប្រឹងប្រែងស្វែងរកក្បួនថែរក្សាសម្ផស្សតាមរបៀប ជំនឿ និងទម្លាប់រៀងៗខ្លួនខុសប្លែកពីគ្នា ទៅតាមតំបន់ និងប្រទេសនីមួយៗ ដែលគេរកឃើញថា ភាពចង់ស្អាតនេះមានតាំងពីសម័យបុរាណមកម្ល៉េះ ដោយវិធីខ្លះមានប្រជាប្រិយភាពបន្តមកដល់បច្ចុប្បន្ន និងវិធីខ្លះទៀតប្រែក្លាយជាវិធីដែលប្លែកៗស្ទើរតែមិនគួរឱ្យជឿថាមាននៅលើលោកនេះផងដែរ។

ដូច្នេះមកតាមដានអាថ៌កំបាំងថែរក្សាសម្រស់របស់មនុស្សសម័យបុរាណ ដែលចម្លែកបំផុតនៅលើលោក៖

១០.អំបិលពី Dead Sea ១០០០ឆ្នាំមុនគ្រិស្តសករាជ

បឹង Dead Sea គឺជាបឹងទឹកប្រៃមួយស្ថិតនៅចម្លោះប្រទេស ហ្សកដានី និងប្រទេសអ៊ីស្រាអ៊ែល ដែលត្រូវបានគេដឹងថាសម្បូរទៅដោយជាតិអំបិល(ជាតិប្រៃ) និងរ៉ែផ្សេងៗ លើសពីសមុទ្រ និងអំបិលផ្សេងៗដល់ទៅ ៨ ទៅ ៩ដង។ ជនជាតិអេហ្ស៊ីបបុរាណ បានយកទឹកនៅក្នុងបឹងនេះជាគ្រឿងថែរក្សាសម្រស់ និងស្បែកឱ្យមានសភាពស្រស់ស្អាត ថែមទាំងជួយកម្ចាត់ភាពតានតឹងទៀងផង។ នៅក្នុងនោះសូម្បីតែម្ចាស់ក្សត្រីអេហ្ស៊ីបបុរាណដ៏ល្បីគឺ ព្រះនាង Cleopatra ទ្រង់ក៏សុខចិត្តយាងដំណើរមកបឹង Dead Sea នេះដើម្បីស្រង់ទឹកដែរ ដោយព្រះនាងលាយទឹកបឹងនេះ ចំនួន ១ ទៅ២ពែងក្នុងអាងសម្រាប់ត្រាំរាងកាយ ដោយជឿថាវាជួយឱ្យស្បែករបស់ព្រះនាងទន់រលោងស្អាត សាច់ចាំ ពន្យារភាពចាស់ ថែមទាំងអាចព្យាបាលជំងឺសើរស្បែកបានជាច្រើនមុខផងដែរ។ រហូតដល់បច្ចុប្បន្ន ទឹកបឹង Dead Sea នេះនៅតែត្រូវបានគេពេញនិយមមកងូត ឬត្រាំកម្សាន្តលេងផង និងដើម្បីថែរក្សាស្បែក ព្រមទាំងបំបាត់ភាពស្រ្តេសទៀតផង។

.អំបិលពីបឹង Dead Sea

៩.ស្ករសម្អាតរាងកាយ របស់ជនជាតិអារ៉ាប់ ១៩០០ឆ្នាំមុនគ្រិស្តសករាជ

ជនជាតិអារ៉ាប់មានអាថ៌កំបាំងថែរក្សាសម្រស់ជាច្រើនប្រភេទយូរមកហើយ គឺប្រមាណជា ១៩០០ឆ្នាំមុនគ្រឹស្គសករាជម្ល៉េះ រហូតដល់វិធីមួយចំនួនក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពាសពេញពិភពលោកក្នុងពេលបច្ចុប្បន្ននេះផងដែរ។។ វិធីថែរសម្រស់របស់ជនជាតិអារ៉ាប់មានដូចជា៖

- ទឹកដោះគោលាយទឹកឃ្មុំសម្រាប់ថែរក្សាផ្ទៃមុខ

- ដុតគ្រាប់អាល់ម៉ុនដើម្បីថែរក្សាលាបលើចិញ្ចើម

- និងវិធីដ៏ពេញនិយមមួយទៀតនោះគឺ ស្ក្រាប់ស្ករស ដោយមានគ្រឿងផ្សំធំៗចំនួន៣មុខគឺ៖ ស្ករស លាយជាមួយទឹកទឹកឃ្មុំ និងក្រូចឆ្មារ (ប្រើក្រូចឆ្មារសម្បកលឿងក៏បាន) កូរបញ្ចូលគ្នាឱ្យសព្វរួចយកដុះលាងសម្អាតលើស្បែក ដើម្បីកម្ចាត់មេរោគ និងជាតិកខ្វក់ពីស្បែក ថែមទាំងធ្វើឱ្យរាងកាយទន់ រលោង ស្រស់ស្អាតទៀតផង។

បន្ថែមពីនេះសូម្បីតែម្ចាស់ក្សត្រីអេហ្ស៊ីប Cleopatra ក៏បានប្រើវិធីនេះដើម្បីថែរក្សាស្បែកផង និងដើម្បីកម្ចាត់រោមនៅផ្នែកមួយចំនួនលើរាងកាយផងដែរ។

ស្ករសម្អាតរាងកាយ របស់ជនជាតិអារ៉ាប់

៨.ម្សៅគជ់ខ្យង ឆ្នាំ ៣២០

ការប្រើប្រាស់ម្សៅផ្សំពីគជ់ខ្យង ជាគ្រឿងថែរក្សាសម្រស់ គឺជាអាថ៌កំបាំងរបស់ស្ត្រីជនជាតិចិន ជាពិសេសគឺស្ត្រីមានវណ្ណៈអភិជន និងខ្សែស្រឡាយរាជវង្ស ប្រមាណជាជាង ១០០០ឆ្នាំមុន ជាយូរលង់ណាស់មកហើយ រហូតដល់សព្វថ្ងៃនេះ គ្រឿងសម្អាងស្ត្រីភាគច្រើន ក៏មានផ្សំដោយគជ់ខ្យងមួយប្រភេទនេះដែរ។

នៅក្នុងនោះផងដែរសូម្បីតែអធិរាជស្តេចស្រីដំបូងបង្អស់តែមួយគត់របស់ប្រទេសចិន អ៊ូចឺធៀន (អ៊ូ ម៊ីនាង) ក៏បានប្រើប្រាស់ម្សៅកិនពីគជ់ខ្យងនេះដើម្បីលាបលើផ្ទៃមុខដែរ ដោយសារតែម្សៅគជ់ខ្យង ត្រូវបានគេដឹងថាសម្បូរទៅដោយ សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ប្រូតេអ៊ីន វីតាមីនល្អ ៗ និងអាចស្តាឡើងវិញនូវកម្រិតខូឡាជែនសម្រាប់ស្បែកមុខ ដើម្បីឱ្យស្បែកមុខស្រស់ស្អាត តឹងតែង និងក្មេងជាងវ័យទៀតផង សូម្បីតែយកវាទទួលទានថែមទាំងអាចផ្តល់ជាតិកាស្យូមជំនួយស្បែក និងឆ្អឹងឱ្យកាន់តែរឹងមាំទៀតផង ។ បន្ថែមពីនេះ ម្សៅគជ់ខ្យងថែមទាំងអាចយកមកព្យាបាលជំងឺ របេង និងជំងឺភ្នែកផងដែរ នៅក្នុងប្រទេសចិន

ម្សៅគជ់ខ្យង

៧.ប្រើសត្វល្អិតម្យ៉ាងធ្វើជាក្រែមលាបមាត់ ៣៥០០ឆ្នាំមុនគ្រិស្តសករាជ

កាលពីដំបូងឡើយស្ត្រីតំបន់ Mesopotamian បានប្រើប្រាស់ត្បូងពណ៌ក្រហមលាយជាមួយនឹងក្រមួនឃ្មុំ ដើម្បីធ្វើជាក្រែមលាបលើបបូរមាត់ ក្រោយមកក៏បញ្ឈប់វិធីមួយនេះដោយសារតែការចំណាយលើត្បូងមានតម្លៃច្រើនពេក តែវាក៏ជាផ្លូវនាំឱ្យជនជាតិអេហ្ស៊ីបបន្តមធ្យោបាយដើម្បីរិះរកវិធីធ្វើក្រែមលាបបូរមាត់បន្តទៀតផងដែរ។ ជនជាតិអេហ្ស៊ីបបានចាប់ផ្តើមផលិតក្រែមលាបមាត់ដោយមានគ្រឿងផ្សំពី សារាយសមុទ្រ សារធាតុ Iodine និងBromine Mannite ដោយលាយបញ្ចូលគ្នាផលិតបានជាពណ៌ផ្សេងៗជាច្រើនដូចជា ពណ៌ខ្មៅ ពណ៌ស្វាយ និងពណ៌ផ្កាឈូកជាដើម។ នៅក្នុងនោះផងដែរ ការសម្លាប់សត្វល្អិត ម្យ៉ាងឈ្មោះថា Bettle ដើម្បីយកឈាមក្រហមធ្វើជាគ្រឿងផ្សំលាបបបូរមាត់គឺជាគំនិតដំបូងរបស់ម្ចាស់ក្សត្រីអេហ្ស៊ីប Cleopatra ហើយវាក៏បានក្លាយទៅជាគ្រឿងផ្សំផលិតក្រែមលាបបបូរមាត់បែបធម្មជាតិដ៏ល្បីល្បាញរហូតដល់ពេលបច្ចុប្បន្ននេះទៀតផង។

ប្រើសត្វល្អិតម្យ៉ាងធ្វើជាក្រែមលាបមាត់

៦.ជម្រុះរោមដោយជាតិអាសេនិក ៤០០០ ទៅ ៣០០០ឆ្នាំមុនគ្រិស្តសករាជ

ស្ត្រីភាគច្រើនសុទ្ធតែចង់បានស្បែករលោងស្អាតគ្មានមន្ទិល ឬរោមនៅលើស្បែករាងកាយច្រើនពេកនោះទេ សូម្បីតែស្ត្រីពីសម័យបុរាណក៏គិតបែបនេះដែរ បានជាមានស្ត្រីជាច្រើនប្រើឧបករណ៍កោរ ឬក្រមួនដែលធ្វើឱ្យមានការឈឺចាប់ជាដើមដើម្បីធ្វើការជម្រុះរោម។ ដោយឡែកស្ត្រីនៅសម័យ Renaissance មានវិធីមួយដ៏ចម្លែក និងគ្រោះដ្នាក់ផងដែរដើម្បីជម្រុះរោម នោះគឺប្រើជាតិអាសេនិកមួយចំនួន លាយជាមួយនឹងក្រូចឆ្មារ៨ភាគ កូរបញ្ចូលគ្នា ហើយលាបលើស្បែកនៅក្នុងបន្ទប់ ឬទឹកក្តៅ ហើយក្រោយពីលាបហើយស្បែកឡើងក្តៅ និងក្រហាយ គឹនឹងចាប់ផ្តើមយកទឹកលាងចេញ ធ្វើដូច្នេះរោមនឹងជ្រុះអស់ពីរាងកាយជាមុនខាន។ តែក្រោយមកការបែបនេះបានធ្វើឱ្យស្បែករលាក និងមានបញ្ហានោះ គេក៏លែងប្រើប្រាស់វិធីនេះតទៅទៀតហើយ។

ជម្រុះរោមដោយជាតិអាសេនិក

៥.ប្រើសត្វល្អិត Tapeworm ជាថ្នាំបញ្ចុះទម្ងន់ សត្សវត្សរ៍ទី១៨

អ្វីដែលស្ត្រីចង់បានបំផុតនោះគឺមានរូបរាងស្គម និងស្លីមស្រស់ស្អាត ដែលជាហេតុធ្វើឱ្យស្ត្រីមួយចំនួន បូករួមនឹងស្ត្រីអង់គ្លេសបុរាណអំឡុងឆ្នាំ ១៨០០ក៏សុទ្ធតែចំរកវិធីសម្រកទម្ងន់ផងដែរ។ នៅក្នុងនោះមានវិធីដ៏ចម្លែកមួយសម្រាប់ធ្វើការសម្រេកទម្ងន់នោះគឺ ការបញ្ចូលសត្វល្អិតក្នុងពោះវៀនម្យ៉ាងឈ្មោះថា Tapeworm ចូលទៅក្នុងរាងកាយតាមរយៈលាយជាថ្នាំគ្រាប់។ វិធីនេះពិតជាធ្វើឱ្យស្ត្រីអាចសម្រកទម្ងន់ និងកម្ចាត់កាឡូរីពីរាងកាយបានយ៉ាងអស្ចារ្យក៏ពិតមែន តែវាបែរជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅវិញ។ ស្ត្រីដែលប្រើថ្នាំផ្សំពីដង្កូវម្យ៉ាងនេះ នឹងមានផលប៉ះពាល់ដល់ភ្នែក ថ្លើម និងខួរក្បាល ថែមទាំងធ្វើឱ្យកើតមានអាការកង្វះវីតាមីន មានបញ្ហាហើមពោះ ឆ្លងមេរោគ ក្អួតចង្អោរ និងទល់លាមកជាដើម។ ទោះបីជាសត្វល្អិតមួយនេះធ្វើឱ្យរាងស្អាត តែនៅពេលដែលសត្វនេះងាប់ ឬចេញពីរាងកាយភ្លាម វានឹងធ្វើឱ្យស្ត្រីឡើងទម្ងន់លើសដើមផងដែរ។ គួរឱ្យដឹងផងដែរថា វិធីបែបនេះលែងត្រូវបានគេប្រើប្រាស់ជាយូរមកហើយ ដោយសារតែមានផលប៉ះពាល់វិជ្ជមានដល់សុខភាពរាងកាយច្រើនពេក។

ប្រើសត្វល្អិត Tapeworm ជាថ្នាំបញ្ចុះទម្ងន់

៤.ទឹកនោមជួយសរសៃសក់ ៤០ ទៅ ៣០ឆ្នាំមុនគ្រិស្តសករាជ

គ្រាន់តែឮពាក្យថាទឹកនោម ក៏មានអារម្មណ៍ថាខ្ពើម និងឆ្អើមដែរ តែសម្រាប់ប្រជាជនបុរាណជឿថាវាអាចជួយសរសៃសក់ទៅវិញ។

- អារ៉ាប់បុរាណ ជឿថា ទឹកនោមអូដ្ឋអាចជួយធ្វើឱ្យសរសៃសក់ទន់ ភ្លឺ រលោងស្អាត និងដុះលូតលាស់ល្អ ថែមទាំងអាចការពារ និងថែរក្សាស្បែកក្បាលទៀតផង

- ប្រជាជន Venice ជឿថាចាក់ទឹកនោមតោលើក្បាល ហើយអង្គុយហាលថ្ងៃជួយឱ្យសរសៃសក់មានសភាពទន់ភ្លឺរលោង និងការពារការជ្រុះសក់ផងដែរ

- ជនជាតិឥណ្ឌាបុរាណបានប្រើប្រាស់លាមក និងទឹកនោមគោ សម្រាប់ព្យាបាលជំងឺមួយចំនួន

- ជានជាតិរ៉ូម៉ាំងបុរាណជឿថា ទឹកនោមអាចយកខ្ពុរសម្អាតមាត់ធ្មេញ និងធ្វើឱ្យធ្មេញស.ស្អាត។

ទឹកនោមជួយសរសៃសក់

៣.ទឹកដោះសត្វលា ឆ្នាំ ៣០មុនគ្រិស្តសករាជ

ម្ចាស់ក្សត្រីអេហ្ស៊ីប Cleopatra គឺជាម្ចាស់ក្សត្រីដ៏ពូកែមានអំណាច ហើយក៏ជាស្ត្រីដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសអេហ្ស៊ីបបុរាណផងដែរ ជាពិសេសគឺសម្បូរទៅដោយក្បួនអាថ៌កំបាំងថែរក្សាសម្ផស្សជាច្រើន នៅក្នុងនោះការប្រើប្រាស់ទឹកដោះលាក៏ជាវិធីដ៏ពូកែ និងពេញនិយមរហូតដល់បច្ចុប្បន្នទៀតផង។ សត្វលាប្រមាណជា ៧០០ក្បាលត្រូវបានចិញ្ចឹមយកទឹកដោះសម្រាប់ឱ្យព្រះនាងប្រើប្រាស់ត្រាំងូតជារៀងរាល់ថ្ងៃ ដោយទឹកដោះលាត្រូវបានគេរកឃើញថា មានសារធាតុអាស៊ីត Alpha Hydroxyl ដែលអាចជំនួយឱ្យស្បែកទន់ ស ម៉ដ្ឋ រលោង កាត់បន្ថយស្នាមជ្រួញ ធ្វើឱ្យសាច់ចាំ មិនងាយចាស់ផងដែរ។ បន្ថែមពីនោះមនុស្សសម័យបុរាណជឿថាទឹកដោះលា អាចព្យាបាលជំងឺសើស្បែក និងកម្ចាត់ស្បែកដែលងាប់ៗចោលទៀតផង។

ទឹកដោះសត្វលា

២.លាមកបក្សី Nightingale សត្សវត្សរ៍ទី១៧

ដើមសត្សវត្សទី១៧ ប្រទេសជប៉ុនមានប្រពៃណីនៃការសម្តែងរបាំម្យ៉ាងឈញមោះថា Kabuki ដែលតម្រូវឱ្យតុបតែងផ្ទៃមុខពណ៌ស.ស្ទុះ តែយូរៗទៅការតុបតែបែបនេះបានធ្វើឱ្យផ្ទៃមុខរបស់ពួកគេមានបញ្ហា ថែមទាំងកើតជំងឺស្បែកមួយចំនួនផងដែរ។ ដូច្នេះហើយពួកបានបានប្រើប្រាស់វិធីសាស្រ្តម្យ៉ាងដ៏ចម្លែក និងគួរឱ្យខ្ពើមរអើម នោះគឺប្រើ Guano ជាលាមកសត្វបក្សីជប៉ុន Japanese bush warbler ឬ Japanese nightingale ធ្វើជាក្រែមលុបលាងគ្រឿងសម្អាង ហើយវិធីនេះក៏បានផលអាចព្យាបាលបញ្ហាស្បែក និងធ្វើឱ្យផ្ទៃមុខស្រស់ស្អាតជាងមុនផងដែរ។ រហូតដល់បច្ចុប្បន្នវិធីប្រើប្រាស់លាសមកសត្វនេះ ទទួលបានការពេញនិយមមែនទែនពីតារាល្បីៗដូចជា លោក Tom Cruise និង Victoria Beckham ជាដើម ដោយពួកគេបាននិយាយថាក្រែមធ្វើពីលាមកសត្វនេះបានជួយធ្វើឱ្យស្បែកមុខភ្លឺ រលោង ព្យាបាលបញ្ហាស្បែកមុខ និងអាចពន្យារភាពចាស់ផងដែរ។

លាមកបក្សី Nightingale

១.លាមកសត្វក្រពើ ២០ឆ្នាំ មុនគ្រិស្តសករាជ

ប្រទេសក្រិក និងរ៉ូម៉ាំងបុរាណមានក្បួនថែរក្សាស្បែកម្យ៉ាងធ្វើជាភក់សម្រាប់ត្រាំទឹកមានឈ្មោះថា Fountain of Youth ដែលគ្មានគ្រឿងផ្សំអ្វីពិសេសក្រៅពីប្រើលាមកសត្វក្រពើនោះទ។ សូម្បីតែជនជាតិអេហ្ស៊ីបក៏ប្រើប្រាស់លាមកក្រពើធ្វើជាម៉ាស់ថែរក្សាផ្ទៃមុខដែរ ដោយពួកគេជឿថាអាចជួយឱ្យផ្ទៃមុខក្មេងជាងវ័យ និងពន្យារភាពចាស់ជ្រីវជ្រួញ។ នៅក្នុងនោះដែរ ម្ចាស់ក្សត្រីអេហ្ស៊ីប Cleopatra ក្រៅពីប្រើប្រាស់ទឹកដោះលាលាបលើផ្ទៃមុខ និងត្រាំរាងកាយនោះ ព្រះនាងបានលាយទឹកដោះគោជាមួយនឹងលាមកក្រពើសម្រាប់ត្រាំរាងកាយផងដែរ ដើម្បីប្រឆាំងនឹងភាពចាស់ជ្រីវជាងវ័យដោយបន្ថែមស្រទាប់ផ្កាកុលាបដើម្បីឱ្យមានក្លិនក្រអូបបន្ថែម។ លើសពីនោះអេហ្ស៊ីបបុរាណបានប្រើលាមកក្រពើដើម្បីធ្វើជាថ្នាំពន្យារកំណើតផងដែរ ៕   

លាមកសត្វក្រពើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]