អង់គ្លេស៖ ហេតុតែដើម្បីមិនចង់ឲ្យប្រឡាក់រ៉ូបដ៏ស្រស់ស្អាត នៅក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន កូនក្រមុំដែលឈឺពោះបត់ជើងចូលបន្ទប់ទឹក មានគំនិតច្នៃប្រឌិត កាត់គូទថង់យួរដៃយកមកស្លៀកក្រសោបរ៉ូបឡើងលើ ឃើញហើយហួសចិត្ត តែបែរជាទទួលបានការសរសើរខ្លាំង។

នារីជាកូនក្រមុំមិនត្រូវបានគេបញ្ចេញឈ្មោះខាងលើនេះ ត្រូវបានគេដឹងថា មកពី North Yorkshire ប្រទេសអង់គ្លេស បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គមកាលពីថ្មីៗនេះ បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹករបស់នាងនៅក្នុងបន្ទប់ទឹក ត្រូវបានគេយកទៅបង្ហោះចែកចាយ ដោយម្ចាស់គណនីមួយឈ្មោះ DJ Sweeby ។

ជាការពិតណាស់ តាមរយៈរូបភាពនោះ គឺបានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់នារីជាកូនក្រមុំ ដែលកំពុងតែអង្គុយបន្ទោបង់ក្នុងបន្ទប់ទឹក ដោយប្រើថង់យួរដៃកាត់គូទ ឬបាត (ថង់សម្រាប់ដាក់ទំនិញផ្សេងៗ) រួចយកមកស្លៀកដើម្បីជួយក្រសោបរ៉ូបរបស់នាងឡើង ចៀសវាងកុំឲ្យធ្លាក់ប្រឡាក់ ឬរញ៉េរញ៉ៃ។

បើទោះបីជាយ៉ាងណាក្តី កូនក្រមុំត្រូវបានគេដឹង និយាយបែបនេះថា ថ្វីត្បិតតែនេះជារឿងមួយរាងអាក្រក់បន្តិចមែន ប៉ុន្តែនាងធ្វើបែបនេះ គឺដើម្បីជាភាពងាយស្រួលមួយសម្រាប់ខ្លួនឯង ជាពិសេស នៅក្នុងថ្ងៃរៀបការរបស់នាងតែប៉ុណ្ណោះ។ ព្រោះវាមិនមែនជារឿងងាយស្រួលឯណា គ្មាននរណាគេមកចាំជួយមើលយើងរហូតនោះទេ។ បើចូលបន្ទប់ទឹកបានដៃឯណាកាន់រ៉ូបផង និងបានដៃឯណាទាញក្រណាត់យកមកជូតនោះ។ ដូច្នេះមានតែច្នៃធ្វើបែបនេះទុកជាមុន ទើបជាការប្រសើរ។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីរូបភាពទាំងអស់នេះ ត្រូវបានបង្ហោះចែកចាយ ក្នុងនោះអ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានបញ្ចេញមតិកោតសរសើរចំពោះការចេះរកនឹកឃើញ របស់កូនក្រមុំខាងលើនេះ ដោយលើកឡើងថា វាអាចជាដំបូន្មានមួយដ៏ល្អ សម្រាប់អនាគតកូនក្រមុំដទៃទៀត ខណៈឯអ្នកខ្លះក៏បានបញ្ចេញមតិបែបលេងសើច ឬសើចចំអកទៅលើនាងផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖  

កូនក្រមុំច្នៃថង់យកមកស្លៀក
កូនក្រមុំច្នៃថង់យកមកស្លៀក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]