ចាស់ៗរមែងនិយាយថាកូនស្រីមិនគួររៀនច្រើនពេកទេ នាំតែអត់មានគូ គ្មានអ្នកស្រលាញ់ និងគ្មាននរណាម្នាក់ដណ្តឺងជាប្រពន្ធ។ នោះក៏ដោយសារតែ ភាគច្រើនមនុស្សស្រីដែលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ច្រើនតែចូលចិត្តសិក្សារៀនសូត្រ ជាមនុស្សស្រីដែលឆ្លាតវៃ ពូកែ រឹងមាំ និងជាមនុស្សស្រីដែលជោគជ័យម្នាក់ផងដែរ ដែលជាហេតុធ្វើឱ្យមនុស្សស្រីទាំងនោះមិនសូវខ្វល់ខ្វាយរឿងគូស្រករប៉ុន្មានឡើយ ហើយមនុស្សប្រុសល្មមៗក៏មិនអាចយកឈ្នះបេះដូងមនុស្សស្រីឆ្លាតៗដែរ។

ក្រៅពីហេតុផលទាំងនោះ យើងនឹងបើកបង្ហាញពីចំណុចលម្អិតធំៗទាំង៧ ដែលជាហេតុធ្វើឱ្យមនុស្សស្រីពូកែ និងឆ្លាតមិនមានគូដូចគេ ដូចខាងក្រោមនេះ៖

១.មានគំនិតទូលាយ និងត្រង់ខ្លាំងពេក

ដោយសារតែនាងជាមនុស្សរឹងមាំ និងមានភាពឆ្លាតវៃ នាងចូលចិត្តបញ្ចេញមតិយោបល់ និងបង្ហាញការយល់ឃើញរបស់នាងត្រង់ៗពោរពេញដោយជំនឿចិត្ត ដោយមិនសូវជាចេះខ្លាចចិត្តអ្នកណា។ ជាពិសេសក្នុងរឿងស្នេហា នាងមិនចូលចិត្តផ្តេកផ្តួល ឬរំពឹងលើអ្នកណាម្នាក់ឡើយ។ ចំនុចខ្លាំងមួយនេះហើយ ដែលជាហេតុធ្វើឱ្យមនុស្សប្រុសមិនសូវហ៊ានមកជិតនាងនោះ។

មានគំនិតទូលាយខ្លាំងពេក

២.ដឹងពីអ្វីដែលខ្លួនឯងចង់បាន

ចំណុចនេះអាចនិយាយបានថា នាងជាមនុស្សដែលរើសច្រើន ជាពិសេសគឺមនុស្សប្រុសដែលមានចំណុចខុសពីអ្វីដែលនាងរំពឹងទុក នាងនឹងមិនត្រូវការឡើយ។ អ្វីដែលសំខាន់តម្រូវការរបស់នាងពិតជាច្រើន និងពិសេសលើសពីមនុស្សស្រីធម្មតា ដែលជាហេតុធ្វើឱ្យនាងពិបាកនឹងរកគូណាស់។ ទោះបីជានាងរើសច្រើន តែចំណុចពិសេសនោះ គឺនាងដឹងខ្លួនឯងច្បាស់ថាអ្នកណាដែលនាងត្រូវការពិតប្រាកដ និងអ្នកណាដែលនាងមិនអាចរស់នៅជាមួយបាន។

ដឹងពីអ្វីដែលខ្លួនឯងចង់បាន

៣.មិនខ្លាចបង្ហាញអ្វីដែលជាខ្លួនឯង

មនុស្សស្រីឆ្លាតមិនសូវខ្វល់ខ្វាយ ឬគិតច្រើននូវអ្វីដែលជាសម្តីរបស់មនុស្សជុំវិញមើលមកនាងជាមនុស្សយ៉ាងម៉េចនោះទេ។ នាងស្រលាញ់អ្វីដែលនាងមាន ស្មោះត្រង់នឹងខ្លួនឯង ហើយនាងក៏មិនចង់ផ្លាស់ប្តូរខ្លួនឯងដើម្បីផ្គាប់ចិត្តនរណាម្នាក់ ឬកែប្រែខ្លួនឯងដោយសារតែចង់មានស្នេហាដូចគេឯងដែរ ព្រោះនាងយល់ថាការផ្លាស់ប្តូរអ្វីដែលជាមិនមែនជាខ្លួននាងផ្ទាល់អាចប៉ះពាល់ដល់ទំនាក់ទំនងនៅពេលក្រោយបាន។ ដូច្នេះហើយបានជាមនុស្សស្រីឆ្លាត និងពូកែមិនសូវចេះទ្រអ្នកណា មិនខ្វល់ថានឹងនៅម្នាក់ឯង ឬគ្មានគូដូចគេ ជាពិសេសនោះបើទោះបីជាគ្មានអ្នកណាស្រលាញ់ក៏អត់បញ្ហាដែរ។

មិនខ្លាចបង្ហាញអ្វីដែលជាខ្លួនឯង

៤.ចង់បានអ្វីដែលថ្មី និងមានប្រយោជន៍

ដូចដែលអ្នកបានដឹងរួចមកហើយ មនុស្សស្រីឆ្លាត និងពូកែ គឺជាមនុស្សស្រីដែលរឹងមាំ ពូកែសព្វកិច្ចការងារ មានជីវិតជោគជ័យ និងមានមនុស្សនៅជុំវិញខ្លួនច្រើនណាស់ ដែលជាហេតុធ្វើឱ្យនាងមានការងារច្រើនដែលត្រូវធ្វើ និងរឿងច្រើនដែលត្រូវបំពេញ។ ដូច្នេះនៅពេលដែលនាងសម្រេចចិត្តរាប់អានមនុស្សប្រុសណាម្នាក់ មនុស្សប្រុសម្នាក់នោះត្រូវតែជាមនុស្សដែលហ្មត់ចត់ ពូកែ និងនិយាយអ្វីដែលមានប្រយោជន៍ជាមួយនាងទើបបាន។

ចង់បានអ្វីដែលថ្មី និងមានប្រយោជន៍

៥.មិនត្រូវការមនុស្សប្រុសធ្វើឱ្យសប្បាយចិត្ត

មនុស្សស្រីឆ្លាត និងពូកែមិនសូវជាពឹងផ្អែកលើមនុស្សប្រុសច្រើនទេ សូម្បីតែការរីករាយផ្ទាល់ខ្លួនក៏នាងចេះបង្កើតវាដោយខ្លួនឯងដែរដោយមិនបាច់ពឹងលើបុរស។ ក្រៅពីអាចរស់នៅដោយខ្លួនឯង និងចេះធ្វើឱ្យជីវិតខ្លួនឯងរីករាយហើយ មនុស្សស្រីពូកែ និងឆ្លាតថែមទាំងចូលចិត្តរស់នៅម្នាក់ឯងផងដែរ ដូច្នេះធ្វើយ៉ាងណាឱ្យនាងអាចមានស្នេហាដូចគេកើតទៅ?

មិនត្រូវការមនុស្សប្រុសធ្វើឱ្យសប្បាយចិត្ត

៦.មិនចេះទ្រអ្នកណា

ដោយសារតែនាងជាមនុស្សស្រីឆ្លាត ពូកែ មានទំនុកចិត្តលើខ្លួនឯង និងមិនសូវខ្វល់ខ្វាយច្រើន បានជានាងមិនចាប់អារម្មណ៍នៅក្នុងការតាមរក ឬស្វែងរកសេចក្តីស្នេហាពីមនុស្សប្រុសមុនឡើយ ព្រោះនាងគិតថាជាទង្វើគ្មានតម្លៃ និងឥតប្រយោជន៍។ ដូច្នេះហើយនាងមិនចំណាយពេលវេលាតាមស្រលាញ់ ឬយកចិត្តមនុស្សប្រុសណាម្នាក់នោះទេ ព្រោះនាងគិតថាការចំណាយពេលធ្វើរឿងមានប្រយោជន៍ចំពោះជីវិតនាងប្រសើរជាង ហើយការនៅម្នាក់ឯងក៏ជារឿងល្អមួយដែរ បើគ្មានអ្នកណាម្នាក់ស្រលាញ់នាង ឬត្រូវចិត្តនាងសូម្បីតែម្នាក់នោះ។

មិនចេះទ្រអ្នកណា

៧.មានមហិច្ឆតាខ្ពស់

រៀនកាន់តែច្រើន មានចំណេះដឹងកាន់តែខ្ពស់ ធ្វើឱ្យមនុស្សស្រីកាន់តែឆ្លាត មានភាពជឿជាក់ និងមានមហិច្ឆតាខ្ពស់ផងដែរ។ ហេតុនេះហើយនៅក្នុងគំនិតរបស់នាង គិតតែរឿងអនាគត និងចង់បានអ្វីដែលថ្មីៗសម្រាប់ជីវិតរបស់នាងនៅពេលខាងមុខ។ ហេតុនេះហើយនាងមិនសូវជាយកចិត្តទុកដាក់រឿងស្នេហាទេ ហើយបើមានគូស្នេហ៍នាងក៏មិនសូវខ្វល់ខ្វាយប៉ុន្មានដែរ ព្រោះនាងគិតពីកិច្ចការ និងរឿងអនាគតជីវិតរបស់នាងច្រើនជាង៕  

មានមហិច្ឆតាខ្ពស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]