ផ្ទះគឺជាទីជម្រកស្នាក់អាស្រ័យដ៏កក់ក្តៅ និងសុខក្សេមក្សាន្តសម្រាប់មនុស្ស។ ហេតុនេះហើយ បានជាគ្រប់គ្នាខំប្រឹងប្រែងធ្វើការ និងរកលុយយ៉ាងណាដើម្បីស្វែងរកលំនៅដ្ឋានដ៏សមរម្យមួយសម្រាប់រស់នៅទៅតាមលទ្ធភាព និងជីវភាពរៀងៗខ្លួន។ ប៉ុន្តែក្រៅពីចង់បានទីលំនៅសមរម្យហើយ  ភាពប្រណីត និងទំនើបក៏ជាអ្វីដែលមនុស្សមានជីវភាពខ្ពង់ខ្ពស់ប្រាថ្នាចង់បានផងដែរ ជាពិសេសគឺផ្ទះ ​វីឡា ​ឬវិមានដែលមានតម្លៃថ្លៃៗ។ 

ដូច្នេះមកស្គាល់កំពូលគេហេដ្ឋានដែលជាប់ចំណាត់ថ្នាក់មានតម្លៃថ្លៃជាងគេបំផុតគិតមកទល់ឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ៖

១០. 7 Upper Phillimore Gardens

Phillimore Gardens គឺជាផ្ទះដ៏ប្រណីត និងធំស្កឹមស្កៃមួយនៅក្នុងទីក្រុងឡុង៍ ចក្រភពអង់គ្លេស ដែលមានបន្ទប់ស្នាក់នៅលក្ខណៈឯកជនដល់ទៅ១០ បន្ទប់។ អ្វីដែលពិសេសនោះ ផ្ទះមួយនេះមានអាងហែលទឹកនៅក្រោមដី បន្ទប់ហាត់ប្រាណស្ទីម សូណា បន្ទប់បញ្ចាំងភាពយន្ត និងកន្លែងសំខាន់ៗជាច្រើនទៀត។ ផ្ទះមួយនេះត្រូវបានគេដឹងថាជាកម្មសិទ្ធរបស់កូនស្រីលោកនាយករដ្ឋមន្ត្រីទី២នៃប្រទេសអ៊ុយក្រែន ហើយមានតម្លៃដល់ទៅ ១២៨លានដុល្លា ដោយធ្វើការតុបតែងរចនា និងសាងសង់ឡើងដោយប្រើប្រាស់របស់សិល្បៈ និងវត្ថុបុរាណថ្លៃៗផងដែរ ។

7 Upper Phillimore Gardens

៩. Kensington Palace

វិមានមួយនេះ គឺជាកម្មសិទ្ធិរបស់ លោក Roman Abramovich មហាសេដ្ឋីជនជាតិរុស្ស៊ី ដែលកាន់កាប់ក្រុមហ៊ុនវិនិយោគ Millhouse LLC និងជាម្ចាស់ក្លិបបាល់ទាត់ តោខៀវ Chelsea ផងដែរ។ គេហដ្ឋានដ៏ប្រណីតនេះ មានតម្លៃ ១៦៥លានដុល្លា ថែមទាំងជាកន្លែងស្នាក់នៅដ៏អស្ចារ្យ និងស្រស់ស្អាត ស្ថិតនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសដែលជាតំបន់សម្បូរទៅដោយគេហដ្ឋានមហាសេដ្ឋីរស់នៅ។

Kensington Palace

៨.Seven The Pinnacle

គេហដ្ឋានដ៏ធំស្កឹមស្កៃ និងល្អវិចិត្រមួយនេះស្ថិតនៅក្នុងរីហ្សតជិះស្គីទឹកកកដ៏ល្បីល្បាញមួយកន្លែងមានឈ្មោះថា Yellowstone Club ដែលមានទីតាំងនៅក្នុងរដ្ឋ Montana សហរដ្ឋអាមេរិក។ ផ្ទះនេះត្រូវបានគេដឹងថាមានតម្លៃ ១៥៥លានដុល្លា ដែលមានបន្ទប់ជិះស្គីទឹកកកលក្ខណៈឯកជន កន្លែងវាយកូនហ្គោល ជាពិសេសមានអាងហែលទឹក កម្រាលឥដ្ឋដ៏កក់ក្តៅសម្រាប់អាកាសធាតុត្រជាក់នៅក្នុងតំបន់នេះ កន្លែងហាត់ប្រាណ រួមទាំងកន្លែងសំខាន់ៗជាច្រើនទៀត។

Seven The Pinnacle

៧.Hearst Castle

វិមានដ៏ប្រណីតនេះស្ថិតនៅក្នុងទីក្រុង San Simeon រដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិក មានបន្ទប់ស្នាក់នៅដល់ទៅជាង ២៧បន្ទប់ និងត្រូវបានចនាសាងសង់ឡើងដោយលោក William Randolph Hearst ។ គេហដ្ឋានមួយនេះ ក៏ជាទីកន្លែងទេសចរណ៍ដ៏ល្បីល្បាញប្រចាំរដ្ឋកាលីហ្វញ៉ាំផងដែរ ជាពិសេសផ្ទះនេះមានតម្លៃថ្លៃខ្លាំង រហូតដល់ទៅ ១៩១លានដុល្លារ។

Hearst Castle

៦.Ellison Estate

ផ្ទះដ៏ធំអស្ចារ្យ និងប្រណីតស្ថិតនៅក្នុងទីក្រុង Woodside រដ្ឋកាលីហ្វញ៉ាមួយកន្លែងនេះ គឺជាកម្មសិទ្ធរបស់លោក Larry Ellison មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី៣ លើលោក និងជាសហស្ថានិកក្រុមហ៊ុន Oracle ផងដែរ។ ផ្ទះមួយនេះត្រូវបានគេដឹងថា មានតម្លៃដល់ទៅ ២០០លានដុល្លា ជាមួយនឹងទំហំដីដល់ទៅជិត១០ហិចតា និងមានអគារជាង ១០កន្លែង រួមទាំងបឹងសិប្បិនិម្មិតផងដែរ។ ហើយអ្នកអាចនឹងចំណាយពេលដល់ទៅ១ថ្ងៃពេញឯណោះ ប្រសិនជាចង់ដើរទស្សនាផ្ទះដ៏ធំស្កឹមស្កៃនេះឱ្យបានសព្វកន្លែង។

Ellison Estate

៥.  18 -19 Kensington Palace Gardens

វិមានដ៏ប្រណីតនេះ ស្ថិតនៅក្នុងទីក្រុងឡុង៍តំបន់ដែលសម្បូរទៅដោយសេដ្ឋីវាល់លានរស់នៅ ថែមទាំងមានទីតាំងជាប់នឹងខាងឆ្វេងដៃព្រះរាជដំណាក់របស់ព្រះអង្គម្ចាស់ William នៃចក្រភពអង់គ្លេសទៀតផង។ លោក Lakshmi Mittal ដែលជាម្ចាស់វិមាននេះត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីជនជាតិឥណ្ឌា និងជាម្ចាស់ក្រុមហ៊ុន Arcelor Mittal ដ៏ធំមួយផងដែរ។ ជាមួយនឹងផ្ទះដែលមានទំហំធំ មានបន្ទប់គេងចំនួន ១២បន្ទប់ កន្លែងងូតទឹកបែបទួគី អាងហែលទឹកនៅក្នុងអគារ រួមទាំងកន្លែងចតឡានដែលមានទំហំធំមួយផងដែរនោះ វិមាននេះត្រូវបានគេដឹងថាមានតម្លៃដល់ទៅ ២២២លានដុល្លា។

18 -19 Kensington Palace Gardens

៤.Four Fairfield Pond

ផ្ទះដ៏ធំស្កឹមស្កៃនេះសាងសង់នៅលើផ្ទៃដីដ៏ធំដល់ទៅជាង ២៥ហិចតា អមដោយការរចនាម៉ូតពណ៌បៃតងស្រស់ជាទេសភាពជុំវិញ មានបន្ទប់គេងដល់ទៅ ២៩បន្ទប់ បន្ទប់ទឹក ៣៩ មានបន្ទប់ទទួលទានអាហារដ៏ធំមួយ កន្លែងលេងបាល់បោះ កន្លែងវាយតេនីស កន្លែងវាយកូនបាល់ រួមទាំងកន្លែងបោះប៉ូលីងផងដែរ។ គេហដ្ឋានដ៏ធំ និងប្រណីតមួយនេះស្ថិតនៅក្នុងភូមិ Sagaponack ក្រុងញ៉ូយ៉ក ដែលមានតម្លៃដល់ទៅ ២៤៨.៥លានដុល្លា។

Four Fairfield Pond

៣.Villa La Leopolda

ផ្ទះវីឡាមួយកន្លែងនេះសាងសង់លើផ្ទៃដីដល់ទៅជាង ២០ហិចតា ស្ថិតនៅក្នុងតំបន់ Cote D’Azure ប្រទេសបារាំង និងមានតម្លៃដល់ទៅ ៧៥០លានដុល្លា។ ផ្នែកមួយចំនួននៃផ្ទះដ៏ប្រណីតមួយនេះរចនាឡើងលំអដោយដើមឈើពណ៌បៃតង ថែមទាំងមានកន្លែងហែលទឹកដ៏ធំមួយ កន្លែងចុះចតឧទ្ធម្ភាគចក្រ និងមានផ្ទះសំណាក់ផងដែរ។

Villa La Leopolda

២.Antilia

ផ្ទះដ៏ប្រណីត និងមានកម្ពស់ខ្ពស់ដូចអគារកប់ពពកស្ថិតនៅក្នុងក្រុង ម៊ុមបៃ ប្រទេសឥណ្ឌាមួយកន្លែងនេះ ជាកម្មសិទ្ធរបស់ CEO ក្រុមហ៊ុន Reliance ដ៏ល្បីមួយ និងជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកផងដែរ គឺលោក Mukesh Ambani។ អគារនេះមានតម្លៃដល់ទៅ ១ពាន់លានដុល្លា និងមានកម្ពស់ដល់ទៅ ២៧ជាន់ ដោយមានទាំងចំណតឧទ្ធម្ភាគចក្រ ៣កន្លែង និងមានចំណតក្រោមដី ៦ជាន់ថែមទៀតផង។

Antilia

១.Buckingham Palace

រាជវាំង Buckingham គឺជាកម្មសិទ្ធរបស់ខ្សែរាជវង្សអង់គ្លេស ដែលមិនត្រឹមតែជារាជវាំងដែលមានឈ្មោះល្បីល្បាញនោះទេ ថែមទាំងត្រូវបានគេដឹងថាជាលំនៅដ្ឋានដែលមានតម្លៃដល់ទៅ ១.៥ពាន់លានដុល្លា ថ្លៃកប់ពពកជាងគេបង្អស់លើលោកផងដែរ។ រាជវាំងដែលស្ថិតនៅក្នុងទីក្រុងឡុង៍ ចក្រភពអង់គ្លេស មួយកន្លែងនេះមានបន្ទប់សរុបដល់ទី ៧៧៥បន្ទប់ បូករួមនឹងបន្ទប់គេង ៥២ បន្ទប់ទឹក ៧៨ និងទីតាំងផ្សេងៗមួយចំនួនទៀត៕

Buckingham Palace

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]