លុយពិបាករកក៏ពិតមែន តែសេចក្តីនៅក្នុងជីវិតវារឹតតែពិបាករកទ្វេដងឯណោះ។ ដូច្នេះហើយបានជាមនុស្សមួយចំនួនមានលុយ មានឡាន មានផ្ទះ មានការងារល្អ និងមានអ្វីៗគ្រប់យ៉ាងទៅហើយនៅតែមិនសប្បាយចិត្ត និងមិនស្កប់ចិត្តទាល់តែសោះ ដោយសារអ្វី? នោះដោយសារតែជីវិតរបស់គេមិនទាន់អាចរកសេចក្តីសុខពិតប្រាកដឃើញនោះឯង។ តែធ្វើយ៉ាងណាទើបអាចធ្វើឱ្យជីវិតមនុស្សយើងមានក្តីសុខបាន?

ដូច្នេះហើយថ្ងៃនេះយើងនឹងលើកយកគន្លឹះមួយចំនួនដែលអាចឱ្យអ្នកមានសេចក្តីសុខជាងមុន ប្រសិនជាអ្នកចេះលះបង់ និងបញ្ឈប់ រាល់ទង្វើធំៗទាំង ២១យ៉ាងខាងក្រោមនេះ៖

១. ឈប់ចំណាយពេលអត់ប្រយោជន៍៖ ជីវិតមនុស្សយើងខ្លីណាស់ ហើយក៏មិនដឹងថាមាន១០ឆ្នាំប៉ុន្មានដងទៀតដែរ។ ដូច្នេះអ្នកត្រូវចំណាយពេលវេលាឱ្យមានតម្លៃបំផុត ធ្វើខ្លួនឱ្យមានក្តីសុខឱ្យអស់លទ្ធភាព ជាពិសេសចាកចេញពីមនុស្សដែលធ្វើឱ្យអ្នកឈឺចាប់ និងមនុស្សដែលមិនសាកសមនឹងចូលជីវិតរបស់អ្នកចុះ មិនថាជាមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់នោះទេ។

២.ឈប់គេចពីបញ្ហា៖ មិនថាអ្នកមាន ឬអ្នកក្រទេ អ្នកណាៗក៏ធ្លាប់ជួបប្រទះនឹងបញ្ហា និងការលំបាកដែរ ។ ដូច្នេះបើទោះបីជាមានបញ្ហាកើតឡើង កុំរត់គេចឱ្យសោះ ត្រូវរៀនធ្វើចិត្ត និងរៀនដោះស្រាយការលំបាកថ្ងៃនេះឱ្យរួចរាល់ នោះថ្ងៃខាងមុខអ្នកនឹងមានក្តីសុខជាងនេះជាមិនខាន។

៣.ឈប់កុហកខ្លួនឯង៖ ធ្វើជាមនុស្សត្រូវតែចេះស្មោះត្រង់ជាមួយនឹងមនុស្សគ្រប់រូប ជាពិសេសគឺខ្លួនឯង។ ដូចពាក្យគេថាកុហកអ្នកណាបាន តែរឿងកុហកខ្លួនឯងនេះពិបាកបន្តិចហើយ ព្រោះអ្នកជាមនុស្សតែម្នាក់ដែលដឹងពីខ្លួនឯងច្បាស់ ហើយការកុហកខ្លួនឯងនឹងធ្វើឱ្យសតិសម្បជញ្ញៈជេរស្តីអ្នកគ្រប់ពេលវេលាជាមិនខាន។

៤.ឈប់ដាក់គំនាបលើខ្លួនឯង៖ ធ្វើជាមនុស្សរឹងប៉ឹង និងធ្វើជាមនុស្សដែលមានសណ្តានចិត្តចេះជួយអ្នកដទៃជារឿងល្អ តែអ្នកគួរធ្វើវាឱ្យមានព្រំដែន និងត្រូវចេះស្រលាញ់ខ្លួនឯងដែរ។ កុំចេះតែលះបង់ ឬធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកដទៃច្រើនពេក ព្រោះវានឹងធ្វើឱ្យអ្នកឈឺចាប់បាន។

៥.ឈប់បង្ខំខ្លួនឯង៖ ទទួលស្គាល់នូវអ្វីដែលជាភាពពិតរបស់យើង កុំក្លែង កុំបន្លំ កុំបោកប្រាស់ខ្លួនឯង និងកែប្រែអ្វីដែលមិនមែនជាខ្លួនយើងឱ្យសោះ។ តែអ្នកត្រូវរៀនរស់នៅជាមួយនឹងចរិតពិតរបស់យើង ព្រោះអ្វីក៏ដោយបើធ្វើវាដោយបង្ខំ វាមិនអាចធ្វើឱ្យជីវិតរបស់អ្នកមានក្តីសុខបាននោះទេ។

រូបតំណាង ការមានក្តីសុខ

៦.បំភ្លេចអតីតកាល៖ អ្នកណាក៏មានអតីតកាលដែរ តែពេលនេះអ្នករស់នៅជាមួយបច្ចុប្បន្នទៅហើយ ដូច្នេះរឿងដែលកន្លងហួសទោះចង់កែប្រែក៏មិនអាចទៅរួចដែរ។ ដូច្នេះបំភ្លេច ឬឈប់គិតពីអតីត តែត្រូវតែយកបទពិសោធន៍នៃកំហុសឆ្គងពីមុន ដើម្បីកែប្រែជីវិតរបស់អ្នកក្នុងពេលបច្ចុប្បន្នឱ្យប្រសើរជាងនេះល្អជាង។

៧.ឈប់អង្គុយរង់ចាំ៖ ឈប់អង្គុយរង់ចាំ ឬគិតពីថ្ងៃអនាគតខ្លាំងពេកនាំតែស្មុគស្មាញចិត្ត ព្រោះវាជារឿងដែលមិនទាន់កើតឡើង ហើយអនាគតរបស់មនុស្សក៏មិនទៀងទាត់ដែរ។ ដូច្នេះរៀនច្នៃជីវិតរបស់អ្នកនៅក្នុងពេលនេះឱ្យមានសេចក្តីសុខ និងធ្វើរឿងល្អៗបំផុតឱ្យអស់លទ្ធភាពទៅបានហើយ។

៨.ឈប់បន្ទោសខ្លួនឯង៖អ្នកណាក៏មានកំហុសដែរ តែអ្វីដែលអ្នកត្រូវធ្វើនោះ គឺឈប់បន្ទោសខ្លួនឯង កែប្រែជាថ្មីព្រោះរឿងកន្លងហួសទៅហើយ ហើយអ្នកគួរតែយកបទពិសោធន៍មួយនេះទៅធ្វើឱ្យជីវិតជួបនឹងរឿងល្អជាងមុន ព្រមទាំងចៀសវាងបញ្ហាដែលធ្លាប់កើតមានផងដែរ។

៩.ឈប់រំពឹងក្តីសុខពីអ្នកដទៃ៖ ក្តីសុខក្នុងជីវិត គឺផ្តើមមុនដោយខ្លួនអ្នកផ្ទាល់ ព្រោះគ្មានអ្នកណាដែលអាចធ្វើឱ្យអ្នកមានក្តីសុខ និងចាំតែនៅក្បែរខ្លួនអ្នកគ្រប់ពេលរហូតនោះទេ ។ ដូច្នេះអ្នកគួរតែរៀនរស់នៅដោយខ្លួនឯង និងចេះធ្វើឱ្យខ្លួនឯងមានក្តីសុខជាមុនសិន នោះថ្ងៃក្រោយទោះមិនមានអ្នកណា ក៏អ្នកអាចរស់នៅបានដោយរីករាយបានដែរ។

១០.ឈប់ប្រើលុយទិញក្តីសុខ៖ បើទោះបីជាលុយអាចទិញអ្វីបានគ្រប់យ៉ាងក៏ពិតមែន តែជីវិត និងក្តីសុខមនុស្សម្នាក់ៗមានលុយប៉ុណ្ណាក៏មិនអាចទិញបានដែរ ឬវាអាចធ្វើឱ្យអ្នករីករាយបានត្រឹមតែមួយឆាវតែប៉ុណ្ណោះ។ ជាពិសេសនោះ រឿងខ្លះប្រើលុយក៏មិនអាចដោះស្រាយបញ្ហាអ្វីបានផងដែរ។ ដូច្នេះរៀនធ្វើឱ្យខ្លួនឯងមានក្តីសុខពិតៗ ដោយមិនបាច់យកលុយមកពាក់ព័ន្ធគឺជារឿងល្អបំផុត។

រូបតំណាង ការមានក្តីសុខ

១១.ឈប់រង់ចាំសំណាង៖ គ្មានម្រឹគ្គណាបោលចូលមាត់ខ្លាដែលកំពុងតែដេកនោះទេ វាប្រៀបបីដូចជាជីវិតមនុស្សអ៊ីចឹងដែរ ។ គ្មានអ្វីបានមកដោយស្រួលទេ ទាល់តែអ្នកធ្វើ ទាល់តែអ្នកបញ្ចេញសកម្មភាព និងប្រឹងប្រែងដើរឱ្យដល់គោលដៅដែលអ្នកប្រាថ្នាទើបទទួលបានជោគជ័យ ។ ដូច្នេះអ្វីៗ និងលទ្ធផលដែលទទួលបាន កើតឡើងមកពីចាប់ផ្តើមធ្វើវាជាមុនសិន។

១២.ឈប់ចង់ចាញ់ឈ្នះ ឬចង់ល្អឥតខ្ចោះ៖ គ្មានអ្នកណាកើតមកយកភាពល្អឥតខ្ចោះមកតាមនោះទេ ដូច្នេះអ្នកគួរតែរៀនប្រើជីវិតខ្លួនឯងឱ្យមានក្តីសុខតាមរបៀបអ្នក កុំចង់ចាញ់ឈ្នះ ឬប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃខ្លាំងពេក ហើយប្រឹងប្រែងតាមលទ្ធភាពដែលអ្នកអាចធ្វើបាន ដោយមិនប៉ះពាល់ដល់បុគ្គលផ្សេង។

១៣.ឈប់ច្រណែន៖ មនុស្សម្នាក់ៗមានជីវិតរៀងៗខ្លួន ដូច្នេះបើទោះបីជាឃើញអ្នកដទៃល្អជាងអ្នក ពូកែជាងអ្នក និងមានអ្វីៗប្រសើរជាងអ្នកក៏ដោយ អ្នកមិនបាច់ច្រណែន និងមិនបាច់អន់ចិត្តនោះទេ។ តែអ្នកគួរតែយកពេលវេលាដែលមានខំប្រឹងប្រែង តស៊ូ ជម្នះ ដើម្បីឱ្យជីវិតរបស់អ្នកមានភាពជោគជ័យដូចគេល្អជាង។

១៤.ឈប់កើតទុក្ខ៖ អ្នកណាដែលថាមិនធ្លាប់កើតទុក្ខ អ្នកណាដែលថាមិនធ្លាប់ប្រទះនឹងការឈឺចាប់ និងភាពបរាជ័យនោះ? តែរឿងហួសហើយសោកស្តាយមានន័យអ្វីទៅ? ដូច្នេះអ្នកគួរតែជូតទឹកភ្នែក ខាំមាត់សង្កត់ចិត្ត ញញឹមសារជាថ្មី ហើយក្រោកឡើង ធ្វើខ្លួនឱ្យរឹងមាំជម្នះបញ្ហា និងឧបសគ្គទើបជាការល្អ។

១៥.ឈប់ខឹង៖ គ្មានអ្នកណាដែលចិត្តព្រះអាចទប់កំហឹងបានទេ ហើយការអត់ទ្រាំក៏មានដែនកំនត់ដែរ។ តែប្រសិនជាអាចទប់បានក៏គួរតែទ្រាំ តែបើទ្រាំមិនបាន អ្នកអាចខឹងតែក៏មិនត្រូវគុំគួនក្នុងចិត្តយូរដែរ(សេចក្តីស្ងប់ល្អបំផុត) ព្រោះកំហឹងអាចរារាំងភាពជោគជ័យរបស់អ្នកបាន ហើយការមានកំហឹងអាចធ្វើឱ្យអ្នកមានគំនិតអវិជ្ជមានច្រើន ក្នុងចិត្តមានតែដុំភ្លើង ដូច្នេះអ្នកមិនអាចមានសេចក្តីសុខបាននោះទេ។

រូបតំណាង ការមានក្តីសុខ

១៦.ឈប់ខ្វល់សម្តីអ្នកដទៃ៖ ភាពពិតរបស់យើង មានតែយើងខ្លួនឯងទេដឹងច្បាស់នោះ ហើយការដែលខ្វល់ពីសម្តីមនុស្សជុំវិញពេកអាចបង្អាក់ភាពជោគជ័យ និងក្តីសុខរបស់អ្នកបាន។ ដូច្នេះអ្នកត្រូវរៀនជឿជាក់លើខ្លួនឯង ដោយប្រើការពិចារណាឱ្យបានដិតដល់ តែមិនមែនជាភាពអំនួតនោះទេ។

១៧.កុំភ្លេចថែសម្រស់៖ ភាពស្អាត និងភាពល្អនៅខាងក្រៅក៏ជាផ្នែកមួយដែលអាចធ្វើឱ្យអ្នកមានក្តីសុខដែរ។ ដូច្នេះរៀនស្រលាញ់ខ្លួនឯង កុំបណ្តោយឱ្យសម្រស់បាត់បង់តាមពេលវេលាឱ្យសោះ។ មនុស្សគ្រប់គ្នាចូលចិត្តមើលអ្នកស្អាតៗ ហើយពេលដែលអ្នកឃើញខ្លួនឯងស្អាតនឹងរឹតតែធ្វើឱ្យអ្នកចេះស្រលាញ់ខ្លួនឯងផងដែរ។

១៨.មិនបាច់លាក់អារម្មណ៍ខ្លួនឯង៖ ការដែលបង្ហាញពីអារម្មណ៍ឈឺចាប់ បរាជ័យ ខ្មាសអៀន ភ័យខ្លាច និងហត់នឿយពេលខ្លះវាមិនមែនជារឿងអាក្រក់ណាស់ណាទេ ព្រោះពេលយើងបានបញ្ចេញ ឬបាននិយាយចេញមកក្រៅយើងនឹងបានធូរចិត្តជាងមុន ហើយវាជាវិធីល្អជាងការលាក់ទុកការឈឺចាប់ និងកុហកថាខ្លួនឯងមិនអី។ តែកុំឈឺចាប់យូរពេក ត្រូវចាំថាប្រញាប់ក្រោកឈរឡើងវិញ និងឱ្យកម្លាំងចិត្តខ្លួនឯង។

១៩.ឈប់គិតច្រើន៖ ការគិតច្រើនពេក និងចេះតែខ្វល់រឿងផ្តេសផ្តាសអត់ប្រយោជន៍ ឬរឿងដែលមិនទាន់បានកើតឡើងនោះ វាជាកត្តាមួយដែលធ្វើឱ្យយើងមិនសប្បាយចិត្ត ហើយគ្មានក្តីសុខនៅក្នុងជីវិតបាន។ ដូច្នេះធ្វើរឿងដែលអាចធ្វើឱ្យខ្លួនសប្បាយចិត្តទៅបានហើយ រឿងថ្ងៃមុខចាំគិតបន្តទៅទៀត។

២០.ឈប់ទ្រអ្នកដទៃ៖ មនុស្សរស់នៅលើលោកនេះមានគេមានឯងមិនអាចរស់នៅតែម្នាក់ឯងបានទេ តែក៏មិនមែនឱ្យអ្នកចាំទ្រ ឬចាំយកចិត្តអ្នកដទៃជុំវិញខ្លួនពេកនោះដែរ។ ត្រូវចេះស្រលាញ់ខ្លួនឯងឱ្យបានច្រើនៗ មិនបាច់ខ្វល់ពីអ្នកណាច្រើនពេកទេបើគេមិនខ្វល់ពីយើងផង។ គ្រាន់តែគិតងាយៗបែបនេះអាចធ្វើឱ្យអ្នកមានក្តីសុខបានដែរ។

២១.ឈប់បន្ទោសអ្នកដទៃ៖ ម្រាមដៃដែលចង្អុលអ្នកដទៃ កុំភ្លេចថាម្រាមដៃដទៃបែរចង្អុលមករកខ្លួនអ្នកឱ្យសោះ។ នោះមានន័យថាគ្មានអ្នកណាល្អឥតខ្ចោះទេ ហើយគ្មានអ្នកណាដែលថាគ្មានកំហុសដែរ។ ដូច្នេះមិនថាអ្នកដទៃមានកំហុសយ៉ាងណាក៏ដោយ អ្នកគួរតែនិយាយគ្នាតាមសសម្រួល ឬជួយគ្នាដោះស្រាយបញ្ហាវិញល្អជាង ជាពិសេសគឺត្រូវចៀសវាងទម្លាក់កំហុសទៅអ្នកដទៃ៕  

រូបតំណាង ការមានក្តីសុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]