(ភ្នំពេញ)៖ ចោរឆក់ខ្សែកម្នាក់ ដែលកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន ចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់នោះត្រូវបាន លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរ បានសម្រេចដោះលែងឲ្យមានសេរីភាព ខណៈដែលបទល្មើសនេះតុលាការរកមិនឃើញភស្តុតាងដាក់បន្ទុក។ នេះបើតាមការឲ្យដឹងពីមន្ត្រីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ។

ការសម្រេចដោះលែង ជនត្រូវចោទឈ្មោះ គុន គីមជី ត្រូវបានលោកចៅក្រម អ៊ឹម វណ្ណៈ ធ្វើឡើងកាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ គីបន្ទាប់ពីលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង បានបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរ និងបានស្នើសុំឲ្យចៅក្រម ឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្ន។

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបថា កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា នគរបាលខណ្ឌចំការមន បាននាំខ្លួនជនត្រូវចោទឈ្មោះ គុន គីមជី ទៅឃុំខ្លួននៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីរង់ចាំ បន្តនីតិវិធី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះទៀត ប៉ុន្តែលោកចៅក្រម អ៊ឹម វណ្ណៈ បានបញ្ជាឲ្យសមត្ថកិច្ច ដឹកជនសង្ស័យមកតុលាការវិញទាំងយប់ ហើយព្រលប់ថ្ងៃដដែល ជនត្រូវចោទរូបនេះ ត្រូវបានគេដោះលែង។

លោកព្រះរាជអាជ្ញារង គង់ សំសារ៉េត ជាតំណាងអយ្យកាន់សំណុំរឿង បានបញ្ជាក់តាមទូរស័ព្ទថា លោកបានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ គុន គីមជី ភេទប្រុស ពីបទ លួច (ឆក់ខ្សែក) ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ៣៣៣ ផ្លូវ៤៨៤ កែងនឹងផ្លូវ១០១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ យោងតាមមាត្រា៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ។

លោក គង់ សំសារ៉េត ថា លោកបានបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរ និងបានស្នើសុំឲ្យចៅក្រម ឃុំខ្លួនជនត្រូវចោទ ជាបណ្តោះអាសន្ន ប៉ុន្តែលោកចៅក្រម អ៊ឹម វណ្ណៈ បានសម្រេចដោះលែងជនត្រូវចោទ ដោយដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការទៅវិញ លោកក៏មិនដឹងដែរ ព្រោះនេះជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ។

ចំពោះ ករណីដោះលែងជនត្រូវចោទជាចោរឆក់ខ្សែកខាងលើនេះ អង្គភាពព័ត៌មាន Fresh News នៅមិនទាន់អាចសុំការបញ្ជាក់ពីលោកចៅក្រម អ៊ឹម វណ្ណៈ បាននៅឡើយទេនៅថ្ងៃនេះ៕

ជនត្រូវចោទឈ្មោះ គុន គីមជី
ជនត្រូវចោទឈ្មោះ គុន គីមជី

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]