ការធ្វើលំហាត់ប្រាណ បានក្លាយជាផ្នែកមួយនៃជីវិតយើងដ៏សំខាន់ សម្រាប់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។  ប៉ុន្តែមនុស្សមួយចំនួនធំ ពុំមានពេលវេលា ឬមិនបានចំណាយពេលវេលាសម្រាប់ការហាត់ប្រាណជាប្រចាំឡើយ។  ភាពអសកម្មទាំងនេះ នឹងងាយបង្កឲ្យប្រព័ន្ធភាពស៊ាំនៃរាងកាយធ្លាក់ចុះដោយពុំដឹងខ្លួន ពេលយើងអាយុកាន់តែច្រើនទៅ។  អ្នកមានដឹងទេថា ការដើរឲ្យបាន ៣០នាទីក្នុងមួយថ្ងៃ នឹងអាចផ្លាស់ប្តូរសុខភាពរាងកាយ និងអារម្មណ៍ស្មារតីទាំងស្រុង។

ដូច្នេះយើងមកដឹងពីគុណប្រយោជន៍ទាំង៤យ៉ាង ទទួលបានពីការដើរជារៀងរាល់ថ្ងៃ។

១. ប្រឆាំងនឹងជំងឺ

នៅពេលយើងអាយុកាន់តែច្រើនទៅ គុណភាពនៃប្រព័ន្ធការពាររាងកាយយើងទាំងមូលធ្លាក់ចុះ ដូចជាសរីរាង្គ ប្រព័ន្ធភាពស៊ាំជាដើម ដែលវាជាកត្តាបង្កឲ្យយើងងាយឆ្លង និងវិវឌ្ឍនៅរកជំងឺផ្សេងៗ។

យើងមានវិធីសាស្ត្រមួយចំនួនដើម្បីការពារ និងប្រឆាំងជាមួយជំងឺ។ នោះគឺការដើរ ដែលជាជម្រើសមួយដ៏ល្អ និងងាយស្រួលណាស់។  វាជួយដល់ប្រព័ន្ធដង្ហើម ប្រព័ន្ធសរសៃប្រសាទ បំប៉នកោសិកាប្រសាទ  ឈាមសំបូរដោយសារធាតុចិញ្ចឹម  កាត់បន្ថយជំងឺវង្វេងវង្វាន់  និងការពារពីជំងឺទឹកនោមផ្អែមទៀតផង។

រូបតំណាង

២. ជំរុញសុខភាពបេះដូង

ពេលយើងដើរ វាបានភ្ញោចប្រព័ន្ធសរសៃប្រសាទឲ្យបង្កើនចង្វាក់បេះដូងខ្លាំងជាងមុនដើម្បីនាំយកអុកស៊ីសែន និងប្រភពនៃថាមពលទៅផ្តល់ដល់គ្រប់កោសិកាទាំងអស់នៃរាងកាយរាល់វិនាទី។  ជាពិសេស វាជាកត្តាជំរុញឲ្យសាច់ដុំឆ្នូតរបស់បេះដូងមានភាពរឹងមាំ ធ្វើឲ្យសរសៃឈាមមានភាពស្វិតរីករួមបានល្អ។  ក្រៅពីនេះការដើរជារៀងរាល់ថ្ងៃ ជួយដល់ការកាត់បន្ថយកូលេស្រ្តូរ៉ុលមិនល្អដែលនៅតាមបណ្តោយសរសៃឈាម និងជួយបង្កើនកូលេស្ត្រូរ៉ុលដែលល្អសម្រាប់សុខភាព ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង  និងជំងឺដាច់សរសៃឈមខួរក្បាលជាដើម។

រូបតំណាង

៣. ជួយសម្រកទម្ងន់

គ្មានការធ្វើលំហាត់ប្រាណមួយណា ដែលអាចធ្វើឲ្យស្រកទំងន់ក្នុងរយៈពេលមួយយប់ឡើយ។  វាទាមទារឲ្យមានការអនុវត្តជាប្រចាំ ទើបយើងអាចទទួលបាន លទ្ធផលដែលយើងចង់បាន។  ដូចគ្នានេះ ការដើរត្រឹមតែ ៣០នាទី អាចដុតកាឡូរីរហូតដល់ទៅ ២០០ និងច្រើនជាងនេះទៀតទៅតាមល្បឿននៃការដើរ។  វាជួយដុតថាមពលដែលនៅសល់ពីចំណីអាហារយើងបរិភោគ ហើយកាត់បន្ថយបរិមាណខ្លាញ់ដែលមានក្នុងខ្លួនយើង ដែលសុទ្ធសឹងតែជាកត្តាចំបងនៃការឡើងទម្ងន់។

រូបតំណាង

៤. បង្កើននូវថាមពល

ការដើរមិនត្រឹមតែជួយកាត់សារជាតិខ្លាញ់ និងកូលេស្ត្រូរ៉ុលនោះទេ  វាថែមទាំងជាសកម្មភាពដ៏ងាយស្រួលមួយ ជួយបង្កើនថាមពលសម្រាប់រាងកាយយើងទៀតផង។ ការដើរបានជួយបង្កើនកោសិកាសាច់ដុំ ធ្វើឲ្យវាខ្លាំង និងធន់ជាងមុន។  ម៉្យាងវិញទៀត ការហាត់ប្រាណ ជួយបង្កើនបរិមាណអុកស៊ីសែនដល់កោសិកា ដែលវាត្រូវការរាល់វិនាទី​ ដើម្បីធ្វើសកម្មភាពមេតាបូលីសក្នុងខ្លួនយើង។  កត្តាទាំងនេះនឹងផ្តល់ឲ្យយើងនូវថាមពល ដែលធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយ  មិនអស់កម្លាំង  និងសមត្ថភាពក្នុងការគិតពិចារណាខ្ពស់៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]