អ្នកវិទ្យាសាស្រ្តជឿថា មួយថ្ងៃនៃផែនដីនៅ ១.៤ពាន់លានឆ្នាំមុនមានត្រឹមតែប្រហែល ១៨ម៉ោងប៉ុណ្ណោះ ហើយតាមរយៈការសិក្សាថ្មីមួយ ពួកគេអះអាងថា ព្រះចន្ទ ជាអ្នកធ្វើឱ្យផែនដីវិលយឺតជាងមុន និងបង្កឱ្យរយៈពេលក្នុងមួយថ្ងៃនៃផែនដី កាន់តែយូរទៅៗបែបនេះ។

រូបតំណាងផែនដី
រូបតំណាងព្រះចន្ទ
រូបតំណាងផែនដី និងព្រះចន្ទ

តើគេបង្កើតទ្រឹស្តីនេះដោយសម្អាងលើអ្វី?

អ្នកស្រាវជ្រាវបានបង្កើតទ្រឹស្តីនេះ ដោយប្រើមធ្យោបាយដ៏គួរឱ្យចាប់អារម្មណ៍មួយគឺ “កាលប្រវត្តិតារាវិទ្យា”។ ជាមូលដ្ឋាន កាលប្រវត្តិតារាវិទ្យា ប្រើការអង្កេតតារាអំពីប្រព័ន្ធព្រះអាទិត្យ ព្រមទាំងភពនានា រួចបញ្ចូលជាមួយទិន្នន័យភូគព្ភសាស្ដ្រ និងការអង្កេតអំពីផែនដី។  ការធ្វើបែបនេះ អ្នកស្រាវជ្រាវអាចតាមដានទិន្នន័យតារាសាស្រ្តដែលខុសគ្នាកាលពីអតីតកាល។

រូបតំណាងប្រព័ន្ធព្រះអាទិត្យ

ទោះជាបច្ចុប្បន្ន គ្មានភស្តុតាងរឹងមាំបញ្ជាក់ថា ថ្ងៃនៃផែនដីពីមុនពិតជា ១៨ ម៉ោងក៏ពិតមែន ប៉ុន្តែអ្នកវិទ្យាសាស្រ្តជឿថា កម្លាំងទំនាញព្រះចន្ទមានអន្តរកម្មជាមួយកម្លាំងទំនាញផែនដី ដែលបង្កឱ្យល្បឿនវិលធ្លាក់ចុះដូចសព្វថ្ងៃ។ សាស្រ្តាចារ្យ Stephen Meyers មកពីសាកលវិទ្យាល័យ វិសខនស៊ីន-ម៉ាឌីសុន ដែលជាអ្នកស្រាវជ្រាវម្នាក់ ក្នុងក្រុមស្រាវជ្រាវនេះបាននិយាយថា “មហិច្ឆតាមួយក្នុងចំណោមមហិច្ឆតាជាច្រើនរបស់យើង គឺអាចប្រើកាលប្រវត្តិតារាវិទ្យា ដើម្បីប្រាប់ពីពេលវេលានៅអតីតកាលដ៏យូរលង់មកហើយ ក្នុងការបង្កើតមាត្រដ្ឋានភូគព្ភសាស្ដ្រដ៏ចំណាស់មួយ”។

សាស្រ្តាចារ្យ Stephen Meyers

យើងដឹងច្បាស់ថា ព្រះចន្ទរសាត់ចេញពីផែនដីក្នុងអត្រា ៣.៨១សង់ទីម៉ែត្រ/ឆ្នាំ ដែលពិតជាបង្កើតជាទំនាញ ដែលធ្វើឱ្យផែនដីវិលយឺតជាងមុន។ អ្នកស្រាវជ្រាវបានប្រើព័ត៌មាននេះដើម្បីវាស់ចម្ងាយ ទើបដឹងថាកាលពី ១.៤ពាន់លានឆ្នាំមុន ព្រះចន្ទនៅជិតផែនដីគួរសម។ ភាពនៅជិតគ្នាកាលនោះ ធ្វើឱ្យផែនដីវិលលឿនជាងនេះ ដោយក្នុងមួយជុំប្រើរយៈពេលប្រមាណ ១៨ ម៉ោងប៉ុណ្ណោះ។

រូបតំណាងនាឡិកាមានត្រឹម ១៨ ម៉ោង

ខណៈអ្នកវិទ្យាសាស្រ្តអាចយល់ និងស្រាវជ្រាវយ៉ាងម៉ត់ចត់ពីទ្រឹស្តីនេះ យើងអាចព្យាករណ៍ពីអ្វីដែលអាចកើតឡើងនាពេលអនាគតបាន។ ម្យ៉ាងទៀត ទ្រឹស្តីនេះក៏នាំឱ្យមានការចោទជាសំណួរថា ពីមុននៅជិតគ្នា ផែនដីវិលលឿន បច្ចុប្បន្នឆ្ងាយគ្នា ផែនដីវិលយឺត ចុះបើសិនគ្មានព្រះចន្ទ តើផែនដីនឹងឈប់វិលឬយ៉ាងណា?៕ 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]