ចិន៖ ស្រ្តីជនជាតិចិនម្នាក់ ទទួលបានការកោតសរសើរ និងការលើកទឹកចិត្តជាខ្លាំង ពីសំណាក់មហាជនទូទៅ ក្រោយគេដឹងថា បើទោះបីនាងជាមនុស្សពិការ គេងតែលើគ្រែតាំងពីតូច ប៉ុន្តែមានឆន្ទៈតស៊ូនឹងជីវិត ហ្វឹកហាត់គូរគំនូរបានយ៉ាងស្រស់ស្អាត ដាក់លក់លើអនឡាញ ដើម្បីរកលុយជួយគ្រួសារ ដែលមនុស្សគ្រប់រូបគួរយកតម្រាប់តាម។

អ្នកស្រី Zhang Junli

ស្រ្តីពិការខាងលើនេះ មានឈ្មោះថា Zhang Junli បច្ចុប្បន្នមានអាយុ ៤០ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន។ កាលពីអាយុ៦ឆ្នាំ អ្នកស្រី Zhang បានធ្វើរោគវិនិច្ឆ័យដោយរកឃើញថា កើតមានជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃ (Rheumatoid Arthritis) ។

រហូតដល់អាយុ៨ឆ្នាំ ស្ថានភាពជំងឺមួយនេះកាន់តែធ្ងន់ធ្ងរ ដែលធ្វើឲ្យមុខងារលូតលាស់នៃរាងកាយ ស្ទើរតែ៩០ភាគរយ និងសន្លាក់រងការខូតខាតជាខ្លាំង ដែលបណ្តាលឲ្យអ្នកស្រី Zhang ធ្លាក់ខ្លួនក្នុងសភាពពិការ ពុំអាចកម្រើរាងកាយបាន ពោលគឺបានត្រឹម ងាក.ក និងលើកដៃតិចតួចតែប៉ុណ្ណោះ ខណៈដែលរាល់បន្ទុកទាំងអស់ គ្រួសារជាអ្នកជួយរ៉ាប់រងនិងមើលថែទាំ។

អស់រយៈពេល ៣២ឆ្នាំដែលអ្នកស្រី Zhang បានតស៊ូនឹងជំងឺដ៏កាចសាហាវមួយនេះនៅលើគ្រែគេង ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក៏អ្នកស្រី Zhang ក៏ពុំដែលមានអារម្មណ៍ថា តូចចិត្ត និងអស់សង្ឃឹមចំពោះខ្លួនឯងម្តងណាឡើយ។

ផ្ទុយទៅវិញ ចាប់តាំងពីពេលនោះមក អ្នកស្រី Zhang ក៏បានងាកមកហ្វឹកហាត់គូរគំនូរ ដោយប្រើជក់គាប់ជាប់នឹងចន្លោះម្រាមដៃពិការរបស់អ្នកស្រីដើម្បីកាន់គូរ និងប្រើមាត់ជាជំនួយបន្ថែមផងដែរ។

ពីមួយថ្ងៃទៅមួយថ្ងៃ ចំណង់នៃការស្រលាញ់សិល្បៈគូរគំនូរមួយនេះ តាមរយៈការស្រមើលស្រមៃ និងគូរតាមរូបភាពពីទូរស័ព្ទដៃ ក៏ក្លាយទៅជាទម្លាប់ រហូតធ្វើឲ្យអ្នកស្រី Zhang អាចជោគជ័យ លេចចេញជារូបភាពផ្ទាំងគំនូរជាច្រើនហូរហែយ៉ាងស្រស់ស្អាតនឹកស្មានមិនដល់ មិនចាញ់ទៅនឹងវិចិត្រករអាជីពប៉ុន្មានឡើយ។

អ្នកស្រី Zhang Junli

បន្ថែមលើនេះ អ្នកស្រី Zhang ថែមទាំងបានបណ្ដុះគំនិត ជំរុញខ្លួនឯងថា នឹងមិនឲ្យជំងឺដ៏កាចសាហាវរបស់អ្នកស្រី មកគ្រប់គ្រងលើជោគវាសនារបស់អ្នកស្រីបានជាដាច់ខាត។ ដូច្នេះអ្នកស្រីត្រូវតែតស៊ូជម្នះ នឹងភាពលំបាកទាំងអស់នេះឲ្យទាល់តែបាន ដោយមិនត្រូវអស់សង្ឃឹម ឬគេងរង់ចាំថ្ងៃស្លាប់នោះឡើយ។

ថ្លែងប្រាប់សារព័ត៌មាន MailOnline អ្នកស្រី Zhang បាននិយាយថា៖

«ពិភពលោកមួយនេះ គឺពិតជាស្រស់ស្អាតខ្លាំងណាស់។ ទោះបីជាខ្ញុំមានសុខភាពមិនល្អ ទន់ខ្សោយក៏ពិតមែន ប៉ុន្តែខ្ញុំមិនដែលគិតថា នឹងបោះបង់ចោលឱកាស ដើម្បីរស់របស់ខ្ញុំនេះឡើយ» ។
អ្នកស្រី Zhang Junli

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ត្រឹមរយៈពេល៣ឆ្នាំចុងក្រោយ ដែលអ្នកស្រី Zhang បានតស៊ូក្នុងការគូរគំនូរយ៉ាងលំបាកលំបិន អ្នកស្រីបានសម្រេចការបង្កើតផ្ទាំងគំនូរច្រើនជាង ៣០០ផ្ទាំងឯណោះ។ ហើយបច្ចុប្បន្ន អ្នកស្រី Zhang ក៏ជាម្ចាស់ហាងលក់តាមអនឡាញម្នាក់ «Lily’s Easel» នៅលើបណ្តាញសង្គម WeChat របស់ចិន តាមរយៈការដាក់លក់ផ្ទាំងគំនូររបស់អ្នកស្រីនេះផងដែរ។

រឿងរ៉ាវដ៏កំសត់របស់អ្នកស្រី Zhang បានធ្វើឲ្យមហាជន ជាពិសេស អ្នកនិយមលេងបណ្តាញសង្គមចិនជាច្រើន រំជួលចិត្តជាខ្លាំង ដោយគ្រប់គ្នាបានសម្ដែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាបង្ហាញពីការជួយគាំទ្រ និងជួយទិញរាល់គ្រប់ស្នាដៃគំនូររបស់អ្នកស្រី Zhang ផងដែរ។ ខណៈមកទល់ពេលនេះ ផ្ទាំងគំនូររបស់អ្នកស្រី Zhang បានលក់ចេញអស់ ១៥០ផ្ទាំងហើយ កាលពីសប្តាហ៍កន្លងទៅនេះ។

អ្នកស្រី Zhang បាននិយាយថា អ្នកស្រីពិតជារំភើបចិត្ត និងសឹងតែមិនជឿថា វាអាចកើតឡើងទាល់សោះ ដែលអ្នករាល់គ្នាជួយគ្រាំទ្រដល់អ្នកស្រីជាខ្លាំង ធ្វើឲ្យក្តីស្រមៃអ្នកស្រីក្លាយជាពិត។

«អ្នកដឹងទេនៅពេលដែលអ្នកជិតខាងមកសួរសុខទុក្ខខ្ញុំម្តងៗ ពួកគេតែងលាន់មាត់ថា តើក្មេងស្រីកំសត់នេះនឹងទៅជាយ៉ាងណាទៅ? ហើយម្តាយរបស់ខ្ញុំក៏បានឆ្លើយតបទៅពួកគេវិញ ទាំងអួលដើម.ក និងសម្រក់ទឹកភ្នែក។ ខ្ញុំពិតជាកើតទុក្ខខ្លាំងណាស់ នៅពេលដែលឃើញម្តាយខ្ញុំបែបនេះ។ ខ្ញុំក៏តបទៅពួកគេវិញដែរថា ខ្ញុំគ្រាន់តែពិការទៅណាមិនរួចប៉ុណ្ណោះ ប៉ុន្តែខ្ញុំមិនទាន់ស្លាប់ឯណោះ» អ្នកស្រី Zhang និយាយ។
អ្នកស្រី Zhang Junli
គំនូររបស់អ្នកស្រី Zhang Junli

ស្រ្តីពិការដ៏មានឆន្ទៈមោះមុតរូបនេះ បានឲ្យដឹងទៀតថា ថ្វីបើអ្នកស្រីមិនអាចចេញទៅខាងក្រៅផ្ទះបាន ប៉ុន្តែអ្នកស្រីនៅតែអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាល តាមរយៈការរុករកមើលនៅលើអ៊ីនធើណែត និងផ្ទាំងគំនូរដែលអ្នកស្រីបានគូរវាឡើងនេះផងដែរ។

ជាចុងក្រោយ អ្នកស្រី Zhang ក៏ចង់ជួយលើកទឹកចិត្ត ទៅដល់បុគ្គលដែលកំពុងតែស្ថិតក្នុងស្ថានភាពលំបាកដូចជាអ្នកស្រី (ពិការ) ត្រូវតែតស៊ូឡើង និងកុំអស់សង្ឃឹមឲ្យសោះនៅក្នុងជីវិត។

គួរឲ្យដឹងផងដែរថា ជាធម្មតាក្រណាត់ផ្ទាំងគំនូរទំហំ ៣០x៤០អ៊ីញ (ឬ ៧៥x១០០សង់ទីម៉ែត្រ) អ្នកស្រី Zhang ចំណាយពេលគូរចន្លោះពីមួយសប្តាហ៍ ឬ ទៅ១២ថ្ងៃ ទើបរួចរាល់។

ក្រៅពីនេះ អ្នកស្រី Zhang ក៏ត្រូវបានគេដឹងផងដែរថា ធ្លាប់បាននិពន្ធសៀវភៅបានចំនួន៤ក្បាល ដែលក្នុងនោះទាក់ទងទៅនឹងប្រលោកប្រឌិត (Fictions) បានចំនួន៣ក្បាល និងទាក់ទងទៅនឹងជីវប្រវត្តិបុគ្គល (Autobiography) បានចំនួន១ក្បាលផងដែរ ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖  

គំនូររបស់អ្នកស្រី Zhang Junli
គំនូររបស់អ្នកស្រី Zhang Junli
ម្តាយរបស់អ្នកស្រី Zhang Junli
គំនូររបស់អ្នកស្រី Zhang Junli
គំនូររបស់អ្នកស្រី Zhang Junli
អ្នកស្រី Zhang Junli ប្រើដៃគូរគំនូរ
អ្នកស្រី Zhang Junli
គំនូររបស់អ្នកស្រី Zhang Junli
អ្នកស្រី Zhang Junli

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]