ថៃ៖ ពិតជាអបិយជំនឿដ៏ល្បីល្បាញ! ថៃជាប្រទេសដែលចាត់ទុកការកាត់សក់នៅថ្ងៃពុធជារឿងនាំស៊យ ហើយភ្លាមៗនេះ ប្រជាជនថៃក៏ចាប់ផ្តើមពិចារណាឡើងវិញពីលេខ ១៣ ដែរ។ ប៉ុន្តែរឿងទាំងនោះគ្មានអ្វីមហស្ចារ្យដូចសំឡេងសួរទាំងខំធ្វើចិត្តឱ្យត្រជាក់ របស់អ្នកសង្គ្រោះជនជាតិអង់គ្លេស ដែលទម្លុះភាពងងឹត ហើយសឹងតែស្ទាក់ស្ទើរក្នុងសំណួរថា “ក្មួយមានគ្នាប៉ុន្មាននាក់?...១៣? អស្ចារ្យណាស់!”។ 

វាជារឿងដែលធ្វើឱ្យមនុស្សជាច្រើនញញឹមទាំងទឹកភ្នែក ដោយក្តីរំភើបត្រេកអរឥតឧបមា និងដោយចិត្តមនុស្សធម៌ដែលមានក្នុងខ្លួនមនុស្សគ្រប់រូប ជាពិសេសឳពុកម្តាយក្មេងៗផ្ទាល់ និងអ្នកដែលមានកូនទើបយល់អារម្មណ៍នេះច្បាស់បំផុត។ 

ឳពុកម្តាយក្មេងៗជាប់ក្នុងរូងភ្នំ

ទោះយ៉ាងណា ពេលនេះបញ្ហាប្រឈមបន្ទាប់ គឺការសម្រេចចិត្តជ្រើសរើសវិធីនាំចេញមកក្រៅវិញ ថាតើគួរទុកក្មេងៗដែលមិនទាន់បាត់ភ័យខ្លាចស្រួលបួលផង ក្នុងរូងភ្នំដែលប្រៀបដូចជាគុកធម្មជាតិនេះ រហូតដល់ ៤ ខែ ទម្រាំដល់ទឹកស្រក? ឬក៏គួរនាំពួកគេចេញឆាប់ៗ?

បើតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងឧតុនិយមថៃ ខ្យល់មូសុង (ខ្យល់នាំទឹកភ្លៀង) នឹងបក់មកក្នុងប៉ុន្មានថ្ងៃបន្ទាប់ទៀត ដែលទំនងជាធ្វើឱ្យអាជ្ញាធរជ្រើសយកជម្រើសទីពីរ។  

ថ្វីបើក្រុមសង្គ្រោះបានពង្រាយបំពង់បូមទឹកសមត្ថភាពខ្ពស់ ដែលអាចបូមទឹកចេញរាប់លានលីត្រក្នុងមួយថ្ងៃ ក៏នៅមានការភ័យខ្លាចក្រែងកម្ពស់ទឹកអាចនឹងឡើងម្តងទៀត។ “យើងបារម្ភពីភ្លៀងដែលត្រូវបានព្យាករណ៍” នេះជាការលើកឡើងកាលពីយប់មិញរបស់លោក អានុពុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបន្ថែមថា “ក្មេងៗប្រហែលជាត្រូវហែលចេញមកក្រៅ។ មានន័យថាពួកគេនឹងត្រូវរៀនប្រើឧបករណ៍មុជទឹក ដើម្បីឱ្យអ្នកសង្គ្រោះអាចនាំផ្លូវពួកគេឆ្លងទឹកចេញមកបាន។”

លោក អានុពុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ

ស្តាប់ទៅដូចជាស្រួលទេ តែប្រតិបត្តិការពិតជាពិបាក។ សំខាន់គឺ គ្មានអ្នកណាចេះហែលទឹកឡើយ ក្នុងចំណោមក្មេងទាំងអស់នេះ ហើយផ្លូវក្នុងរូងយ៉ាងហោចជិត ២.៥ គីឡូម៉ែត្របានជន់លិច ដែលសូម្បីអ្នកមុជទឹកមានបទពិសោធន៍ខ្ពស់បំផុតក៏ត្រូវប្រើពេល ៤ ម៉ោង ដើម្បីទៅដល់ទីតាំងក្មេងៗដែរ។

លើសពីនេះទៀត ផ្លូវក្នុងរូងមានចំណុចតូចចង្អៀតប្រមាណ ៤០០ យ៉ាត (ឬ ៣៦៥ ម៉ែត្រ) ដែលពេលនេះបានលិចទឹកទាំងស្រុង ហើយបែកភក់ជ្រាំ និងងងឹតស្លុបតែម្តង ដែលអ្នកសង្គ្រោះរៀបរាប់ថា “វាដូចជាការហែលទឹកកាត់កាហ្វេត្រជាក់អីចឹង”។ រីឯចំណុចខ្លះទៀតមិនធំល្មមសម្រាប់មនុស្សដែលពាក់បំពង់ខ្យល់ទេ។ ដូច្នេះអ្នកមុជទឹកត្រូវដកបំពង់ចេញពីខ្នង រួចរុញទៅខាងមុខវិញ។

ផែនទីភូមិសាស្រ្តនៃរូងភ្នំ

យ៉ាងណាក៏ដោយ ពេលនេះសមាជិក ៧ រូប មកពីអង្គភាពជើងទឹកជាន់ខ្ពស់របស់ថៃ រួមទាំងគ្រូពេទ្យម្នាក់ និងអ្នកផ្តល់ប្រឹក្សាម្នាក់ បានទៅចូលរួមជាមួយក្មេងៗហើយ និងកំពុងជួយបំប៉នកម្លាំងពួកគេឡើងវិញ ដោយមានទឹក និងជែលប៉ូវកម្លាំង ដែលជាទូទៅប្រើដោយអត្តពលិកក្នុងដំណើរវែងឆ្ងាយ។

មកត្រឹមយប់មិញនេះ អាហាររបស់ពួកគេបានច្រើនជាងមុន ដោយមានបាយឆាក្នុងប្រអប់បិទជិត។ ខណៈផែនការតម្លើងប្រព័ន្ធទូរសព្ទក៏ត្រូវបានធ្វើឡើង ដើម្បីឱ្យពួកគេបាននិយាយឆ្លើយឆ្លងជាមួយគ្រួសារ។  

សមាជិកនៃអង្គភាពជើងទឹកជាន់ខ្ពស់ថៃ និង ក្មេងៗក្នុងរូងភ្នំ

អ្នកមុជទឹកជនជាតិប៊ែលហ្ស៊ិក ដែលមានមូលដ្ឋាននៅថៃ គឺលោក Ben Reymenants ដែលចូលរួមបេសកកម្មសង្គ្រោះដែរនោះបានព្រមានថា វាអាចជាការប្រណាំងជាមួយពេលវេលា ចំពោះអជ្ញាធរថៃ និង ក្មេងប្រុសៗទាំងនោះ។ លោកបន្ថែមថា៖ “ពួកគេមិនចេះហែលទឹក ដូច្នេះច្បាស់ណាស់គឺមិនចេះមុជទឹក។” ជម្រើសងាយបំផុតគឺបន្តបូមទឹកចេញពីរូង ដែលប្រហែលជាទឹកស្រក ១ ម៉ែត្រទៀត ពួកគេអាចពាក់អាវពោងរួចបណ្តែតខ្លួនចេញពីរូងបាន។ ប៉ុន្តែពេលវេលាមិនអំណោយផល ដោយព្យុះភ្លៀងនៅប៉ុន្មានថ្ងៃខាងមុខអាចបង្កជំនន់ពេញប្រព័ន្ធរូងភ្នំទាំងមូល។ 

សកម្មភាពបូមទឹកចេញពីរូង

ស្របពេលនេះដែរ ផែនការផ្តល់ផាសុខភាពត្រូវបានរៀបចំដើម្បីជួយដល់ក្មេងៗ។ ខ្សែបណ្តាញមុជទឹកត្រូវបានពង្រាយ ដើម្បីឱ្យសមាជិកក្រុមសង្គ្រោះផ្សេងទៀត អាចបន្តការជញ្ជូនអាហារ សម្លៀកបំពាក់ និងគ្រឿងបរិក្ខារពេទ្យ។

គួរឱ្យដឹងថា រាល់ផែនការឱ្យក្មេងៗដើរ និងហែលទឹកចេញពីរូង អាចប្រើពេល ៦ ម៉ោងសម្រាប់ក្មេងម្នាក់ ក្នុងករណីដែលគេមានកម្លាំងពេញ។ អ្វីដែលរឹតតែគួរឱ្យស្ញើចសរសើរទៀតនោះគឺ ស្ថានភាពផ្លូវចិត្តរបស់ពួកគេ ក្រោយជាប់ខ្លួន ៩ ថ្ងៃ ក្នុងទីងងឹតស្លុប គ្មានអាហារ តែឆន្ទៈចង់រស់របស់ពួកគេពិតជាមិនធម្មតា។

អ្នកមុជទឹកអង់គ្លេសទៅដល់មុនគេ Rick Stanton (ស្តាំ) និង John Volanthen (ឆ្វេង)

“ពួកគេមានឆន្ទៈ! គ្រួសារពួកគេមានឆន្ទៈដូចគ្នា។ អ្វីៗមានភាពល្អប្រសើរហើយ ម្សិលមិញនេះ។ ខ្ញុំចង់អោបក្មួយខ្ញុំ ខ្ញុំនឹកគេខ្លាំងណាស់! ក្នុងពេល ១០ ថ្ងៃនេះ តើប៉ុន្មានវិនាទីហើយដែលកន្លងផុតទៅ? ខ្ញុំនឹកក្មួយខ្ញុំគ្រប់វិនាទី។” នេះជាសម្តីដ៏រំជួលចិត្តរបស់អ្នកស្រី ថាំ ចន្ថាវង្ស ដែលជាម្តាយមីងរបស់គ្រូបង្វឹក។

មិនថាជម្រើសណាក៏ដោយ សូមជូនពរឱ្យពួកគេបានចេញផុតពីគុកងងឹតនេះដោយសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយរស់នៅជួបជុំសុខសប្បាយជាមួយគ្រួសារដែលកំពុងទន្ទឹងមើលផ្លូវឥតល្ហែល្ហើយវិញ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]