អាល្លឺម៉ង់៖ ឪពុករបស់កីឡាករ Mesut Ozil បានជម្រុញឲ្យកូនខ្លួនឈប់បន្តលេងឲ្យជម្រើសជាតិទៀត ក្រោយពីរូបគេបានទទួលរងនូវការរិះគន់ពីគ្រប់ទិសទី ពេលអាល្លឺម៉ង់ធ្លាក់ពី World Cup។

អតីតខ្សែបម្រើរបស់ក្រុម Real Madrid រូបនេះបានត្រូវអ្នកគាំទ្ររិះគន់យ៉ាងចាស់ដៃ ក្រោយពីរូបគេមិនបានជួយឲ្យក្រុមឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ដោយចាញ់កូរ៉េខាងត្បូងយ៉ាងអាម៉ាស់មុខ នៅក្នុងប្រកួតដ៏សំខាន់ក្នុងពូល។

បន្ថែមពីលើនេះ ក្រោយពីការប្រកួតនោះបានបញ្ចប់ កីឡាករវ័យ២៩ឆ្នាំរូបនោះបានឈ្លោះជាមួយអ្នកគាំទ្រទៀតផង បណ្តាលឲ្យរូបគេកាន់តែរងការរិះគន់កាន់តែខ្លាំង។

កីឡាករ Ozil ពេលឈ្លោះជាមួយអ្នកគាំទ្រ

ខណៈនេះដែរ លោក Mustafa Ozil ដែលជាឪពុករបស់គេ បាននិយាយប្រាប់អ្នកសារព័ត៌មានថា បើលោកជា Ozil វិញ លោកនឹងឈប់បង្ហាញខ្លួនឲ្យជម្រើសជាតិអាល្លឺម៉ង់ទៀតហើយ ដោយសារតែការរិះគន់នេះវាពិបាកនឹងទទួលយកណាស់។

លោក Mustafa បានបន្តថា កូនរបស់លោកបានលេងនៅក្នុងជម្រើសជាតិជួយជម្រើសជាតិជាង៩ឆ្នាំមកហើយ មិនតែប៉ុណ្ណោះរូបគេបានជួយឲ្យជម្រើសជាតិឈ្នះពាន World Cup ទៀតផង ប៉ុន្តែរូបគេនៅតែទទួលរងការរិះគន់ធ្ងន់ធ្ងរជាងគេ។ 

កីឡាករ Ozil និងមិត្តរួមក្រុម

ឪពុករបស់ខ្សែបម្រើក្រុម Arsenal រូបនេះបានបន្តទៀតថា កូនរបស់លោកបានក្លាយទៅជាគោលដៅនៃការរិះគន់របស់អ្នកគាំទ្រទៅហើយ ដោយសារតែពេលអាល្លឺម៉ង់ឈ្នះ ពួកគេបានសរសើរអំពីការសហការណ៍ជាក្រុម ប៉ុន្តែដល់ជម្រើសជាតិចាញ់ ពួកគេបានបន្ទោសថា Ozil គឺជាហេតុផលដែលធ្វើឲ្យជម្រើសជាតិទាំងមូលបរាជ័យ។

ជាចុងក្រោយ លោក Mustafa បានទទូចសុំឲ្យអ្នកគាំទ្រមើល Ozil នៅក្នុងផ្លូវល្អខ្លះផង ដោយសាររូបគេបានលះបង់ជួយជម្រើសជាតិច្រើនណាស់ក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ។

កីឡាករ Ozil និងឪពុក លោក Mustafa

គួរឲ្យដឹងថា Mesut Ozil បានបង្ហាញខ្លួនឲ្យជម្រើសជាតិអាល្លឺម៉ង់បានចំនួន៩២ប្រកួត ដោយស៊ុតចូលបាន២៣គ្រាប់ ហើយក្នុងរយៈពេល៩ឆ្នាំនេះផងដែរ រូបគេបានជួយឲ្យក្រុមឈ្នះពាន World Cup ម្តងផងដែរ កាលពីឆ្នាំ២០១៤៕

កីឡាករ Ozil និងមិត្តរួមក្រុមពេលឈ្នះពាន World Cup

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]