តាមពិតទៅអាហារពេលយប់ ត្រូវបរិភោគក្នុងបរិមាណមួយដែលតិចជាងអាហារព្រឹកនិងថ្ងៃ  ព្រោះបរិមាណនិងអាហារូបត្ថម្ភដែលយើងបរិភោគនៅពេលយប់មុនចូលដេកនោះ នឹងអាចមានឥទ្ធិពលទៅលើគុណភាពនៃការដេក  ប្រព័ន្ធរំលាយអាហារ   ជាពិសេសថាមពលរាងកាយ​ និងខួរក្បាលនៅពេលងើបពីដេក។ ប៉ុន្តែមនុស្សភាគច្រើនពុំបានដឹងអំពីប្រភេទអាហារ និងបរិមាណដែលគួរបរិភោគសំរាប់អាហារពេលល្ងាចឡើយ។

ដូច្នេះខាងក្រោមនេះ យើងនឹងណែនាំមិត្តអ្នកអាននូវអាហារ៥ប្រភេទ ដែលអ្នកគួរចៀសវាងនៅពេលយប់ ដើម្បីសុខភាពទូទៅរបស់អ្នក៖

១. ការ៉េម

បើទោះបីជាការញុំាការ៉េមធ្វើឲ្យរីករាយ និងឆ្ងាញ់ក៏ដោយ ការ៉េមសំបូរដោយជាតិខ្លាញ់ឆ្អែតដែលមិនល្អ  ស្ករ  និងសារធាតុបន្ថែមក្នុងនោះមួយចំនួនទៀត ដែលសុទ្ធសឹងតែជះឥទ្ធិពលដល់ទម្ងន់ និងគុណភាពនៃការដេករបស់យើង។ ការហូបការ៉េមនៅពេលយប់ អាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ដោយសារការច្រាលជាតិអាស៊ីតពីក្រពះឡើងមកតាមបំពង់អាហារ។  ការញ៊ាំការ៉េមក៏អាចប៉ះពាល់ដល់ដំណើរការខួរក្បាលនៅពេលសំរាកដោយសារកំរិតជាតិស្ករដែលឡើងក្នុងឈាមយើងខ្ពស់។

រូបតំណាង

២. ឈីស

ការបរិភោគឈីសនៅពេលព្រឹក ឬថ្ងៃ ពុំសូវមានផលប៉ះពាល់ទេ  តែការបរិភោគនៅពេលយប់ ត្រូវចៀសវាងជាដាច់ខាត។  អាហារប្រភេទនេះអាចប៉ះពាល់ដល់ដំណើរការខួរក្បាលប្រព័ន្ធរំលាយអាហារ និងគុណភាពនៃការដេកយើងយ៉ាងខ្លាំង។

ឈីសមានផ្ទុកនូវប្រភេទអាស៊ីតអាមីណូដែលអាចកាត់បន្ថយអរម៉ូនដ៏សំខាន់មួយប្រភេទដែលមានសារៈសំខាន់ក្នុងការគ្រប់គ្រងវដ្តនៃការដេក។  ម្យ៉ាងវិញទៀត ខ្លាញ់ឈីស អាចធ្វើឲ្យពិបាកដល់ដំណើរការនៃការរំលាយអាហារ និងអាចបណ្តាលឲ្យមានប្រតិកម្មដែលអាចឲ្យរលាកក្រពះទៀតផង។

រូបតំណាង

៣. គ្រឿងហឹរ

ការញ៊ាំទឹកជ្រលក់ ឬគ្រឿងហឹរទាំងឡាយនៅពេលដទៃទៀតក្រៅតែពីពេលយប់ គឺពុំប៉ះពាល់ឡើយ។  ប៉ុន្តែការហូបនៅពេលយប់មុនចូលដេក អាចធ្វើឲ្យជាតិអាស៊ីតច្រាលចេញមកក្រៅ  ធ្វើឲ្យក្រហាយពោះ  និងអាចបណ្តាលឲ្យរលាកក្រពះទៀតផង។

រូបតំណាង

៤. ផ្កាស្ពៃ(ស)

បន្លែរុក្ខជាតិមួយនេះ សំបូរទៅដោយវិតាមីនជាច្រើនប្រភេទដែលជួយដល់សុខភាពខួរក្បាលដូចជាពង្រឹងនៅសមត្ថភាពខួរក្បាល និងអារម្មណ៍។  ផ្ទុយទៅវិញ ការហូបផ្កាស្ពៃនៅពេលយប់ អាចមានផលប៉ះពាល់ទៅដល់ការរំលាយអាហារ និង ដំណើរការខួរក្បាលរបស់អ្នក។  លើសពីនេះ វាជាប្រភពអាហារដែលសំបូរថាមពល ដូច្នេះវាអាចធ្វើឲ្យអ្នកពិបាកក្នុងដេក និងអាចវិវឌ្ឍទៅជាជំងឺដេកមិនលក់ បើហូបវាជាប្រចាំ។ 

រូបតំណាង

៥. អាហារចេញពីរោងចក្រ

អាហារសាច់ដែលឆ្លងកាត់ការវេចខ្ចប់ពីរោងចក្រ សំបូរទៅដោយខ្លាញ់ ប្រូតេអ៊ីន កាឡូរី និងមានបន្ថែមសារធាតុដទៃទៀត ដែលធ្វើឲ្យប្រព័ន្ធរំលាយអាហារពិបាកក្នុងការបំបែកអាហារ និងធ្វើឲ្យមានបញ្ហាដល់ការដេក។

ដោយសារវាសំបូរដោយកាឡូរី  ទើបការហូបអាហារប្រភេទនេះពេលយប់ធ្វើឲ្យថាមពលនៅសល់ច្រើន  បំលែងទៅជាខ្លាញ់ស្តុកទុកដែលបណ្តាលឲ្យកើតជំងឺធាត់និងកាត់បន្ថយសកម្មភាពមេតាប៉ូលីស៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]