មាត់ ជាផ្នែកដំបូងគេបង្អស់នៃប្រព័ន្ធរំលាយអាហារ ដែលជាច្រកចូលនៃមេរោគគ្រប់ប្រភេទពីបរិយាកាសខាងក្រៅ។  ការឈឺធ្មេញ  អញ្ចាញចេញឈាម  ដង្ហើមមានក្លិនមិនល្អ  សុទ្ធតែជាកត្តាបង្ហាញពីភាពគ្មានអនាម័យមាត់ធ្មេញ។  មេរោគ ដែលមាននៅមាត់ ងាយនឹងជ្រាបចូលទៅក្នុងខ្លួនតាមរយៈសរសៃឈាមនៃកន្លែងដាច់រលាត់ចេញឈាមក្នុងមាត់។  មេរោគទាំងនេះ ដរាបណាវាចូលបានហើយ ពួកវាអាចបង្កជាហានិភ័យយ៉ាងខ្លាំងទៅដល់សុខភាពទូទៅរបស់យើង។

ខាងក្រោម​អ្នកនឹងបានដឹងអំពីជំងឺទាំង៥ប្រភេទ ដែលអ្នកអាចប្រឈម បើអ្នកខ្វះអនាម័យមាត់ធ្មេញ៖ 

១. ជំងឺប្រព័ន្ធរបត់ឈាម

ការខ្វះអនាម័យមាត់ធ្មេញ អាចបង្កើនហានិភ័យនៃការកើតជំងឺបេះដូង។  ជាក់ស្តែងអញ្ចាញដែលឡើងហើម រលាក ហើយងាយនឹងចេញឈាម វានឹងវិវឌ្ឍទៅរកជំងឺអញ្ចាញធ្មេញដែលជាជំរកនៃបាក់តេរីរាប់រយប្រភេទ។  ប្រសិនបើគ្មានការព្យាបាលទេនោះ បាក់តេរីនឹងឆ្លងចូលតាមសរសៃឈាម ហើយទៅទុំនៅតាមភ្នាសកោសិកាបេះដូង។  មេរោគទាំងនោះអាចបង្កក្លាយជាកំណក ប្រមូលជាដុំមួយក្នុងសរសៃឈាម ដែលធ្វើឲ្យស្ទះ និងប៉ះពាល់ដល់លំហូរឈាម។ ជាលទ្ធផល វាធ្វើឲ្យសម្ពាធឈាមកើនឡើង អាចបង្កឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល និងជាពិសេសកើតជំងឺសរសៃឈាមបេះដូងដែលអាចធ្វើឲ្យបេះដូងគាំងភ្លាមៗទៀតផង។

រូបតំណាង

២. ជំងឺប្រព័ន្ធប្រសាទ

មាត់ធ្មេញ ដែលពុំមានអនាម័យអាចផ្តល់ផលប៉ះពាល់ទៅដល់ខួរក្បាល។ សារធាតុពិសេសម្យ៉ាងដែលបញ្ចេញតាមរយៈសាច់អញ្ចាញធ្មេញ ដែលហើមរលាកដោយសារបាក់តេរី  វាអាចហូរតាមសរសៃឈាមទៅកាន់ខួរក្បាល។  វាអាចធ្វើឲ្យកោសិកាណឺរ៉ូនខួរក្បាលទទួលរងការខូចខាតដែលបណ្តាលឲ្យប៉ះពាល់ទៅដល់ការចងចាំយ៉ាងខ្លាំង។  ការសិក្សាស្រាវជ្រាវមួយបានបង្ហាញឲ្យឃើញថា ជំងឺអញ្ចាញធ្មេញក៏ជាដើមហេតុដែលបង្កទៅជាជំងឺវង្វេងវង្វាន់ផងដែរ។ 

រូបតំណាង

៣. ជំងឺប្រព័ន្ធដង្ហើម

ប្រព័ន្ធដង្ហើម ក៏អាចក្លាយជាសរីរាង្គរងគ្រោះពីបាក់តេរីដែលមានក្នុងមាត់ផងដែរ។ មាត់ធ្មេញ ដែលពុំមានអនាម័យអាចបង្កើតជាផ្លូវសំរាប់បាក់តេរីក្នុងមាត់ ចូលទៅសួតតាមរយៈការដកដង្ហើមចេញចូល។  ម្យ៉ាងវិញទៀត អញ្ចាញធ្មេញដែលមានឈាម ក៏បានបង្កើតជាច្រកសំរាប់បាក់តេរី តាមរយៈសរសៃឈាមដែលដឹកនាំមេរោគទៅកាន់សរីរាង្គសួត។  មិនថាវិធីមួយណាឡើយ សុទ្ធតែផ្តល់ផលអវិជ្ជមានទៅដល់ប្រព័ន្ធដង្ហើម ដោយវាអាចបង្កជាជំងឺជាច្រើនប្រភេទដូចជាជំងឺរលាកសួត ជំងឺរលាកទងសួត និងជំងឺមួយចំនួនទៀតទាក់ទងនឹងប្រព័ន្ធដង្ហើម។ 

ជំងឺសួត

៤. ជំងឺទឹកនោមផ្អែម

អ្នកមានដឹងទេថា អ្នកដែលមានកើតជំងឺទឹកនោមផ្អែម ងាយកើតជំងឺអញ្ចាញខ្លាំងជាងបុគ្គលដែលមានសុខភាពល្អ  ដោយសារបរិមាណជាតិស្ករដែលមានក្នុងឈាម បានក្លាយជាប្រភពចំណីអាហារសំរាប់ចិញ្ចឹមបាក់តេរីដែលមាននៅតាមអញ្ចាញធ្មេញ។ ផ្ទុយទៅវិញ តាមរយៈការស្រាវជ្រាវពីប្រទេសដាណាម៉ាក បានឲ្យដឹងថា អ្នកដែលកើតនៅជំងឺអញ្ចាញក៏អាចមានហានិភ័យនៃជំងឺទឹកនោមផ្អែមដែរ ព្រោះជំងឺអញ្ចញអាចធ្វើឲ្យប៉ះពាល់ទៅដល់ការគ្រប់គ្រងនៃបរិមាណជាតិស្ករក្នុងឈាម ដែលនឹងវិវឌ្ឍទៅរកជំងឺទឹកនោមផ្អែមដំណាក់កាលដំបូងប្រសិនបើគ្មានការរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលទេនោះ។ 

កម្រិតជាតិស្ករ

៥. ជំងឺមហារីក

យោងទៅតាមការសិក្សាស្រាវជ្រាវរយៈពេលយូរមួយ (ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០១២) ដែលបានសិក្សាទៅលើសំណាកចំនួន ៧៤៦៦នាក់ បានសន្និដ្ឋានថា វាមាននូវទំនាក់ទំនងយ៉ាងខ្លាំងរវាងជំងឺអញ្ចាញធ្មេញធ្ងន់ធ្ងរជាមួយនឹងជំងឺមហារីក។ គេបានរកឃើញថា ហានិភ័យនៃអ្នកជំងឺអញ្ចាញ ដែលអាចកើតជំងឺមហារីកសួត  ជំងឺមហារីកលំពែង  មហារីកតំរង់នោមជាដើម កើនឡើងពីចន្លោះ ២៤% ទៅ២៨%។ ដូច្នេះ ការអនុវត្តអនាម័យមាត់ធ្មេញជាប្រចាំ ដូចជាការដុសធ្មេញឲ្យបានទៀងទាត់រាល់ពេលបរិភោគអាហាររួច  ការមិនប្រើប្រាស់ថ្នាំជក់ជាដើម  នឹងជួយកាត់បន្ថយភាគរយនៃការកើតជំងឺមហារីកបាន៕

កោសិកាមហារីក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]