ពងមាន់ ជាប្រភេទស៊ុត ដែលងាយរក ងាយទិញ និង ងាយចំអិនហូប។ វាជាប្រភពអាហារដ៏សំខាន់ សំបូរទៅដោយសារធាតុចិញ្ចឹមយ៉ាងសំបូរបែប ដែលចាំបាច់បំផុតសំរាប់ការលូតលាស់និងសុខភាពរាងកាយ។

តើរបបអាហាររបស់លោកអ្នកមានប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់ដែរឬទេ? មិនបាច់ចំណាយពេលវេលាគិតថាគួរញុំាម្ហូបអ្វីដើម្បីបំពេញសារធាតុចិញ្ចឹមទាំងនេះទេ ព្រោះការហូបស៊ុតមាន់ ត្រឹម  ២ទៅ៣គ្រាប់ក្នុងមួយថ្ងៃ នឹងអាចជួយបំពេញរាល់កង្វះសារធាតុចិញ្ចឹមសំខាន់ៗបាន។

ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពទាំង៣យ៉ាងនៃការបរិភោគស៊ុតមាន់ជារៀងរាល់ថ្ងៃ៖

១. ប្រភពនៃប្រូតេអ៊ីន

ស៊ុត ស្ថិតក្នុងចំណោមនៃអាហារដែលសំបូរដោយប្រូតេអ៊ីន។ សារធាតុប្រូតេអ៊ីន ជាម៉ូលេគុលយ៉ាងសំខាន់មិនអាចខ្វះបាន សម្រាប់ការលូតលាស់  ការសាងសង់ រាល់ជាលិកា និងសរីរាង្គក្នុងខ្លួន រាប់ទាំងការផលិតអរម៉ូនសំខាន់ៗដើម្បីដំណើរការធម្មតានៃរាងកាយផងដែរ។

ស៊ុតមាន់មួយគ្រាប់ មានសារធាតុប្រូតេអ៊ីនរហូតដល់ ៦ក្រាមឯណោះ ពោលគឺ ការហូបស៊ុតមួយគ្រាប់ ទទួលបានថាមពលរហូតដល់ ៧៨កាឡូរី។

រូបតំណាង

២. សុខភាពបេះដូង

ស៊ុត ត្រូវបានគេសិក្សាឃើញថា វាសំបូរទៅដោយសារធាតុ Omega 3 ដែលជាប្រភេទអាស៊ីតខ្លាញ់មួយដ៏ល្អ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកំចាត់ចោល សារធាតុខ្លាញ់ ឬកូលេស្តេរ៉ុលមិនល្អ ដែលមាននៅតាមបណ្តោយសរសៃឈាម។

នេះជាកត្តាមួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង  ព្រោះជំងឺទាក់ទងនឹងបេះដូងមិនថាជំងឺគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាលក្តី សុទ្ធតែបង្កមកពីមូលហេតុចំបងតែមួយគត់ គឺសារធាតុខ្លាញ់មិនល្អ។

រូបតំណាង

៣. សុខភាពភ្នែក

ស៊ុត សំបូរទៅដោយសារធាតុពិសេសពីរប្រភេទដែលគេរកឃើញថាវា ប្រឆាំងនឹងសារធាតុពុល និង ប្រតិកម្មអុកស៊ីកកម្មដែលបណ្តាលឲ្យកោសិកាខូចខាត។ សារធាតុទាំងពីរនេះ ក៏មាននៅតាមកោសិកាភ្នែករបស់យើងដែរ  ដែលពួកវាដើរតួនាទីយ៉ាងសកម្មក្នុងការបង្ការភ្នែកពីឥទ្ធិពលអវិជ្ជមានមកពីកត្តាទាំងក្នុង និងក្រៅ។

ការបរិភោគស៊ុតជារៀងរាល់ថ្ងៃ នឹងបំពេញបន្ថែមសារធាតុទាំងពីរនេះ ដែលជួយការពារភ្នែករបស់យើងពីជំងឺភ្នែកជាច្រើនដូចជា ការឡើងបាយក្នុងប្រស្រីភ្នែកជាដើម។

ក្រៅពីនេះពងមាន់ក៏មានផ្ទុកវីតាមីនអា ដែលជាសារធាតុមិនអាចខ្វះបានសម្រាប់កោសិកាភ្នែកក្នុងការស្រូបយកពន្លឺ និងពណ៌។

រូបតំណាង

#សំគាល់៖

អ្នកដឹងទេថា ស៊ុតបើទោះបីជាវាសំបូរទៅដោយកាឡូរីក៏ដោយ ប៉ុន្តែវាផ្តល់ឲ្យយើងសុទ្ធកូលេស្តេរ៉ុលល្អៗតែប៉ុណ្ណោះដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលាងសម្អាតភាពកកស្ទះនៃសរសៃឈាមដែលបណ្តាលមកពីសារធាតុខ្លាញ់មិនល្អ។ ជាពិសេស ការសិក្សាស្រាវជ្រាវមួយបានឲ្យដឹងថា ការហូបស៊ុតលើសពី ៣គ្រាប់ក្នុងមួយថ្ងៃ ពុំមានទំនាក់ទំនងអវិជ្ជមានចំពោះសុខភាពឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]