ភ្នំពេញ៖ មុននេះបន្តិចក្លិបបឹងកេតបានប្រកាសចែកផ្លូវគ្នាជាមួយអ្នកចាំទីដៃទី ១ រកីឡាករ ស៊ូ យ៉ាទី ក្រោយពីពួកគេចរចាលើកិច្ចសន្យាថ្មីមិនត្រូវគ្នា។

ស៊ូ យ៉ាទី

លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លិបបឹងកេត បានបង្ហាញពីអារម្មណ៍សោកស្ដាយផងដែរ ចំពោះការចែកផ្លូវគ្នាជាមួយ អ្នកចាំទីដៃស្អិតរូបនេះ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា កីឡាបាល់ទាត់គឺបែបនេះឯង។

លោកបានបន្ថែមថា៖ «យើងពិតជាមានការសោកស្ដាយណាស់ ចំពោះការចាកចេញរបស់កីឡាកររូបនេះ យើងបានព្យាយាមរក្សាគេ ឲ្យស្នាក់នៅបន្តទៅទៀតដែរ ប៉ុន្តែដោយសារតែការចរចាក្នុងកិច្ចសន្យាថ្មី គឺមិនអាចឈានដល់ការព្រមព្រៀងគ្នាបាន។ ដូច្នេះហើយ គឺយើងមានតែឲ្យគេចាកចេញតែប៉ុណ្ណោះ។ យើងអាចជួបការលំបាកមួយចំនួនផងដែរ ប៉ុន្តែពួកយើងនឹងព្យាយាម ស្វែងរកអ្នកចាំទីថ្មីដើម្បីមកជំនួសគេឡើងវិញ។ ខណៈដែលបច្ចុប្បន្ននេះ យើងមាន គឹម មករា ដែលគេបានបង្ហាញសមត្ថភាពគួរឱ្យសរសើរ ក្រោយពេលគេជំនួសភារកិច្ចរបស់ យ៉ា ទី ចំនួនបីបួនប្រកួតចុងក្រោយនេះ។ ក្រៅពីនេះយើងក៏នៅមាន អំ ចាន់នូ ម្នាក់ទៀតដែរ»។

ស៊ូ យ៉ាទី

គួរឲ្យដឹងផងដែរថា អ្នកចាំទីដៃទី ១ នៃក្រុមជម្រើសជាតិកម្ពុជារូបនេះ បានចូលរួមមួយក្លិបបឹងកេតក្នុងឆ្នាំ ២០១៥ ក្រោយពីរូបគេបាន បានផ្លាស់ពីក្រុមភ្នំពេញក្រោនរួចមក ហើយគេបានរួមចំណែកជួយក្លិបមួយនេះឲ្យឈ្នះជើងឯកមិត្តហ្វូនខេមបូឌានលីគរដូវកាល ២០១៦ និង ២០១៧ ផងដែរ។

សូមបញ្ជាក់ថា អតីតសមាជិកក្លិបបៀលប្រាយយូណាយធីត និង ក្រសួងការពារជាតិ រូបនេះ បានអវត្តមានក្រោយពីរូបគេ បានរងរបូសសាច់ដុំភ្លៅ អំឡុងពេលប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀងរួចមក។ ហើយចំពោះអនាគតរបស់កីឡាកររូបនេះវិញ គឺមិនទាន់ច្បាស់ការណ៍ ១០០ ភាគរយនោះទេ តែរូបគេអាចនឹងបន្តអាជីពបាល់ទាត់មួយនេះនៅក្រៅស្រុកច្រើន ប៉ុន្តែរូបគេត្រូវរងចាំរហូតដល់របួសជាសះស្បើយសិន ទើបអាចស្វែងរកក្លិបថ្មីបន្តទៀត៕ 

ស៊ូ យ៉ាទី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]