ភ្នំពេញ៖ ដោយសារតែចង់គាំទ្រក៏ដូចជាចង់លើកទឹកចិត្តកូនប្រុសខ្លួនឲ្យមានកម្លាំងចិត្តប្រកួតលោក ហាំ សៅ និង អ្នកស្រី នួន នាង សុខចិត្តជិះរថយន្ដឈ្នួលតាំងពីខេត្តស្វាយរៀង ដើម្បីជូនដំណើរកូនប្រុសរបស់លោកគឺ កីឡាករ អ៊ឹម វីនុន ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនហោះទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីត្រៀមហ្វឹកហាត់ចូលរួមព្រឹត្តិការណ៍ AFF U16 Championship ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី។

កីឡាករ អ៊ឹម វីនុន

ប្ដីប្រពន្ធដែលជាអាជីវករខាងលើបានបង្ហើបប្រាប់ថា ពួកគេបានចេញដំណើរតាំងពីម៉ោង ៤ ទៀបភ្លឺមកម្ល៉េះ ដោយចំណាយម្នាក់ ២ ម៉ឺនរៀលមកភ្នំពេញដើម្បីឲ្យទាន់ដំណើររបស់កូនប្រុស ព្រោះសប្បាយចិត្តដែលបានកូនមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិ ទៅប្រកួតនៅក្រៅប្រទេសបែបនេះ។ ដោយពួកលោកទាំងពីរក៏បង្ហើបដែរថាទឹកចិត្តជាឪពុកជាម្តាយគឺ មានតែលើកដៃបួងសួងនឹងជូនពរកូនឲ្យជោគជ័យប៉ុណ្ណោះសម្រាប់លើកមុខលើកមាត់ប្រទេសកម្ពុជាឲ្យបរទេសបានទទួលស្គាល់តាមរយះការខិតប្រឹងប្រែងរបស់គេដើម្បីជាតិមាតុភូមិ។

លោក ហាំ សៅ បានបន្ថែមថា ឲ្យតែលោកមានពេលទំនេរគឺលោកតែងតែឆ្លៀត ជិះរថយន្ដឈ្នួលទៅគាំទ្រកូនប្រុស នៅពេលមានការប្រកួតម្ដងៗ ហើយថាលោកតែងតែលើកទឹកចិត្តគេឲ្យបន្តអាជីពក្នុងវ័យបាល់ទាត់ នឹងគោរពវិន័យរបស់ក្រុមឲ្យបានខ្ជាប់ខ្ជួនផងដែរ។

អ៊ឹម វីនុន និង គ្រួសារ (រូបថត៖ Keila Daily)

គួរដឹងដែរថា ការប្រកួត AFF U16 Championship ២០១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី១១ សីហា នាក្រុង Gresik ប្រទេសឥណ្ឌូនេស៊ី ហើយកម្ពុជា នឹងត្រូវប្រឈមមុខជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, វៀតណាម, ទីម័រខាងកើត និង ហ្វីលីពីន ដែលស្ថិតនៅក្នុងពូល A សម្រាប់ព្រឹត្តិការណ៍លើកនេះ៕

ក្រុមជម្រើសជាតិ U16 កម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]