ធម្មជាតិបានបង្កើតឱ្យមានទីកន្លែងដ៏អស្ចារ្យ និងស្រស់ស្អាតមួយចំនួនដែលបានលាក់ពួនសម្រស់ដ៏អាថ៌កំបាំងនៅក្នុងទីព្រៃជ្រៅ ឬកន្លែងដែលមិនទាន់មានមនុស្សទៅដល់ តែវានៅតែត្រូវបានមនុស្សស្វែងរក និងរុករកឃើញជាបន្តបន្ទាប់។ នៅក្នុងនោះផងដែរ ភ្នំភ្លើងងាប់ ដែលធ្លាប់តែអាចបណ្តាលឱ្យមានគ្រោះថ្នាក់កាលពីអំឡុងសម័យកាលដ៏យូរអង្វែងណាស់មកហើយនោះ រហូតដល់បច្ចុប្បន្នវាបានប្រែក្លាយជាសម្រស់ដ៏ទាក់ទាញមួយ ជាពិសេសគឺបង្កើតបានជាបឹងបន្ទុះភ្នំភ្លើងដ៏មានសម្រស់ស្រស់ត្រកាលមួយចំនួនផងដែរ។

ដូច្នេះមកតាមដានសម្រស់បឹងភ្នំភ្លើងដែលល្បីថាមានសម្រស់ស្រស់ស្អាតជាងគេទាំង ១៥កន្លែងនេះទាំងអស់គ្នា៖

ភ្នំ Mazama រដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក

បឹងធម្មជាតិបង្កពីបន្ទុះភ្នំភ្លើងមួយកន្លែងនេះស្ថិតនៅក្នុងឧទ្យានជាតិបឹងបន្ទុះភ្នំភ្លើងដ៏ល្បីមួយ (Crater Lake National Park) ក្នុងរដ្ឋ អូរីហ្គិន សហរដ្ឋអាមរិក និងមានជម្រៅ ២១៤៨ហ្វីត ឬប្រហែលនឹង ៦៥៥ម៉ែត្រ។ បឹងនេះត្រូវបានគេដឹងថាកកើតឡើងតាំងពីឆ្នាំ ៥៦៦៧មុនគ្រិស្តសករាជ ក្រោយការផ្ទុះរបស់ភ្នំភ្លើង Mazama។

ភ្នំ Mazama

បឹងភ្លើងខៀវ ភ្នំ Kawah Ljen ប្រទេសឥណ្ឌូនេស៊ី

ទោះបីជាបឹងនេះមើលទៅមានសម្រស់ស្រស់ស្អាតគួរឱ្យចង់ទស្សនា និងងូតទឹកកម្សាន្តអារម្មណ៍លេងយ៉ាងណាក៏ដោយ តែបឹងនេះពោរពេញទៅដោយសារធាតុអាស៊ីតស្ពាន់ធ័រ ( Sulphuric Acid) ដែលជាបឹងដ៏ធំ និងមានជាតិអាស៊ីតគ្រោះថ្នាក់ច្រើនជាងគេបង្អស់ផងដែរ។ នោះក៏ដោយសារតែដីភ្នំម្តុំនោះសម្បូរទៅដោយជាតិរ៉ែស្ពាន់ធ័រ ដែលជាទីកន្លែងរុករក និងជីករ៉ែដ៏សំខាន់មួយនៅក្នុងប្រទេសទៀតផង។

បឹងភ្លើងខៀវ

បឹង Kaali កោះ Saaremaa ប្រទេសអេស្តូនី

បឹង Kaali ដែលមានទំហំតូចមើលច្រលំស្មានតែជា ទឹកអណ្តូង ឬស្រះបែបធម្មជាតិមួយតែប៉ុណ្ណោះនេះ ត្រូវបានគេដឹងថាមានដល់ទៅ៩កន្លែងដូចៗគ្នា។ ហើយរណ្តៅបឹងដ៏សែនជ្រៅទាំងនេះ ត្រូវបានគេរកឃើញថាបានកើតឡើងទាំងពីប្រមាណ ៤០០០ ទៅ ៧៦០០ឆ្នាំមុនឯណោះ។

បឹង Kaali

ភ្នំ Katmai រដ្ឋអាឡាស់កា សហរដ្ឋអាមេរិច

បឹងដែលស្ថិតនៅរយៈកំពស់ប្រមាណជា ៦៧១៦ ហ្វីត ឬស្មើនឹង ២០៤៧ម៉ែត្រ នៅក្នុងឧទ្យានជាតិ និងតំបន់អភិរក្សសត្វព្រៃ Katmai រដ្ឋអាឡាស់កានេះ ត្រូវបានគេដឹងថាមានអង្កត់ផ្ចិតប្រមាណជា ១០គីឡូម៉ែត្រឯណោះ។ នៅក្នុងនោះផងដែរ បឹងលើភ្នំ Katmai ត្រូវបានគេដឹងថាកកើតឡើងតាំងពីឆ្នាំ ១៩១២ បន្ទាប់ពីមានការបន្ទុះភ្នំភ្លើង Novarupta ដែលមានទីតាំងនៅក្បែរភ្នំមួយកន្លែងនេះ។

ភ្នំ Katmai

បឹង Rano Kau កោះភាគខាងកើតសមុទ្រប៉ាស៊ីហ្វិច 

ស្ថិតនៅលើកោះភាគខាងកើតសមុទ្រប៉ាស៊ីហ្វិច ក្រៅពីរូបសំណាក់ក្បាលមនុស្សដ៏ធំអស្ចារ្យ នៅក្នុងតំបន់ Rano Kau ក៏មានបឹងភ្នំភ្លើងដ៏ស្រស់ស្អាតមួយដែរ ដែលជាប្រភពទឹកសាបដែលមានតែមួយប៉ុណ្ណោះនៅលើដីកោះនេះ។

បឹង Rano Kau

បឹង Okama ភ្នំ Zao កោះ Honshū ប្រទេសជប៉ុន

បឹង Okama ដែលមានសម្រស់ស្រស់ស្អាតពណ៌ខៀវស្រងាត់នៅក្នុងប្រទេសជប៉ុនមួយនេះមានឈ្មោះម្យ៉ាងទៀតហៅថា អណ្តូង៥ពណ៌ ដែលកកើតឡើងពីបន្ទុះភ្នំភ្លើងក្នុងសត្សវត្សន៍ទី ១៨។ បឹងនេះមានអង្កត់ផ្ចិត ១២០០ហ្វីត ស្មើនឹង ៣៦៦ម៉ែត្រ និងមានជម្រៅ ២០០ហ្វីត ស្មើនឹង ៦០ម៉ែត្រ។

បឹង Okama

បឹង Tritriva តំបន់ Vàkinankàratra ប្រទេសម៉ាដាហ្គាស្ការ

បឹង Tritriva មានចម្ងាយពីក្រុង Antsirable ប្រទេសម៉ាដាហ្គាស្ការប្រមាណជា ៣០នាទី ដោយស្ថិតនៅក្នុងតំបន់ Vàkinankàratra ។ ផ្ទៃបឹងនេះព័ទ្ធជុំវិញដោយជញ្ជាំងថ្មភ្នំ អមដោយទេសភាពដើមឈើពណ៌ខៀវស្រងាត់ ថែមទាំងមានទឹកត្រជាក់ថ្មឈ្វេង ជម្រៅប្រមាណជា ១៦០ម៉ែត្រដែលអាចឱ្យអ្នកទេសចរហែលកម្សាន្តលេងយ៉ាងត្រជាក់ចិត្តផងដែរ។

បឹង Tritriva

បឹង Segara Anak ភ្នំ Rinjani កោះ Lombok ប្រទេសឥណ្ឌូនេស៊ី

បឹងភ្នំភ្លើងដ៏ស្រស់ស្អាតមួយកន្លែងនេះបានកកើតឡើងបន្ទាប់ពីមានបន្ទុះភ្នំភ្លើងដ៏ខ្លាំងក្លា ដល់ទៅកម្រិតទី៧ (កម្លាំងបន្ទុះភ្នំភ្លើង) ក្នុងឆ្នាំ ១២៥៧ ។ ដោយសារតែកម្លាំងនៃការផ្ទុះនេះខ្លាំងពេក ធ្វើឱ្យតំបន់នេះធ្លាប់ជួបប្រទះនឹងយុគ្គសម័យទឹកកកក្នុងអំឡុងចន្លោះសត្សវត្សន៍ទី ១៦ ទៅទី១៩ផងដែរ។ សព្វថ្ងៃនេះ បឹង Segara Anak ដែលមានន័យថា កូនសមុទ្រ បានប្រែក្លាយទៅជាទំបន់ទេសចរណ៍ដ៏ល្បីល្បាញសម្រាប់កម្សាន្តអារម្មណ៍ និងហែលទឹកកម្សាន្តលេងទៀតផង។

បឹង Segara Anak

បឹង Kerid ភ្នំ Grímsnes ប្រទេសអ៊ីស្លង់

តំបន់ភ្នំភ្លើងភាគខាងលិចប្រទេសអ៊ីស្លង់ មានបឹងភ្នំភ្លើងមួយកន្លែងដ៏ល្បីល្បាញឈ្មោះថា Kerid ដែលមានទឹកថ្លាឆ្វង់គួរឱ្យចង់គយគន់ និងហែលកម្សាន្តលេងផងដែរ។ បឹងនោះស្ថិតនៅក្នុងតំបន់ដែលសម្បូរទៅដោយថ្ម និងដីក្រហមរួមទាំងដើមឈើតូចធំដុះជុំវិញ ដោយមានជម្រៅដល់ទៅ៥៥ម៉ែត្រ ប៉ុន្តែកម្ពស់ទឹកមានត្រឹមតែ ៧ម៉ែត្រ ទៅ ១៤ម៉ែត្រប៉ុណ្ណោះ អាស្រ័យទៅលើបរិមាណទឹកភ្លៀងដែលហូរចាក់បំពេញ។

បឹង Kerid

បឹង Heaven ភ្នំ Haekdu ប្រទេសចិន និងកូរ៉េខាងជើង

បឹងនេះស្ថិតនៅតាមបណ្តោយព្រំដែនរវាងប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង ដែលកើតឡើងពីកម្លាំងបន្ទុះភ្នំភ្លើង Haekdu ដ៏ខ្លាំងក្លាមួយក្នុងឆ្នាំ ៩៦៩។ មានពាក្យចចាមអារ៉ាម និងរឿងព្រេងជាច្រើនទាក់ទងនឹងបឹងមួយនេះ ដែលសូម្បីតែអតីតមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-il ក៏ធ្លាប់បានប្រកាសថាលោកមានកំណើតនៅក្បែរភ្នំនេះផងដែរ ហើយក្រោយពីលោកស្លាប់នៅក្នុងឆ្នាំ ២០១១ បណ្តាញសារព័ត៌មានកូរ៉េខាងជើងបានរាយការណ៍ថា ផ្ទៃទឹកកកនៃបឹងនេះស្រាប់តែចាប់ផ្តើមប្រេះបែក ប្រៀបបីដូចជាការរញ្ជួយផែនដី និងឋានសួគ៌អ៊ីចឹង។ បន្ថែមពីនេះប្រជាជនជាច្រើនមានជំនឿថា បឹងនេះជាជម្រករបស់សត្វបិសាចក្នុងទឹកមួយក្បាលដែលមានមុខមាត់ជាមនុស្ស តែមានក.វែង និងស្បែកពណ៌ប្រផេះឈ្មោះថា Tianchi ទៀតផង។

បឹង Heaven

ភ្នំភ្លើង Kelimutu កោះ Flores ប្រទេសឥណ្ឌូនេស៊ី

តំបន់ភ្នំភ្លើង Kelimutu មានបឹងដល់ទៅ៣ឯណោះ គឺ បឹង Tiwu Ko'o Fai Nuwa Muri (បឹងកូនក្មេង) និង Tiwu Ata Polo (បឹងរីករាយ) ដែលបឹងទាំងពីរនេះនៅជាប់គ្នាតែខណ្ឌដោយជញ្ជាំងថ្ម និងបឹងមួយទៀតមានឈ្មោះថា Tiwu Ata Bupu (បឹងមនុស្សចាស់)។

ភ្នំភ្លើង Kelimutu

បឹង Öskjuvatn ភ្នំ Askja ប្រទេសអ៊ីស្លង់

បឹង Öskjuvatn ដែលស្ថិតនៅក្នុងតំបន់ភ្នំ Askja ប្រទេសអ៊ីស្លង់មួយកន្លែងនេះ បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន ដោយសារតែបឹងនេះមានទេសភាពប្រៀបបីដូចជាភពក្រៅដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានរកឃើញយ៉ាងអ៊ីចឹង។ ការពីមុនផ្ទៃបឹងនេះធ្លាប់ជាបឹងទឹកកកក្នុងអំឡុងខែមិថុនា ឬកក្កដា តែត្រូវបានប្រែប្រួលដោយសារតែអាកាសធាតុផែនដីកាន់តែមានកម្តៅខ្លាំងឡើងៗ។ បច្ចុប្បន្ន ទោះជាទឹកក្នុងបឹងនេះអាចចុះងូត ឬហែលបានយ៉ាងណាក្តី តែអ្នកទេសចរត្រូវបានហាមឃាត់មិនឱ្យចុះលេងទឹកបឹងនេះឡើយ ដោយសារតែមាន សារធាតុកាបូនឌីអុកស៊ីតយ៉ាងច្រើន បានអណ្តែតពាសពេញផ្ទៃទឹកដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកហែលកម្សាន្ត។

បឹង Öskjuvatn

បឹង Pingualuit ខេត្ត Quebec ប្រទេសកាណាដា

បឹង Pingualuit បានកកើតឡើងពីបន្ទុះភ្នំភ្លើងប្រមាណជា ១.៤លានឆ្នាំកន្លងមកហើយ ។ ស្ថិតនៅក្នុងជម្រៅ ៣៥ម៉ែត្រ បឹងនេះជាប់ឈ្មោះថា ជាបឹងដែលជ្រៅជាងគេក្នុងចំណោមបឹងទាំងអស់នៅទ្វីបអាមេរិចខាងជើង និងជាទឹកសាបដែលថ្លាឈ្វេញជាងគេផងដែរនៅលើផែនដី។

បឹង Pingualuit

បឹង Quilotoa ភ្នំ Andes តំបន់អាក្វាទ័រ

បឹងដែលមានទឹកពណ៌ខៀវថ្លាប្រៀបបីដូចជាពណ៌ត្បូងដ៏មានតម្លៃមួយនេះ កើតឡើងពីបន្ទុះភ្នំភ្លើងប្រមាណជា ៨០០ឆ្នាំកន្លងមកហើយ។ អ្នកទេសចរអាចកម្សាន្តអារម្មណ៍ជាមួយនឹងទេសភាពស្រស់ស្អាតនៅជុំវិញដ៏គួរឱ្យជក់ចិត្ត តែទឹកបឹងនេះត្រូវបានគេដឹងថាសម្បូរទៅដោយជាតិអាស៊ីតដែលមិនអាចឱ្យហែលកម្សាន្តលេងនោះទេ។

បឹង Quilotoa

បឹង Lonar ស្រុក Buldhana រដ្ឋ Maharashtra ប្រទេសឥណ្ឌា

បឹង Lonar គឺជាជម្រករបស់រុក្ខជាតិ និងបណ្តាសត្វក្រោមទឹកជាច្រើនប្រភេទ ដែលមិនត្រឹមតែមានភាពស្រស់ស្អាតអស្ចារ្យប៉ុណ្ណោះទេ តែក៏មានបង្កប់នូវអាថ៌កំបាំងជាច្រើនដែលអ្នកវិទ្យាសាស្រ្តកំពុងតែសិក្សាស្រាវជ្រាវផងដែរ។ គួរឱ្យដឹងផងដែរថា បឹងដែលសម្បូរទៅដោយសត្វព្រៃ និងរុក្ខជាតិតូចធំនេះនេះត្រូវបានអភិរក្សការពារចាប់តាំងពីឆ្នាំ ១៩៩៩មកម្ល៉េះ។

បឹង Lonar

ដោយឡែកនៅប្រទេសកម្ពុជាយើងក៏មានបឹងភ្នំភ្លើងមួយដ៏ល្បីល្បាញផងដែរ នោះគឺបឹងយក្សឡោម។ ស្ថិតនៅក្នុងតំបន់ភ្នំដីក្រហមខេត្តរតនគិរី បឹងយក្សឡោមគឺជាបឹងដែលកើតឡើងពីបន្ទុះភ្នំភ្លើងរាប់រយឆ្នាំកន្លងមកហើយ។ បឹងយក្សឡោម សម្បូរទៅដោយព្រៃព្រឹក្សាដុះអមជុំវិញជាម្លប់កម្សាន្តអារម្មណ៍ រីឯផៃ្ទទឹកបឹងវិញមានពណ៌‌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ដូចកញ្ចក់ ដែលអាចឱ្យអ្នកទេសចរងូត ឬហែលកម្សាន្តលេងផងដែរ។។ បឹងនេះមាន មានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ ដូចជាបាតខ្ទះ តែបឹងនេះមានដាក់សញ្ញាហាមឃាត់គ្រោះថ្នាក់នៅចំណុចខ្លះនៃផ្ទៃបឹង ដែលហាមមិនឱ្យហែលទៅកាន់តែជ្រៅនោះឡើយ៕

បឹងយក្សឡោម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]